ព័ត៌មានជាតិ

កម្ពុជា ស្នើក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អាមេរិក ជំរុញសមាជិករបស់ខ្លួន មកវិនិយោគវិស័យទេសចរណ៍ បន្ថែមទៀត

ភ្នំពេញ៖លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អាមេរិក (US-ABC)ជំរុញសមាជិករបស់ខ្លួន ឲ្យមកវិនិយោគនៅកម្ពុជា ក្នុងវិស័យទេសចរណ៍ ឲ្យកាន់តែច្រើនបន្ថែមទៀត។

ក្នុងកិច្ចប្រជុំជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) តាមរយៈ Video Conference នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោកថោង ខុន បានថ្លែងថា “សូមស្នើដល់ US-ABC ជំរុញសមាជិករបស់ខ្លួន មកវិនិយោគនៅកម្ពុជា ក្នុងវិស័យទេសចរណ៍ ជាពិសេសសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលកំពុងមានសក្តានុពល និងទាក់ទាញភ្ញៀវទេសចរ ជាតិ-អន្តរជាតិយ៉ាងខ្លាំង”។

ក្នុងឱកាសនោះលោក Amb. Michael W.Michala អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អាមេរិក បានលើកជាសំណើជាច្រើន ដើម្បីស្វែងរកការជួយកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ចទេសចរណ៍ នាកំឡុងពេលកម្ពុជា ជួបវិបត្តិកូវីដ១៩ និងក្រោយពេលវិបត្តិនេះ ត្រូវបានបញ្ចប់។

លោកបញ្ជាក់ថា បច្ចុប្បន្ន US-ABC មានបណ្តាក្រុមហ៊ុន របស់សហរដ្ឋអាមេរិកជាច្រើន នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោក ជាសមាជិក ហើយតាមរយៈកិច្ចប្រជុំនេះ US-ABC ស្នើសុំបង្កើតកិច្ចសហប្រតិបត្តិការ ការដោះស្រាយបញ្ហាធុរកិច្ច ក្នុងវិស័យទេសចរណ៍នៅកម្ពុជា និងការប្រយុទ្ធប្រឆាំង ការរាតត្បាតជំងឺកូវីដ១៩។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានស្នើឱ្យ US-ABC បន្តកិច្ចសហការ ជាមួយផ្នែកជំនាញ ក្រសួងទេសចរណ៍កម្ពុជា ដើម្បីអនុវត្តគម្រោង កិច្ចសហប្រតិបត្តិការនានា ក្នុងវិស័យទេសចរណ៍ផងដែរ៕ ដោយ៖ធី លីថូ

To Top