ខេត្តកំពង់ស្ពឺ៖លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីផ្សព្វផ្សាយ ស្ដីពីលទ្ធភាពឥណទានដល់ កសិករចិញ្ចឹមត្រីមាន់ទានិងដាំបន្លែ ក្នុងខេត្តកំពង់ស្ពឺ ដែលក្នុងនោះក៏មានការចូលរួម ពីសំណាក់ លោក វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ប្រធានមន្ទីអមជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋតំណាង សហគមន៍កសិកម្ម ក្រុមផលិត កសិករ ប្រចាំខេត្តកំពង់ស្ពឺ ប្រមាណ១៣០នាក់ ។
ខេត្តកំពង់ស្ពឺ ជាខេត្តទី១៥ ដែលលោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានចុះមកផ្សព្វផ្សាយគោលការណ៍ឥណទាន និងនីតិវិធីដើម្បីទទួលបានឥណទាន ពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក ជូនដល់បងប្អូនប្រជាសហគមន៍កសិកម្ម កសិករចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និងផ្លែឈើ និងក្រុមសិប្បកម្ម វារីវប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើង នូវខ្សែ ច្រវ៉ាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិត ក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស៕







