Covid-19

នាយករដ្ឋមន្រ្តី បន្តផ្ញើសារឲ្យជនរួមជាតិ ប្រយ័ត្នកូវីដ១៩ ខណៈមានអ្នកជំងឺជាង ១១លាននាក់ លើពិភពលោក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តផ្ញើសារក្រើនរំលឹកដាស់តឿន ឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ១៩ ។

បើតាមហ្វេសប៊ុកសម្តេចមកទល់ថ្ងៃ៨ កក្កដា នេះ ស្ថានភាពការឆ្លងរាលរាតត្បាតជំងឺកូវីដ១៩ ក្នុងពិភពលោកបានកើនឡើងដល់ ១១ ៥០០ ៣០២នាក់ ហើយចំនួនអ្នកស្លាប់ បានកើនឡើងដល់ ៥៣៥ ៧៥៩ នាក់។

ដូច្នេះសម្តេចថ្លែងថា ត្រូវបន្តយកចិត្តទុកដាក់ ថែរក្សាសុវត្ថិភាពបានល្អ ជាពិសេសកុំឲ្យឆ្លងជំងឺកូវីដ១៩ ដោយត្រូវក្រើនរំលឹកដល់ កូនចៅតូចៗនៅក្នុងបន្ទុក ឲ្យចេះការពារខ្លួន ហើយឧស្សាហ៍ដុសលាងសម្អាតដៃ ជាមួយសាប៊ូ ជែល ឬទឹកអាល់កុល និងពាក់ម៉ាសការពារខ្លួន។

ចំពោះនៅផ្សាររដ្ឋនិងឯកជន តូបឬហាងលក់ឥវ៉ាន់ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសក្លីនិក មន្ទីរពេទ្យរដ្ឋ និងឯកជនត្រូវមានជែល ឬអាល់កុល និងម៉ាសសម្រាប់អតិថិជនប្រើប្រាស់ ចៀសវាងការឆ្លងជំងឺកូវីដ១៩ ពីម្នាក់ទៅម្នាក់។

សម្រាប់ពលរដ្ឋអ្នកធ្វើដំណើរ មកពីក្រៅប្រទេស ក្រោយពីបានពិនិត្យសុខភាព មានលទ្ធផលអវិជ្ជមានហើយ បានអនុញ្ញាតឲ្យទៅរស់នៅ ដាច់ដោយឡែកនៅតាមផ្ទះ ត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខា ភិបាលត្រឹមត្រូវ ហាមដើរចេញមានទំនាក់ទំនងក្រៅផ្ទះ ទោះបីគ្មានមន្រ្តីសុខាភិបាល នៅជាមួយជាប់ក៏ដោយ ៕

To Top