ព័ត៌មានជាតិ

សម្ដេចតេជោបង្ហើបថា ក្នុងជួរគណបក្សប្រជាជនកម្ពុជា មានបេក្ខជននាយករដ្ឋមន្រ្តី ច្រើនណាស់មិនមែនមានតែលោក ហ៊ុន ម៉ាណែត ម្នាក់ទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហើបឲ្យដឹងថា នៅក្នុងជួរគណបក្ស ប្រជាជនកម្ពុជាសព្វថ្ងៃនះ មានបេក្ខជនច្រើនណាស់ សម្រាកជ្រើសរើសជានាយករដ្ឋមន្ដ្រី មិនមែនមានតែលោក ហ៊ុន ម៉ាណែត ប្រធានយុវជន គណបក្សប្រជាជនកម្ពុជាម្នាក់ទេ។

ក្នុងឱកាសអញ្ជើញពិនិត្យ មើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន សម្ដែងការងឿងឆ្ងល់ ចំពោះក្រុមប្រឆាំងមួយចំនួន នៅក្រៅប្រទេសដែលតែងតែ លើកឡើងដដែលៗថា លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ដ្រី ជំនួនសម្ដេចនាថ្ងៃអនាគត។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមនិយាយថា នៅកម្ពុជានេះ មិនមែនបេក្ខជន ហ៊ុន ម៉ាណែត ទេ នៅក្នុងគណបក្សប្រជាជន បេក្ខជនច្រើនណាស់ ។ក៏ប៉ុន្ដែក្នុងឋានៈជាឪពុក យ៉ាងណាក៏ខ្ញុំ គាំទ្រកូនខ្ញុំ អប់រំកូនខ្ញុំ ឲ្យវាមានសមត្ថភាព ប៉ុនឪវា ឬក៏បានប្រហែល ៨០ភាគរយ ឬ៩០ភាគរយ»។

សម្ដេចតេជោ បន្ដថា បញ្ហាជ្រើសរើសនាយករដ្ឋមន្ដ្រី គឺស្ថិតនៅលើអ្នកបោះឆ្នោត។

សម្ដេចតេជោ រៀបរាប់ថា ដំបូងជ្រើសរើសនៅក្នុង គណបក្សខ្លួនឯង ទទួលយកបានឬអត់? រួចមកទៀត ត្រូវបោះឆ្នោតពីប្រជាជន បើគណបក្សប្រជាជនកម្ពុជាឈ្នះ ទើបមានលទ្ធភាពរៀបចំបេក្ខជន ជ្រើសរើស នាយករដ្ឋមន្ដ្រីថ្មី។

សម្ដេចតេជោ ប្រកាសថា សម្ដេចនឹងបន្តធ្វើជា នាយករដ្ឋមន្រ្ដីកម្ពុជា មិនតិចជាង១០ឆ្នាំទៀត ខណៈសម្ដេចធ្លាប់ប្រកាសបែបនេះ ជាបន្តបន្ទាប់អស់រយៈពេល ៣ឆ្នាំកន្លងទៅហើយ។

សម្ដេចតេជោ បានថ្លែងទៀតថា «មួយថ្ងៃៗប្រធានបទរបស់វា ផ្ទេរអំណាចឲ្យ ហ៊ុន ម៉ាណែត អីចឹងប្រយ័ត្នរន្ទះបាញ់ អានិយាយខុសរឿង ឪពុកវា កំពុងឈរធ្វើជានាយករដ្ឋមន្ដ្រី ហើយ ។ហើយឥឡូវខ្ញុំ នៅប្រកាស ហើយ៣ឆ្នាំមុនខ្ញុំប្រកាសថា (បន្តកាន់អំណាច) មិនតិចជាង១០ឆ្នាំ។ឥឡូវថ្ងៃនេះ ខ្ញុំប្រកាសថា មិនតិចជាង១០ឆ្នាំទៀត»។

សម្ដេចតេជោ អះអាងទៀតថា បច្ចុប្បន្ននេះនៅក្នុងជួរ គណបក្សប្រជាជនកម្ពុជា មិនមានអ្នកណាចង់ ធ្វើនាយករដ្ឋមន្ដ្រីឡើយ មានតែពួកក្រុមប្រឆាំងតែប៉ុណ្ណោះ ចង់ធ្វើនាយករដ្ឋមន្ដ្រី ប៉ុន្ដែពួកអ្នកឯងចាំថា ចាំជាតិក្រោយ ចាំធ្វើនាយករដ្ឋមន្ដ្រី។

ជាងនេះទៅទៀត ប្រធានគណបក្សប្រជាជនកម្ពុជា លើកឡើងថា សព្វថ្ងៃនេះសមាជិក គណបក្សប្រជាជនកម្ពុជា តាំងពីថ្នាក់កណ្ដាល រហូតដល់ថ្នាក់ខេត្ត ធ្វើមិនមែនសម្រាប់២ឆ្នាំ ឬ៣ឆ្នាំ ឡើយគឺធ្វើសម្រាប់៥០ឆ្នាំ ឬ១០០ឆ្នាំ ទៅមុខទៀត ដូច្នេះពួកក្រុមប្រឆាំងត្រូវចាំ។

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២៨ ខែមិថុនាខាងមុខនេះ គណបក្សប្រជាជនកម្ពុជា នឹងធ្វើពិធីសូត្រមន្តឡើងអគារ ទីស្នាក់ការកណ្តាលថ្មីហើយសមាជិក សមាជិកាគណបក្សប្រជាជន មានគ្រប់មជ្ឈដ្ឋានទាំងអស់ រួមទាំងកម្មករ កសិករ ពាណិជ្ជករ និងសេដ្ឋី ដូច្នេះគ្មានអ្វីលំបាកក្នុងការ រកថវិកាត្រឹមប្រមាណ ៣០លានដុល្លារ ក្នុងការសាងសង់អគារ គណបក្សថ្មីនេះឡើយ

ដោយ៖ អេង ប៊ូឆេង

To Top