ព័ត៌មានជាតិ

ប្រព័ន្ធចុះបញ្ជីអាជីវកម្មថ្មីបង្ហាញថា រាជរដ្ឋាភិបាលមិន បន្ថយល្បឿនការងារ កែទម្រង់របស់ខ្លួន ទោះបីកម្ពុជាជួបវិបត្តិកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បង្ហាញយ៉ាងច្បាស់ថា ទោះបីជាកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងតែបន្ដទទួលរងផល ប៉ះពាល់ពីជំងឺ កូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា មិនបាន បន្ថយល្បឿន នៃការងារកែទម្រង់របស់ខ្លួន។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឲ្យដំណើរការ «ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន» នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួង សេដ្ឋកិច្ច នៅថ្ងៃទី១៥ មិថុនាថា ប្រព័ន្ធចុះបញ្ជីអាជីវ កម្មថ្មីនេះ នឹងផ្ដល់ឱកាសដ៏សំខាន់មួយទៀត ដល់ធុរជនកំពុងស្វែងរក ឯកសារគតិយុត្តកំណត់អត្តសញ្ញាណ អាជីវកម្មរបស់ខ្លួនដើម្បីពន្លឿន និងទទួលបាន ឥណ ទានពីកម្មវិធីហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាល ក្នុងវិធានការជួយវិស័យឯកជន ដែលទទួលរងផល ប៉ះពាល់ពីការរីករាលដាល នៃជំងឺកូវីដ-១៩។

ពិធីប្រកាសដាក់ដំណើរការ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាល បច្ចេកវិទ្យាព័ត៌មាននាពេលនេះគ្រាន់តែជា ដំណាក់កាលទី១ ដែលផ្ដោតជាសំខាន់លើការ ចុះបញ្ជីអាជីវកម្មថ្មីតែប៉ុណ្ណោះ។ នៅក្នុងដំណាក់កាលបន្ទាប់ រាជរដ្ឋាភិបាលនឹងបន្តពង្រីក វិសាលភាពនៃប្រព័ន្ធនេះ ឈានទៅគ្របដណ្តប់ដល់គ្រប់ ក្រសួង-ស្ថាប័នផ្សេងទៀត ដើម្បីរៀបចំការផ្តល់ អាជ្ញាបណ្ណនានា តាមថ្នាលបច្ចេកវិទ្យាព័ត៌មានថែមទៀត។

ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា «លទ្ធផលនៃការកសាងប្រព័ន្ធនេះ បានបង្ហាញយ៉ាងច្បាស់ថា ទោះបីជាកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងតែបន្ដទទួលរងផល ប៉ះពាល់ពីជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃ ចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកនិយមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនបានបន្ថយ ល្បឿននៃការងារកែ ទម្រង់របស់ខ្លួនទេ»។

ក្រសួងសេដ្ឋកិច្ច បន្ដថា ផ្ទុយទៅវិញ រាជរដ្ឋាភិបាល បានចាត់ទុកកាលៈទេសៈនៃវិបត្តិនេះ គឺជាកាលានុវត្តភាពសម្រាប់ កិច្ចការកែទម្រង់មុតស្រួចឲ្យកាន់តែ សកម្មឡើងថែមទៀត ដើម្បីឆ្លើយតបទៅនឹងវិបត្តិផង និងសំលៀងសម្រួចភាព ប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ សំដៅជំរុញ ធ្វើពិពិធកម្មមូលដ្ឋាន នៃកំណើន និង គាំទ្រដល់កំណើនប្រកបដោយ ចីរភាពសម្រាប់ រយៈពេលវែងផង។

សូមរំលឹកថា ចាប់ពីថ្ងៃ១៥ មិថុនា ធុរជនអាចចុះបញ្ជី អាជីវកម្មថ្មីបាន តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ជាកញ្ចប់ ដែលមានអាសយដ្ឋាន www.registrationservices.gov.kh ដូចជា ការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ និងការធ្វើសេចក្តីប្រកាសផ្តល់ដំណឹង បើកសហគ្រាសជូនទៅក្រសួងការងារ ក្នុងពេលតែមួយ និងត្រូវការពេលវេលាយ៉ាងយូរត្រឹម ៨ថ្ងៃ នៃថ្ងៃធ្វើការប៉ុណ្ណោះ ជាមួយ នឹងការចំណាយតិចជាងមុន រហូតជាងពាក់កណ្ដាល។

ទន្ទឹមនឹងនេះវិនិយោគិន អាចស្នើសុំចុះបញ្ជីគម្រោង វិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ (QIP) តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នេះផងដែរ នៅក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ៕

ដោយ៖ អេង ប៊ូឆេង

To Top