ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួមប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន លើកទី១៣ តាមប្រព័ន្ធវីដេអូ នៅថ្ងៃ៩ កក្កដា

​​ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី១៣ តាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនៅថ្ងៃទី៧ កក្កដានេះបានឲ្យដឹងថា ​​កិច្ចប្រជុំនេះ នឹងដឹកនាំដោយសហប្រធាន លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក Totegi Toshimitsu រដ្ឋមន្រ្តីការបរទេសជប៉ុន ។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ នឹងធ្វើការពិភាក្សាលើវឌ្ឍនភាពដែលសម្រេចបានក្រោម «យុទ្ធសាស្រ្តទីក្រុងតូក្យូឆ្នាំ២០១៨» និង «គំនិតផ្តួចផ្តើមមេគង្គ-ជប៉ុនសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពឆ្នាំ២០៣០» ក៏ដូចជា «កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ក្នុងគោលបំណងសម្រេច ឱ្យបាននូវការគ្របដណ្តប់ សុខភាពជាសកល (Universal Health Coverage) និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច» តាមរយៈការចែករំលែកបទពិសោធន៍ និងឧត្តម្មានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ និងការលើកកម្ពស់សុខភាព សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយ ចីរភាពក្នុងតំបន់មេគង្គ ៕

To Top