ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ របស់គណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ចំនួន២ និងបញ្ហាផ្សេងៗទៀត។

របៀបវារៈ ដែលគណៈរដ្ឋមន្រ្តី ពិនិត្យនិងពិភាក្សា នៅថ្ងៃសុក្រនេះមានដូចជា៖

១៖ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។

២៖ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។

៣៖ បញ្ហាផ្សេងៗ មួយចំនួនទៀត។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកំពុងតែចាប់ផ្តើមពិភាក្សាលើ “សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ” ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងតាមរយៈគេហទំព័រហ្វេសប៊ុកថា សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់និង ការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ មានខ្លឹមសារសង្ខេបដូចខាងក្រោម៖

*សាវតារ និងមូលដ្ឋានគតិយុត្តមួយចំនួនពាក់ព័ន្ធនឹងទ្រព្យសម្បតិ្តរដ្ឋ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ ត្រូវបានផ្តួចផ្តើមឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៤ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រសួងបានបង្កើតក្រុមការងារមួយសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់នេះ ដោយមានការចូលរួម និងដឹងនាំពីថ្នាក់ដឹកនាំក្រសួង និងមានការចូល រួមពីមន្ត្រីជំនាញមក ពីអគ្គនាយកដា្ឋនពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មូលដ្ឋានចម្បងសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ គឺផ្អែកលើ មាត្រា៥៨ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ដែលចែងថា៖ «ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទី ដីធ្លី ក្រោមដី ភ្នំ សមុទ្រ ក្រោមបាតសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃ ឈើ ធនធានធម្មជាតិ មជ្ឍមណ្ឌលសេដ្ឋកិច្ចវប្បធម៍ មូលដ្ឋានកាពារប្រទេស សំណង់ផ្សេងៗទៀតដែលបានកំណត់ថាជារបស់រដ្ឋ។ ការគ្រប់គ្រង ការប្រើប្រាស់ នឹងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ នឹងត្រូវកំណត់ក្នុងច្បាប់។

សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនេះ ត្រូវបានរៀបចំតាក់តែងឡើង ក្នុងគោលដៅពង្រឹងក្របខណ្ឌច្បាប់ រចនាសម្ព័ន្ធស្ថាប័ន និងលើកម្ពស់សមត្ថភាពស្ថាប័នក្នុងការគ្រប់គ្រងទ្រព្យសម្បតិ្តរដ្ឋជាអាទិ៍៖ ការកំណត់អំពីប្រភព ប្រភេទទ្រព្យសម្បតិ្តរដ្ឋ របបគតិយុត្តគ្រប់គ្រងនិងចាត់ចែងទ្រព្យសម្បតិ្តរដ្ឋច្បាប់លាស់ជាក់, ការរៀបចំបញ្ជីសារពើភណ្ឌសម្បត្តិរដ្ឋ, ការផ្ទេរសិទ្ធិកាន់កាប់, ការអភិវឌ្ឍ, ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ, ការធ្វើអធិការកិច្ច និងសវនកម្ម និងការកំណត់អំពីការលើកទឹកចិត្ត និងការដាក់ទណ្ឌកម្មចំពោះអំពីល្មើសច្បាប់ ជាដើម។ល។

ព្រមទាំង ពង្រឹងអភិបាលកិច្ចល្អក្នុងការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋប្រកបដោយប្រសិទ្ធភាព និងចីរភាព ទន្ទឹមនឹងការបង្កើនចំណូលពីទ្រព្យសម្បត្តិរដ្ឋ ឲ្យកាន់តែមានភាពច្បាស់លាស់ សំដៅធានាដល់ការគ្រប់គ្រងធនធានសាធារណៈ ការបង្កើនចំណូលជាប្រយោជន៍ដល់ថវិកាជាតិ និងកំណើនសេដ្ឋកិច្ចជាតិសម្រាប់គាំទ្រដល់ការបន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ឲ្យកាន់តែមនាការរីកចម្រើនឈានឡើង ក្នុងជំហានស្វាហាប់ប្រកបដោយវិបុលភាព និងចីរភាពក្នុងបរិការណ៍ថ្មី សម្រាប់រយៈពេលមធ្យម និងវែងតទៅមុខទៀត។

សេចក្ដីព្រាងច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តគោលមួយចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចល្អ ដែលអាចជួយសម្រួលដល់ការ បំពេញមុខងារបស់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នរដ្ឋ សំដៅលើកំម្ពស់ប្រសិទ្ធភាព និងសក្ដិសិទ្ធិភាព និងគណនេយ្យភាពក្នុង ការគ្រប់គ្រង ការប្រើប្រាស់ និងកាចចាត់ចែងលើទ្រព្យត្តិរដ្ឋ ស្របតាមឧត្តមានុវត្តន៍ជាអនុរជាតិ និងតថភាពជាក់ស្ដែងនៃកម្ពុជា។

 អំពីដំណើរការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ខាងលើត្រូវបានរៀបចំឡើងលើមូលដ្ឋានមាត្រា៥៨ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ និងដោយផ្អែកលើកិច្ចប្រតិបតិ្តជាក់ស្ដែង ព្រមទាំងក្របខណ្ឌគតិយុត្តជាធរមានពាក់ព័ន្ធនឹងទ្រព្យសម្បតិ្តរដ្ឋ ក៏ដូចជាធាតុចូលពីឧត្តមានុវត្តន៍នៃប្រទេសអភិវឌ្ឍ ជាអាទិ៍ ប្រទេសបារាំង ក្នុងគោលដៅធានាសង្គតិភាព, បង្កើនប្រសិទ្ធភាព និងសក្ដិសិទ្ធិភាព នៃការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ក្រោមអធិបតេយ្យភាព និង/ឬយុត្តាធិការ នៃព្រះរាជាណាចក្រកម្ពុជា។

 ខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ជាលទ្ធផល សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់និងការចាត់ចែងលើព្រទ្យសម្បតិ្តរដ្ឋនេះ ត្រូវបានរៀបចំឡើងតាមទម្រង់ច្បាប់ជាធរមាន ដោយចែកចេញជា ១២ជំពូក និង៩០មាត្រា។
គោលបំណងច្បាប់នេះ មានគោលបំណងគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព សក្ដិសិទ្ធិភាព តម្លាភាព គណនេយ្យភាព សង្គតិភាព នីត្យនុកូលភាព និងចីរភាព ដោយកំណតក្របខ័ណ្ឌច្បាប់និងស្ថាប័នជាគោល សំដៅចូលរួមចំណែកបម្រើ ឧត្តមប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៍ នៃព្រះរាជាណាចក្រកម្ពុជា។

វិសាលភាពច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះទ្រព្យសម្បត្តិរដ្ឋគ្រប់ប្រភេទ ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតនៅក្រោមអធិបតេយ្យភាព និង ឫយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា។ការគ្រប់គ្រង ការការពារ ការប្រើប្រាស់ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រូវអនុវត្តតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តដោយឡែក។ ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋរបស់ធនាគារជាតិនៃកម្ពុជា ត្រូវស្ថិតនៅក្រោមវិសាលភាពនៃច្បាប់ ស្ដីពីការរៀបចំនឹងការប្រព្រឹត្ត ទៅនៃធនាគារជាតិនៃកម្ពុជា៕

To Top