ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោក អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនសពឧត្តមសេនីយ៍ទោ វ៉ែន សាយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ ៦០ឆ្នាំ ដោយរោគាពាធ។
ជំនួសមុខឲ្យកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសំដែងនូវការចូលរួមរំលែកទុក្ខជាមួយលោកស្រី វ៉ែន សាយ និងក្រុមគ្រួសារសព ចំពោះការបាត់បង់ឧត្តមស្វាមី ឪពុក ជាទីស្រឡាញ់នាពេលនេះ។ មេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់ផងដែរថា នេះជាការបាត់បង់នាយទាហានជាន់ខ្ពស់មួយរូប ក្នុងជួរកងទ័ពជើងគោក ដែលកន្លងមកបានលះបង់ បូជាជីវិត ដើម្បីបុព្វហេតុ ជាតិមាតុភូមិ និងប្រជាជន។ ជាមួយគ្នានេះដែរ លោក សូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធសពលោក វ៉ែន សាយ បានទៅកាន់សុគតិភព និងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ផងដែរថា សពលោក វ៉ែន សាយ ត្រូវបានក្រុមគ្រួសារសពសហការជាមួយក្រុមការងាររៀបចំបុណ្យសព បានរៀបចំតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានទៅតាមបែបពិធីការសាសនាខ្មែរយើង និងបែបពិធីកងទ័ពនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិផ្កាស្នា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕






