ព័ត៌មានជាតិ

ជប៉ុន ផ្ដល់ជំនួយឥតសំណងជាង ៣លានដុល្លារ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស នៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ហិរញ្ញប្បទានឥតសំណង ប្រមាណជា ៣,២៣លានដុល្លារ ដល់កម្ពុជាសម្រាប់ គម្រោងអាហារូបកណ៍ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស (JDS)។

នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

គម្រោងនេះមានគោលដៅ ដោះស្រាយនូវរាល់បញ្ហាប្រឈម ក្នុងការអភិវឌ្ឍនៅកម្ពុជាគាំទ្រដល់រដ្ឋាភិបាល វ័យក្មេងដែលរំពឹងថា នឹងក្លាយជាអ្នកដឹកនាំ ក្នុងប្រទេសកម្ពុជា ដោយទទួលបានសញ្ញាបត្រ អនុបណ្ឌិតឬបណ្ឌិត ពីគ្រឹះស្ថានឧត្តមសិក្សានៅជប៉ុន ។

មន្ត្រីដែលគាំទ្រដោយ គម្រោង JDS អាចប្រើប្រាស់ការសិក្សា បទពិសោធន៍ និងបណ្តាញធនធានមនុស្សតាមរយៈគម្រោង ដើម្បីបង្កើត និងអនុវត្តផែនការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងប្រទេសកម្ពុជា ។

គម្រោង JDS បានចាប់ផ្តើមជ្រើសរើស បេក្ខជនក្នុងឆ្នាំ២០០០ និងបានបញ្ជូននិស្សិតជំនាន់ទីមួយក្នុង ឆ្នាំ២០០១ ដូច្នេះឆ្នាំនេះគឺជាខួប ២០ឆ្នាំ នៃគម្រោង JDS ។

លើសពីនេះទៀត គម្រោងនេះ បានចូលរួម ចំណែក យ៉ាងច្រើន ក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។

គួររំលឹកថា ចាប់តាំងពីគម្រោងJDSនេះបានចាប់ផ្តើមមាន និស្សិតសរុបចំនួន ៤៧០នាក់ហើយ ដែលទទួលបានអាហារូបកណ៍ពេញលេញ និងជំនួយផ្សេងៗទៀត ដើម្បីទទួលបានសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិតនៅប្រទេសជប៉ុន៕ដោយ៖ ធី លីថូ

To Top