ព័ត៌មានជាតិ

ក្រសួងអប់រំ អនុញ្ញាតឲ្យ រៀបចំការប្រឡងឌីប្លូម និងបាក់ឌុប

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន អាចរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សា បឋមភូមិ (ឌីប្លូម) និងការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) និងឲ្យគ្រឹះស្ថានឧត្តមសិក្សាឯកជន អាចប្រឡងបញ្ចប់ឆ្នាំ នៅតាមគ្រឹះស្ថានសិក្សា រយ:ពេលចំនួនពីរថ្ងៃ។

នេះបើយោងតាមលិខិត របស់ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងក៏បានអនុញ្ញាត ឲ្យរៀបចំការប្រឡង តាមប្រព័ន្ធអេឡិចត្រូនិក ទៅតាមប្រតិទិនគ្រឹះស្ថានសិក្សារៀងៗខ្លួន ដោយធានានូវស្តង់ដាគុណភាព ដែលអាចទទួលយកបាន។

ក្រសួងនឹងចូលរួមសហការ ជាមួយគ្រឹះស្ថានសិក្សាឯកជន ដើម្បីធានានូវស្តង់ដា គុណភាពផងដែរ។

ក្រសួងបញ្ជាក់ថា ចំពោះគ្រឹះស្ថានសិក្សាឯកជនណា ដែលអនុវត្តតាមការណែនាំរបស់ក្រសួង គ្រឹះស្ថានសិក្សានោះ អាចចេញសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ដោយមានការទទួលស្គាល់ពីក្រសួង ប៉ុន្តែគ្រឹះស្ថានសិក្សាឯកជន ត្រូវចុះហត្ថលេខាដោយខ្លួនឯង ។ ហើយក្រសួងនឹងចុះអធិការកិច្ច តាមការចាំបាច់ ដើម្បីធានាបាននូវគុណភាព នៃសញ្ញាបត្រផងដែរ ៕ ដោយ៖ធី លីថូ

To Top