ព័ត៌មានជាតិ

អន្តរក្រសួង ចេញប្រកាស គ្រប់គ្រង និងការប្រមូលចំណូល សួយសារធនធានរ៉ែ

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល បានចេញប្រកាស អន្ដរក្រសួង ស្ដីពី ការគ្រប់គ្រង និងការប្រមូលចំណូល សួយសារធនធានរ៉ែ ពីការប្រើប្រាស់ ធនធានរ៉ែសំណង់ ក្នុងគម្រោង ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ។

យោងតាមប្រកាសបានឲ្យដឹងថា ប្រកាសនេះមានគោលបំណង គ្រប់គ្រងប្រតិបត្តិការ ធនធានរ៉ែសំណង់ ដូចជា ក្រួស ខ្សាច់ ឡាតេរីត អាចម៍ដី ដែលប្រើប្រាស់ សម្រាប់ផ្គត់ផ្គង់ ឲ្យគម្រោងហេដ្ឋានរចនាសម្ព័ន្ធរបស់រដ្ឋ និងការប្រមូលចំណូល សួយសារពីការប្រើប្រាស់ ធនធានរ៉ែសំណង់ទាំងនេះ ឲ្យប្រព្រឹត្តទៅ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ។

ប្រភពដដែលបញ្ជាក់ថា ប្រកាសនេះមានគោលដៅ គ្រប់គ្រងប្រតិបត្តិការធនធានរ៉ែសំណង់ ដែលប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ ឲ្យគម្រោង ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ រួមមាន ៖ គ្រប់គ្រងការ ប្រើប្រាស់ធនធានរ៉ែសំណង់ ,សម្រួលនីតិវិធីក្នុងការផ្ដល់អាជ្ញាបណ្ណធនធានរ៉ែ និងការលើក លែងកម្រៃសេវាសាធារណៈ ,កំណត់នីតិវិធីក្នុងការប្រមូល ចំណូលសួយសារ និងគោលការ ណ៍អនុវត្តក្នុងករណី លើកលែងសួយសារ ។

ជាងនេះទៅទៀត ប្រកាសនេះមានវិសាលភាព គ្របដណ្ដប់លើរាល់ប្រតិបត្តិការធនធានរ៉ែ សំណង់ដែលប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ ឲ្យគម្រោងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធរបស់រដ្ឋ នៅកម្ពុជា ដូចជា គម្រោងសាងសង់ផ្លូវ ស្ពាន ទំនប់ធារាសាស្ដ្រ ស្ថានីយវារីអគ្គិសនី និងគម្រោងហេដ្ឋានរចនាសម្ព័ន្ធ ប្រហាក់ប្រហែល ដទៃទៀត៕

To Top
×