ព័ត៌មានជាតិ

អាជ្ញធរភ្នំពេញ នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះជនណា បន្តផ្សព្វផ្សាយពាណិជ្ជកម្ម ជាប័ណ្ណព័ត៌មាន ខិត្តប័ណ្ណ និងឧបករណ៍បំពងសំឡេង នៅទីសាធារណៈ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ដល់គ្រប់អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថានអប់រំ អង្គការ សមាគម និងក្រុមហ៊ុននានា អោយបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាព ការបិទផ្សាយប័ណ្ណព័ត៌មាន ការចងផ្ទាំងផ្សាយ អនាធិបតេយ្យ ការចែកខិត្តប័ណ្ណផ្សេងៗ និងប្រើប្រាស់ ឧបករណ៍បំពងសំឡេង ផ្សព្វផ្សាយពាណិជ្ជកម្ម នៅតាមទីសាធារណៈ និងព្រមានថា ជនណានៅបន្តសកម្មភាព មិនគោរពតាមការណែនាំ នឹងត្រូវនាំយក មកធ្វើកិច្ចសន្យា អប់រំ នឹងឈានដល់ ការបញ្ជូនខ្លួនទៅតុលាការ ក្នុងករណីធ្ងន់ធ្ងរ។

ការហាមប្រាណបែបនេះ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោយសង្កេតឃើញមានអង្គភាព ស្ថាប័នឯកជន វិទ្យាស្ថានអប់រំ ក្រុមហ៊ុននានា បន្តធ្វើការចងផ្ទាំងផ្សាយអនាធិបតេយ្យ ចែកខិត្តប័ណ្ណ តាមភ្លើងស្តុប បិតផ្សាយប័ណ្ណព័ត៌មាន ប័ណ្ណផ្សាយពាណិជកម្ម នៅតាមបង្គោលភ្លើង ដើមឈើ របងអាគារសាធារណៈ របងការដ្ឋាន រមណីដ្ឋាន គូរគំនូវអាហ្វីស ការប្រើប្រាស់ឧបករណ៍បំពងសំឡេង (ឧគ្ឃោសនាសព្ទ) ផ្សព្វផ្សាយពាណិជកម្ម ការដង្ហែក្បួនផ្សព្វផ្សាយ ផលិតផលផ្សេងៗ នៅតាមរថយន្ត ម៉ូតូ រ៉ឺម៉ក និងការដាក់ឆ័ត្រ តាមដងផ្លូវសាធារណៈចែកស៊ីមកាត ព្រមទាំងចែកខិត្តប័ណ្ណផ្សេង ដែលបង្កអោយប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់សោភណភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងបរិស្ថាន ក្នុងរាជធានីភ្នំពេញ ។

សេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ថែមទាំងបានចាត់អោយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងរាជធានីភ្នំពេញ រួមទាំងរដ្ឋបាលខណ្ឌ សាលាសង្កាត់ និងនគរបាលប៉ុស្តិ៍ ត្រូវយកចិត្តទុកដាក់ សហការឃ្លាំមើល និងមានវិធានការ យ៉ាងម៉ឹងម៉ាត់បំផុត ចំពោះជនដែលបានប្រព្រឹត្ត នូវសកម្មភាពអវិជ្ជមានទាំងនេះ ដើម្បីធ្វើការអប់រំ ឬតម្រូវអោយចុះកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច អោយបានច្បាស់លាស់ និងតម្រូវអោយចុះប្រមូល ងោយបានស្អាត នូវសម្ភារ ដែលបានបង្ក អោយបាត់បង់សោភណភាព និងរបៀបរៀបរយសង្គម ។

រដ្ឋបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា “ក្នុងករណីមិនរាងចាល និងធ្វើការផាកពិន័យ ទៅតាមស្ថានទម្ងន់ទោស ដែលសមីជនបានប្រព្រឹត្ត ឬផ្អាកអាជីវកម្ម ក្នុងករណីធ្ងន់ធ្ងរ ត្រូវបញ្ជូនខ្លួនទៅតុលាការ” ។

To Top