ព័ត៌មានជាតិ

កម្ពុជា បន្តយកចិត្តទុកដាក់ ផ្តល់កិច្ចគាំពារ ដល់ពលរដ្ឋខ្មែរ នៅបរទេស

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានតំណាងកម្ពុជា នៅក្រៅបរទេស តែងតែផ្តោតការយកចិត្តទុកដាក់ ក្នុងការសម្របសម្រួល ផ្តល់កិច្ចគាំពារ និងជួយឧបត្ថម្ភដល់ ពលរដ្ឋខ្មែរនៅបរទេស ជាពិសេសនៅក្នុងកាលៈទេសៈ នៃការរីករាលដាលនៃជម្ងឺកូវីដ១៩។

ចាប់តាំងពីមានការផ្ទុះ រាលដាលនៃជម្ងឺកូវីដ១៩មក គិតត្រឹមចុងខែឧសភា ឆ្នាំ២០២០ ស្ថានទូតកម្ពុជាបានផ្តល់ ការឧបត្ថម្ភម៉ាសអាល់កុល គ្រឿងឧបភោគបរិភោគ និងថវិកា ដោយផ្ទាល់ និងតាមរយៈការសហការ ជាមួយសប្បុរសជននានា ជូនដល់ពលរដ្ឋខ្មែរជាពិសេស ពលករពលការិនី និងនិស្សិតខ្មែរនៅបរទេស ចំនួនប្រមាណជាង ២០.០០០នាក់ ដែលរួមមាន នៅក្នុងប្រទេសថៃ (ប្រមាណជាង៥.០០០ នាក់សាធារណរដ្ឋកូរ៉េ (ប្រមាណជាង៥.០០០នាក់ប្រទេសម៉ាឡេស៊ី (ចំនួន២.១៤៥គ្រួសារប្រទេសជប៉ុន (ចំនួន១.២៨៩នាក់អេហ្ស៊ីប (ចំនួន១១០នាក់សិង្ហបុរី (ចំនួន៥៤នាក់ប្រទេសវៀតណាម (ចំនួន៥១នាក់និងនៅប្រទេសដទៃទៀតផងដែរ។

នៅក្នុងស្មារតីប្រហាក់ប្រហែលគ្នានេះ ពេញមួយខែឧសភាកន្លងទៅ ស្ថានទូតបានបន្ត ធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងរៀបចំមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសារការជួញដូរ មនុស្ស និងការរំលោភបំពាន ផ្សេងៗផ្នែកការងារនៅបរទេស បានចំនួន៣៩២នាក់ មកពីប្រទេសថៃ វៀតណាម និងចិន៕

To Top