ព័ត៌មានជាតិ

វិភាគ: ច្បាប់សន្តិសុខជាតិ ថ្មីសម្រាប់ហុងកុង កំពុងសង្កត់កក្រុមប្រឆាំង នៅទីក្រុងនេះស្ទើរលៀនអណ្តាត

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ស៊ីនហួ (Xinhua) បានចុះផ្សាយ នៅថ្ងៃពុធ ទី០១ ខែកក្កដានេះថា ច្បាប់សន្តិសុខជាតិថ្មីដែលរដ្ឋាភិបាលរបស់ ប្រទេសចិន បានដាក់ទៅអោយ ប្រជាពលរដ្ឋនៅទីក្រុងហុងកុងអនុវត្ត កំពុងសង្កត់ ក្រុមប្រឆាំងនៅ ទីក្រុងនេះស្ទើរលៀនអណ្តាត ដែលមិនអាចធ្វើសកម្មភាព នយោបាយណាមួយនៅទីក្រុង នេះបានទៀតទេនៅពេលខាងមុខ ។

ដែលថា ច្បាប់សន្តិសុខ ជាតិថ្មីសង្កត់កក្រុមប្រឆាំងស្ទើរលៀនអណ្តាត នោះនៅត្រង់ថា ច្បាប់នេះត្រូវបាន ចែង៤ចំណុចសំខាន់ ទី១ការប្រយុទ្ធប្រឆាំងនឹង ចលនាបះបោរ ឬសកម្មភាពអបគមន៍ ទី២ការប្រយុទ្ធប្រឆាំង នឹងអំពើភេរវនិយម ទី៣ការបង្ក្រាបសកម្មភាពវិទ្ធង្សនា និងទី៤ការបង្ក្រាប់លើសកម្មភាព ឃុបឃិតជាមួយកម្លាំងបរទេសណាមួយ ។

ចាប់ពីថ្ងៃនេះតទៅ ប្រសិនបើបុគ្គលណាមួយ ឬក្រុមណាមួយ ហ៊ានបំពាន លើខ្លឹមសារទាំង៤ចំណុចក្នុង ច្បាប់សន្តិសុខជាតិថ្មីនេះ បុគ្គលនោះ ឬក្រុមនោះ នឹងត្រូវជាប់ពន្ធនាគារ អស់មួយជីវិត ឬយ៉ាងហោចណាស់ក៏ជាប់ពន្ធនាគារ រយៈ៣ឆ្នាំដែរ ប្រសិនបើក្រុមអាជ្ញាធរទីក្រុងហុងកុង រកឃើញថា បុគ្គលនោះ ឬក្រុមនោះ ពិតជាបានរំលោភច្បាប់សន្តិសុខជាតិនេះមែន ។

សូមបញ្ជាក់ជូនថា លោក ស៊ី ជីនពីង ប្រធានាធិបតីរបស់ ប្រទេសចិន បានចុះហត្ថលេខាលើច្បាប់ សន្តិសុខជាតិថ្មីនេះ កាលពីថ្ងៃអង្គារ ទី៣១ ខែមិថុនា ឆ្នាំ២០២០នេះ សម្រាប់ដាក់អោយប្រជាពលរដ្ឋនៅទីក្រុងហុងកុងអនុវត្ត និងបានចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ ។

ស្របពេលដែលច្បាប់ សន្តិសុខជាតិថ្មីនេះចូលជាធរមាន រដ្ឋាភិបាលចិនក៏បានបង្កើតអោយមានអង្គភាព ពិសេសមួយស្ថិតនៅក្រោមការបញ្ជា ដោយផ្ទាល់ពីទីក្រុងប៉េកាំង ដើម្បីតាមដាន ស៊ើបអង្កេត និងឃ្លាំមើលគ្រប់សកម្មភាពទាំងអស់នៃការគោរពច្បាប់នេះ ពីសំណាក់មេដឹកនាំ និងប្រជាពលរដ្ឋនៅទីក្រុងហុងកុង ហើយប្រសិនបើមានករណីល្មើសណាមួយ អង្គភាពនេះ នឹងចាត់វិធានការជាបន្ទាន់ ។

មន្ត្រីរដ្ឋាភិបាលចិន បាននិយាយថា ច្បាប់ថ្មីនេះ នឹងធានាបាននូវការការពារស្ថិរភាព អធិបតេយ្យភាព និងសន្តិសុខនៅលើទឹកដីចិនទាំងមូល និងជាការបិទបញ្ចប់ផងដែរនូវសកម្មភាពបាតុកម្មហិង្សា ការបំផ្លិចបំផ្លាញ ភាពអនាធិបតេយ្យ និងសកម្មភាពល្មើសផ្សេងៗ ដែលប្រព្រឹត្តឡើងដោយក្រុមប្រឆាំងនៅទីក្រុងនេះ ។ 

ក្នុងរយៈពេលប៉ុន្មានម៉ោង ក្រោយពីច្បាប់សន្តិសុខជាតិថ្មីនេះបានចូលជាធរមាន លោក  Joshua Wong សកម្មជនប្រជាធិបតេយ្យដ៏ល្បីល្បាញម្នាក់ បានសរសេរលើទំព័រ Twitter ថា ទីក្រុងហុងកុងបានស្លាប់នៅថ្ងៃនេះហើយ ហើយទីក្រុងមួយនេះ នឹងស្ថិតក្រោមការឈ្លបតាមដាន និងកៀបសង្កត់ពិរដ្ឋាភិបាលចិននៅពេលខាងមុខ ។

លោក  Joshua Wong រួមទាំងសកម្មជនប្រជាធិបតេយ្យ៣នាក់ទៀត ដែលជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ និងជាថ្នាក់ដឹកនាំដ៏សំខាន់ របស់គណបក្ស Demosisto បានប្រកាសលាលែងចេញពីគណបក្សនេះ ហើយរយៈពេលប៉ុន្មានម៉ោងក្រោយមកទៀត គណបក្សចលនាប្រជាធិបតេយ្យ Demosisto ត្រូវបានប្រកាសរំលាយចោល ។

ដើមចមនាំអោយកើតរឿង

ដើមចមនាំអោយកើតរឿង គឺដោយសារក្រុមយុវជន នៅទីក្រុងហុងកុង បានបង្កើតក្រុមគាំទ្រប្រជាធិបតេយ្យមួយ និងមានទាំងបើកគណបក្សចលនាប្រជាធិបតេយ្យថែមទៀត ដែលទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋនៅទីក្រុងនេះ និងទទួលបានជោគជ័យផងដែរក្នុងការ បោះឆ្នោតក្រុមប្រឹក្សាតំបន់ កាលពីចុង ឆ្នាំ២០១៩ កន្លងទៅ​ ។

មូលហេតុនេះហើយ បានជារដ្ឋាភិបាលចិន បានតាក់តែងច្បាប់សន្តិសុខជាតិនេះឡើង ក្នុងគោលដៅទប់ទល់ជាមួយក្រុម គាំទ្រប្រជាធិបតេយ្យ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ហើយច្បាប់សន្តិសុខជាតិថ្មីនេះ គឺជាឧបករណ៍ដ៏ធ្ងន់សម្រាប់ សង្កត់កក្រុមប្រឆាំងមិនអោយងើបរួច និងជាដំបងសម្រាប់ វាយសំពងលើក្រុមណាមួយផ្សេងទៀត ដែលមាននិន្នាការប្រហាក់ប្រហែលនឹងក្រុមគាំទ្រប្រជាធិបតេយ្យដែរ ។

សន្និដ្ឋាន៖ តើក្រុមប្រឆាំងនឹងទៅជាយ៉ាងណានៅពេលខាងមុខ ?

ក្រុមប្រឆាំង ឬក្រុមគាំទ្រប្រជាធិបតេយ្យនៅ ទីក្រុងហុងកុង នៅតែមានដដែលមិនបាត់បង់ទេ ប៉ុន្តែជាក្រុមប្រឆាំងតូចតាច មិនអាចពង្រីកខ្លួនទៅជាក្រុមប្រឆាំងធំបានទេ ហើយក្រុមនេះ ក៏ប្រឈមនឹងគ្រោះថ្នាក់បំផុតផងដែរ ។

ស្ថិតនៅក្រោមច្បាប់សន្តិសុខ ជាតិថ្មីនេះ អ្នកប្រឆាំងនៅទីក្រុងហុងកុង អាចចេញមុខប្រឆាំងដោយខ្លួនឯងផ្ទាល់ និងទំនង ជាមិនអាចអូសទាញសមាជិកផ្សេងទៀតអោយចេញមុខប្រឆាំងជាមួយ ខ្លួនបានច្រើននាក់នោះទេ ។

ផលប៉ះពាល់

ផលប៉ះពាល់ដែលចេញពីការដាក់ច្បាប់ សន្តិសុខជាតិលើទីក្រុងហុងកុងនេះ គឺកើតចេញពីការកើតទុក្ខ មិនសុខចិត្តពីសំណាក់ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដែលអាចឈានដល់ការដាក់ការ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅវិញទៅមក ការប្រឈមមុខនឹងភាពតានតឹង ផ្នែកការទូត និងការបញ្ឆេះ អោយមានសង្គ្រាមពាកយសម្តីនៅពេលខាងមុខ ៕ ដោយៈ អ៊ិន ជិន

To Top