ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា រយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី១-២០ ខែមិថុនា ឆ្នាំ២០២០
ការរឹតបន្ដឹងច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក មានមធ្យោបាយសរុប ចំនួន២៣.០៩៦គ្រឿង ល្មើសច្បាប់ ក្នុងនោះមានម៉ូតូ ចំនួន១៧១៦៦គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យ លេខ៣៩ នៅទូទាំងប្រទេស។
របាយការណ៍ដដែល បានវាយតម្លៃថា រយៈពេល២០ថ្ងៃ នៃខែមិថុនានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ។
ដោយឡែក ការរឹតបន្ដឹងច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ នគរបាលផាកពិន័យយានយន្ដល្មេីសច្បាប់ សរុបចំនួន៩៥៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន៦៦១ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស៕