ភ្នំពេញ យុវជនម្នាក់ ទើបតែនឹងចេញពីមណ្ឌលកែប្រែ មិនទាន់បានមួយថ្ងៃផង ស្រាប់តែឡើងលើផ្ទះប្រជាពលរដ្ឋ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែមិនបានសម្រេច បានរបូតដៃ ធ្លាក់បាក់កស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមិថុនាឆ្នាំ ២០២០ ស្ថិតនៅតាមផ្លូវបេតុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆន ណាវិន អាយុ ១៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឬស្សីទី ៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បានប្រាប់ក្រុមការងារយើងឱ្យដឹងថា កាលវេលាម៉ោង១កណ្ដាលអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមិថុនា ពួកគាត់កំពុងតែលង់លក់ ស្រាប់តែលឺសម្លេងក្ដួក ពេលនោះគាត់ក៏បាននាំគ្នា ចេញមកមើល ឃើញបុរសដេកផ្កាប់មុខ ស្លាប់នៅកន្លែងកើតហេតុ ពួកគាត់នឹកថា ជនសង្ស័យបានឡើង លើដំបូលផ្ទះ របស់ប្រជាពលរដ្ឋប៉ុនប៉ង លួចទ្រព្យសម្បត្តិ ហើយក៏រអិលធ្លាក់ ព្រោះអីនៅម្ដុំកន្លែងនោះ ឧស្សាហ៍មានបាត់ដូចជាម៉ូតូ និងទូរស័ព្ទដៃ ជាច្រើនលើកមកហើយ រួចក៏បានរាយការណ៍ ទៅសមត្ថកិច្ច នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ដើម្បីចុះមកពិនិត្យសាកសព រកមូលហេតុច្បាស់លាស់ ។
បើតាមសម្ដី របស់ឪពុកជនរងគ្រោះ បានប្រាប់ឲ្យដឹងថា កូនប្រុសរបស់គាត់ ជាជនរងគ្រោះ ទើបតែចេញពីមណ្ឌលកែប្រែឱកាសខ្ញុំ កាលនៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២០ ពេលមកដល់ផ្ទះភ្លាម ឪពុកម្ដាយក៏បានរៀបចំកន្លែង ឲ្យកូនដេក ស្រាប់តែកូនបានចេញពីផ្ទះបាត់ រហូតដល់ម៉ោងកើតហេតុ ក៏មានប្រជាពលរដ្ឋ បានទៅប្រាប់គាត់ថា កូនប្រុស របស់គាត់ បានធ្លាក់ពីលើដំបូលផ្ទះស្លាប់ ពេលនោះគាត់ក៏បានមកដល់កន្លែងកើតហេតុ បានឃើញកូនប្រុសរបស់គាត់ បានដេកប្រកាប់មុខស្លាប់ ពិតប្រាកដមែន ។ ឪពុករងគ្រោះមិនបានប្ដឹងផ្ដល់អ្វីទេ ដឹងថា កូនប្រុសគាត់ជាមនុស្សធ្លាប់ប្រើគ្រឿងញៀន បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ តែសំខាន់មិនមានលុយ កាក់សំរាប់ធ្វើបុណ្យ ស្នើសុំអោយអាជ្ញាធរ ជួយរាល់ការបូជាសព កូនប្រុសគាត់ផង ។
លុះដល់ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញ កោសល្យវិច្ច័យខណ្ឌមានជ័យ ក៏បានសហការជាមួយ សមត្ថកិច្ច កោសលវិច័្ចយ ស្នងការដ្ឋាន រាជធានីភ្នំពេញ បានចុះមកពិនិត្យសាកសព ទើបដឹងឲ្យដឹងថា សពជនរងគ្រោះពិតជាបានស្លាប់ ដោយសារធ្លាក់ពីទីខ្ពស់កំពស់ និងបានធ្វើលិខិត ប្រគល់សព ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ក្នុងនោះដោយអាជ្ញាធរ ប្រមូលថវិការ ជួយបុរសជាឪពុកហៅរថយន្តដឹកសព យកវត្តសន្សំកុសលដើម្បីបូជាសព ៕