ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួន ដល់កម្លាំងប្រជាការពារ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បាននាំយកមួកសុវត្ថិភាព វិទ្យុទាក់ទងនិងសម្លៀកបំពាក់ឈុត ទៅឧបត្ថម្ភដល់កម្លាំងប្រជាការពារ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីលើកទឹកចិត្តដល់ កម្លាំងប្រជាការពារ និងអជ្ញាធរសង្កាត់លេខ៤ ដែលបានបំពេញភារកិច្ចកន្លងមក ។

លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា ក្រៅពីសម្ភារៈខាងលើនេះ លោកឧកញ៉ាក៏បានឧបត្ថម្ភថវិកា ដល់កម្លាំងប្រជាការពារ ក្នុងម្នាក់ចំនួន ៨ម៉ឺនរៀលបន្ថែមទៀត និងថាសម្ភារៈ ថវិកាដែលបានឧបត្ថម្ភនេះ គឺជាការចូលរួមជាមួយរដ្ឋបាលខេត្ត ក្រុងនិងសង្កាត់ សម្រាប់ការងារភូមិ ឃុំសុវត្ថិភាព ដើម្បីសេចក្តីសុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ។

លោកចៅសង្កាត់លេខ៤ បានថ្លែងអំណរគុណលោកឧកញ៉ា ទៀ វិចិត្រ និងគ្រួសារដែលបានឧបត្ថម្ភ ដល់កម្លាំងប្រជាការពារសង្កាត់លេខ៤ ។

ជាមួយគ្នានេះលោកចៅសង្កាត់ ក៏បានបញ្ជាក់ថា សម្លៀកបំពាក់ឈុតដែលលោកឧកញ៉ា បានឧបត្ថម្ភដល់ប្រជាការពារ គឺជាផ្នែកមួយដ៍សំខាន់ សម្រាប់កម្លាំងប្រជាការពារ សង្កាត់ស្លៀកពាក់សមរម្យ ក្នុងនោះលោកចៅសង្កាត់ ក៏បានណែនាំដល់កម្លាំង ប្រជាការពារសង្កាត់លេខ៤ ក្នុងពេលចុះបំពេញភារកិច្ច គឺហាមមិនអោយប្រើប្រាស់ សម្លៀកបំពាក់ឯកសណ្ឋាននគរបាល ឬអង្គភាពមានសមត្ថកិច្ច ផ្សេងផ្ទុយនឹងច្បាប់ជាដាច់ខាត ដូចទៅនឹងអ្វីដែល លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ប្រកាសផ្សព្វផ្សាយកន្លងមក ក្រោយមានកម្លាំងប្រជាការពារ មួយចំនួនប្រើប្រាស់សម្លៀកបំពាក់ ឯកសណ្ឋាននគរបាល នាំអោយមានការយល់ច្រឡំ ៕

To Top