Covid-19

សម្ដេចតេជោបញ្ជាក់ថា កម្ពុជាមិនទាន់មានក្រុមហ៊ុន ប្រកាសក្ស័យធន ខណៈកូវីដ-១៩ មិនអាចរារាំងការអភិវឌ្ឍឡើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ទោះបីជាមានការរីករាលដាល នៃជំងឺកូវីដ-១៩ក៏ដោយ ក៏សព្វថ្ងៃនេះកម្ពុជានៅមិន ទាន់មានក្រុមហ៊ុនវិនិយោគណាមួយ​​ ប្រកាសក្ស័យធនឡើយ ខណៈជំងឺកាចសាហាវនេះ មិនអាចរារាំងការភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធ របស់កម្ពុជាបានឡើយ ជាពិសេសមិនអាចសម្លាប់ រាជរដ្ឋាភិបាលបានទេ។

ក្នុងឱកាសចុះត្រួតពិនិត្យ មើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅទី២២ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោបានថ្លែងឲ្យដឹងថា កូវីដ-១៩ ធ្វើឲ្យប៉ះពាល់វិស័យទេសចរណ៍ និងឧស្សាហកម្មមួយចំនួន ប៉ុន្ដែមានផ្នែកខ្លះបាត់បង់ការងារ និងផ្នែកខ្លះបង្កើនការងារទៅវិញ។

សម្ដេចតេជោបញ្ជាក់ថា «ក្រុមហ៊ុននេះ (ក្រុមហ៊ុន សាងសង់ព្រលានយន្ដហោះថ្មី) មិនមានផលប៉ះពាល់ណាមួយ ស្ដីពី ហិរញ្ញវត្ថុ សម្រាប់ការសាងសង់ទេ។ ដោយមានភាពរឹងមាំក្នុង វិស័យហិរញ្ញវត្ថុជាទូទៅ ក្នុងប្រទេសកម្ពុជាយើង អត់មានក្រុមហ៊ុនណាមួយ ឬ ការដ្ឋានណាមួយ ត្រូវបិទដោយសារខ្វះទុនទេ អត់ ទាន់មានទេ»។

សម្ដេចតេជោ សង្ឃឹមថា ប្រជាពលរដ្ឋមិនមានការងារធ្វើ ត្រូវស្វែងរកការងារធ្វើ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ ព្រោះគ្មានអ្នកណាមួយមិនអាច រស់បានដោយគ្មានការងារធ្វើទេ ហើយគ្មានប្រទេសណាមួយចិញ្ចឹម ប្រជាពលរដ្ឋអស់មួយជីវិតឡើយ។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បន្ដថា បញ្ហាការរីករាលជំងឺកូវីដ-១៩ មិនអាចរារាំងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនានា ទាំងផ្នែករដ្ឋ និងឯកជនបាន នោះទេ។

សម្ដេចតេជោមានប្រសាសន៍ថា «ការដ្ឋាន អាផ្លូវខ្សែ ក្រវ៉ាតក្រុង ដំណើរការសាងសង់ ហើយត្រូវទម្លាក់ទុន ជាបន្ដបន្ទាប់ ដើម្បីដោះស្រាយផលប៉ះពាល់»។

ទន្ទឹមនឹងនោះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កូវីដ-១៩ មិនអាចសម្លាប់រាជរដ្ឋាភិបាល និងសេដ្ឋកិច្ចជាតិ បានឡើយ ព្រោះសម្ដេចមានវិធានការគ្រប់ពេលវេលា ក្រោយពីមានក្រុមប្រឆាំង នៅក្រៅប្រទេស តែងតែវាយប្រហាលរាជរដ្ឋាភិបាលថា កម្ពុជានឹងជួបវិបត្តិ សេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩។

សម្ដេចតេជោ លើកឡើងថា «កូវីដ-១៩ មិនអាចសម្លាប់រាជរដ្ឋាភិបាល ហ៊ុន សែន បានទេ។ ឥឡូវនេះ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទទួលការឡើង បៀវត្ស។ បើទោះបីមកដល់ខែមសារ ត្រូវឡើងបៀវត្សមួយដំណាក់ទៀត ។ ពេលនោះកូវីដ-១៩ កំពុងវាយប្រហារ ចំណូលធ្លាក់ចុះ ក៏ប៉ុន្ដែរាជរដ្ឋាភិបាល នៅតែមានសមត្ថភាពដើម្បី នឹងដំឡើងបៀវត្ស ហើយបន្ដបើកបៀវត្សក្នុងមួយខែពីរដង» ។

សម្ដេចតេជោ ផ្ដាំផ្ញើទៅក្រុមប្រឆាំងថា បើអ្នកឯងចាំយកជោគជ័យ ហើយថារាជរដ្ឋាភិបាលដួល អ្នកឯងច្បាស់ជារង្វេងទិសដៅហើយ ព្រោះផ្នែកគយ អាចប្រមូលចំណូលប្រមាណជា ២ពាន់លានដុល្លារ ឬលើស ២ពាន់លានដុល្លារ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា ទាំងនេះគេហៅថា សិល្បៈនៃការចែករំលែក ក្នុងការជួយប្រជាជន។ សម្ដេចថា នៅក្នុងសម័យជំងឺកូវីដ-១៩ អត់ទាន់ឃើញប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយអត់បាយ ។

សម្ដេចតេជោគូសបញ្ជាក់ថា «សូមផ្ដាំទៅពួកអ្នកឯងថា កុំមើលស្រាលរាជរដ្ឋាភិបាល ហ៊ុន សែន ឲ្យសោះ ហើយកុំមើលស្រាល ពីសមត្ថភាពរបស់ ហ៊ុន សែន ក្នុងការដោះស្រាយ ។ ប្រសិនបើ ហ៊ុន សែន គ្មានលទ្ធភាពទេ មិនអាចឈរជើងនៅក្នុង ហ្វូងអ្នកនយោបាយ ស្រុកខ្មែរ រយៈពេល៤១ឆ្នាំកន្លងទៅនេះ»។

សម្ដេចតេជោ ប្រកាសទុកជាមុនថា នៅថ្ងៃ២៤ មិថុនា ខាងមុខ នឹងដាក់ឲ្យប្រើប្រាស់បណ្ណសមធម៌ ដោយក្នុង ១ខែ ចំណាយប្រមាណ ២៥លានដុល្លារ សម្រាប់ជួយសង្គ្រោះ ប្រជាពលរដ្ឋជាង ៦០ម៉ឺនគ្រួសារ។

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន សាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ជីកអាចម៍ដីនៅបឹងជើងលោក មកចាក់បំពេញនៅព្រលាន យន្ដហោះអន្ដរជាតិភ្នំពេញថ្មី នៅខេត្តកណ្ដាល។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ហើយខ្ញុំបាន ប្រាប់លោក ពុង ឃាវសែ ជួយជីកបឹងជើងលោកឲ្យជ្រៅ ហើយយកអាចម៍ដីចាក់ បំពេញនៅព្រលានយន្ត ហោះ។ ហេតុអ្វីបានជា ខ្ញុំរំលឹករឿងនេះ បឹងជើងលោក នេះ មានតួនាទីយ៉ាងសំខាន់ណាស់ ដែលទាក់ទងជា មួយនឹងខេត្តដល់ទៅពីរ ឬស្រុកបី ហើយខេត្តតាកែវ មានស្រុកពីរ ហើយខេត្តកណ្ដាលស្រុកមួយ គឺស្រុក ស្អាង»។

សម្ដេចតេជោបន្ដថា បឹងជើងលោកជាប្រភពដោះស្រាយទឹក សម្រាប់កសិករ ធ្វើស្រែប្រាំង នៅតំបន់នោះ ដូច្នេះត្រូវស្ដុកទឹកឲ្យបានច្រើន នៅបឹងជើងលោក ដើម្បីបម្រើដល់ប្រជាពលរដ្ឋ ជាពិសេស ក៏បានរំដោះទឹកជំនន់ផងដែរ ហើយការកាយយកអាចម៍ដីនេះ មានផលចំណេញច្រើន៕

ដោយ អេង ប៊ូឆេង

To Top