ព័ត៌មានជាតិ

អគ្គស្នងការនគរបាលជាតិ សំណូមពរមន្រ្តីជំនាញ ពង្រឹងការគ្រប់គ្រងយានយន្ត កែច្នៃខុសបច្ចេកទេស

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានធ្វើការ សំណូមពរមន្រ្តីជំនាញ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ បណ្តាលពីការប្រើប្រាស់យានយន្តកែច្នៃ ។

ការសំណូមពរនេះធ្វើឡើង ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ។

ក្នុងនោះ នាយឧត្តមសេនីយ៍ បានសំណូមពរ៤ ចំណុចដូចខាងក្រោម៖

ទី១-ស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យ លទ្ធភាពគ្រប់គ្រងយានដ្ឋានកែច្នៃ នៅតាមបណ្តារាជធានី-ខេត្ត និងគួរតែមានការបេ្តជ្ញាចិត្តបញ្ចប់យាន ដ្ឋានកែច្នៃនៅក្នុងប្រទេស ។

ទី២-ស្នើសុំក្រសួងសាធារណការ គ្រប់គ្រងយាន្តយន្តកែច្នៃ ឲ្យបានកាន់តែល្អបន្ថែមទៀត ទាំងបច្ចេកទេស និងអ្នកប្រើប្រាស់តាមរយៈមន្ត្រីជំនាញ មន្ទីរសាធារណការ និងអង្គភាពាក់ព័ន្ធតាមរាជធានី-ខេត្ត។

ទី៣-ត្រូវរៀបចំផ្តល់ផ្លាកលេខ បណ្តោះអាសន្នដល់ ម្ចាស់យានយន្តកែច្នៃ ។

និងទី៤-ស្នើសុំក្រសួងសាធារណការពិនិត្យ និងពិចារណាពីការកំណត់ ភូមិសាស្ត្រក្នុងការធ្វើដំណើរ ដោយអនុញ្ញាតឲ្យយានយន្ត កែច្នៃធ្វើចរាចរណ៍តាមផ្លូវជាតិ ឬភូមិ ឃុំ ស្រុក ខេត្ត ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏សំណូមពរអភិបាលរាជធានី-ខេត្ត ពិនិត្យឲ្យបានម៉ត់ចត់ លើកម្លាំងអនុវត្តច្បាប់ និងសំណូមពរសម្តេចក្រឡាហោម ស ខេង បង្កើនការផ្តល់សម្ភារៈ និងមធ្យោបាយសម្រាប់កិច្ចការ របស់កងកម្លាំងនគរបាល ចុះអនុវត្តច្បាប់ផងដែរ។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ បានឯកភាពចំពោះសំណើរនេះ។ លោកថា ក្រសួងបេ្តជ្ញានឹងបិទកន្លែងកែច្នៃ យានយន្តខុសលក្ខណៈបច្ចេកទេស ។ដោយឡែក ការផ្តល់ស្លាកលេខបណ្តោះអាសន្នទៅ ម្ចាស់យានយន្តកែច្នៃ ក្រសួងនឹងធ្វើការពិនិត្យព្រមទាំង សិក្សាបន្ថែម៕

ដោយ អេង ប៊ូឆេង

To Top