ព័ត៌មានជាតិ

គ្រោះថ្នាក់ ចរាចរណ៍សម្លាប់ មនុស្សជាង៨ពាន់នាក់ ត្រឹមរយៈពេល៦ខែ

ភ្នំពេញ ៖ ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០ គ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើង ចំនួន១.៦១៩ លើក ក្នុងនោះបណ្ដាលឲ្យអ្នកស្លាប់ចំនួន៨១៩នាក់ និង របួសចំនួន២.៤៤៩នាក់។ នេះបើតាមរបាយការណ៍ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បង្ហាញនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។

របាយការណ៍បន្តថា ក្នុងនោះ អ្នកស្លាប់ច្រើនជាងគេ នៅរាជធានីភ្នំពេញ ១៤៦នាក់ ខេត្តកំពង់ធំ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់ ។

របាយការណ៍ដដែល រៀបរាប់ថា មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍មកពីបើកបរលើសល្បឿនកំណត់៣៣% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្គាំ១៤% វ៉ាជែង១០% បត់១០% ស្រវឹង៦% កត្តាយានយន្ដ៤% និងងងុយ១%។

បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៩ គ្រោះថ្នាក់ថយចំនួន៥៥២លើក ស្មើ២៥% (១.៦១៩/២.១៧១លើក) ស្លាប់ថយចំនួន១៧២នាក់ស្មើ១៧% (៨៦១/១.០៣៣នាក់) និងរបួសថយ៧៧៨នាក់ ស្មើ២៤% (២.៤៤៩/៣.២២៧នាក់)។

ជាងនេះទៅទៀត របាយការណ៍ លើកឡើងថា ប្រតិបត្តិការពិនិត្យអនុវត្តច្បាប់ ប្រចាំឆមាទី១ ឆ្នាំ២០២០ ទទួលលទ្ធផល ដូចជា ៖ បានត្រួតពិនិត្យយានយន្ដ សរុបចំនួន៩៨៧.០០៣គ្រឿង ក្នុងនោះម៉ូតូចំនួន៦១% ហើយបានរកឃើញយានយន្ដល្មើស និងពិន័យចំនួន២៣៤.១១៤គ្រឿង ស្មើនឹង២៤% ក្នុងនោះម៉ូតូចំនួន៦៥%។

ដោយឡែកការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រយៈពេល២ខែ(ឧសភា-មិថុនា) បានពិន័យសរុបចំនួន៨៣.៣៨៦ករណី ក្នុងនោះ ម៉ូតូចំនួន៦១.០២២នាក់ ស្មើ៧៣% និងរថយន្ដចំនួន២២.៣៦៤ករណី ស្មើ២៧%។

ចំណែក អនុវត្តការបង់ប្រាក់ពិន័យតាមស្នាក់ការ នគរបាលចរាចរណ៍ផ្លូវគោកដែលបានកំណត់ទទួល បានប្រាក់ពិន័យចំនួន១២.៥០១.១៨៥.០០០រៀល ក្នុងនោះ មិនទាន់បង់ប្រាក់ពិន័យចំនួន២០%៕ ដោយ អេង ប៊ូឆេង

To Top