ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងារបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា អាជ្ញាធរខេត្តកណ្ដាល ត្រូវបន្តយកចិត្តទុកដាក់តាមដាន មើលថាតើភាគីវៀតណាម បានរុះរើតង់ចេញពី តំបន់ព្រំដែនមិនទាន់ឯកភាពគ្នាបានប៉ុន្មាន ហើយនៅសេសសល់ប៉ុន្មានទៀត ត្រូវពន្លឿនការដោះស្រាយ ។
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ កម្ពុជាបានធ្វើកំណត់ទូតតវ៉ា ទៅកាន់ភាគីវៀតណាម ដោយស្នើឲ្យបញ្ឈប់ជាបន្ទាន់ នូវការរំលោភបំពាន លើខ្សែបន្ទាត់ព្រំដែន ដែលមិនទាន់ឯកភាពគ្នា ខណៈភាគីវៀតណាមបានបោះតង់ និងដាក់កម្លាំងកងទ័ពចំនួន ៣១កន្លែង ដែលជាប់ព្រំដែនជាមួយ ស្រុកលើកដែក ស្រុកកោះធំ ក្នុងខេត្តកណ្ដាល និងខេត្តអានយ៉ាង របស់វៀតណាម។

លោក កុយ គួង បានថ្លែងបញ្ជាក់ប្រាប់អ្នកសារព៏ត៌មាន នៅថ្ងៃទី២៣ មិថុនានេះថា «រឿងតង់វៀតណាម នៅតាមព្រំដែនកន្លងមក យើងបានធ្វើកំណត់ទូតមួយហើយ ចឹងសំខាន់គឺខាងអាជ្ញាធរយើង ត្រូវតាមដានមើលថាតើ តង់ប៉ុន្មានដែលគេរើ ហើយតង់ប៉ុន្មានទៀត ដែលវៀតណាមនៅសល់ បញ្ហាសំខាន់អាជ្ញាធរខេត្តកណ្ដាលយើង ត្រូវតាមដានសកម្មភាពហ្នឹង» ។
លោកបន្ថែមថា ចំពោះជំហររបស់កម្ពុជា គឺស្នើឲ្យវៀតណាមរើចេញពីតំបន់ ដែលមិនទាន់មានការកំណត់ ព្រំដែនច្បាស់លាស់ ។ ចំពោះពេលវេលានៃការរើចេញទេ គឺមិនបានកំណត់ថា ភាគីវៀតណាមត្រូវតែរុះរើចេញ ពេលណាមួយជាក់លាក់ទេ គ្រាន់តែស្នើឲ្យភាគីវៀតណាម រើចេញឲ្យបានឆាប់ ។
សូមរំលឹកថា ខ្លឹមសារនៃកំណត់ទូត ដែលកម្ពុជា ផ្ញើទៅវៀយណាម កាលពីថ្ងៃទី១៣ ឧសភា បានបញ្ជាក់ថា វត្តមានរបស់យោធាវៀតណាម នៅតាមបណ្ដោយព្រំដែន មិនទាន់បានឯកភាពគ្នា គឺបាន រំលោភចំណុចទី៨ នៃសេចក្ដីប្រកាសរួម កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ និងកថាខណ្ឌទី៥ ប្រការ៣ នៃសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ក៏ដូចជា រំលោភកិច្ចព្រមព្រៀងព្រំដែននានា ដែលបានបញ្ចប់ការចរចា ដោយភាគី កម្ពុជា និងវៀតណាម ។
ក្នុងកំណត់ទូតនោះផងដែរ នៅចំណុច២ គឺបានស្នើឲ្យភាគីវៀតណាម រុះរើតង់ទាំងអស់ និងដកកម្លាំងចេញពីតំបន់ខាងលើ គឺតំបន់ដែលមិនទាន់បាន កំណត់ព្រំដែនច្បាស់លាស់ ហើយនិងបញ្ឈប់នូវ រាល់សកម្មភាពនានាជាបន្ទាន់ និងរក្សាបរិស្ថានភូមិសាស្ត្រ នៅក្នុងតំបន់ទាំងអស់នោះ ឲ្យនៅដូចសភាពដើម រហូតដល់គណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរ កំណត់ច្បាស់លាស់នូវ ខ្សែបន្ទាត់ព្រំដែនក្នុងតំបន់ទាំងនោះ ។
ក្នុងកំណត់ទូតនោះ ក៏បានស្នើឱ្យភាគីវៀតណាម ធានាថា សកម្មភាពបែបនេះ នឹងមិនកើតឡើងជាដាច់ខាត នៅក្នុងពេលអនាគតដើម្បីរក្សា ភាពជាអ្នកជិតខាងល្អមិត្តភាព ជាប្រពៃណីដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរផងដែរ ។
សូមបញ្ជាក់ផងដែរថា កម្ពុជា-វៀតណាម មានព្រំដែនគោករួមគ្នាប្រវែង ១២៧០គីឡូម៉ែត្រ ហើយរហូតមកដល់បច្ចុប្បន្ននេះ ភាគីទាំងពីរ បានបោះបង្គោលព្រំដែន សម្រេចបាន ៨៤% នៃខ្សែព្រំដែនរួម ខណៈនៅសល់ ១៦% ទៀតកំពុងដោះស្រាយ ៕
ដោយ៖ ខា ដា



