ព័ត៌មានជាតិ

ADB ផ្ដល់កម្ចី ២៥០លានដុល្លារ ដល់កម្ពុជា ដើម្បីដោះស្រាយបញ្ហា ក្នុងពេលជួបវិបត្តិកូវីដ១៩

ភ្នំពេញ៖ ធនាគារអភិវឌ្ឍអាស៊ី (ADB) បានសម្រេចផ្តល់ប្រាក់កម្ចីចំនួន ២៥០ លានដុល្លារ ដើម្បីជួយរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹង ការរីករាលដាលនៃជំងឺកូវីដ១៩ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍអាស៊ី នៅថ្ងៃទី៨ កក្កដានេះ បានឲ្យដឹងថា កម្ចីទាំងនេះនឹងជួយដល់ ជនក្រីក្រ និងជនងាយរងគ្រោះ ព្រមទាំងជួយគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ។

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីលោក Masatsugu Asakawa បានមានប្រសាសន៍ថា «កម្ចីនេះនឹងជួយរួមចំណែក ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបនឹងការ រីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសជួយកាត់បន្ថយ ផលប៉ះពាល់លើបញ្ហាសង្គម និងសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺរាតត្បាតនេះ» ។

លោក Masatsugu Asakawa បន្តថា “កម្ពុជាមានកំណត់ត្រានៃ ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចល្អ ប៉ុន្តែ COVID -19 គំរាមធ្វើឲ្យថយចុះ នូវការរីកចម្រើនក្នុងការ កាត់បន្ថយភាពក្រីក្រជាពិសេសក្នុងចំណោមក្រុម ងាយរងគ្រោះ ដូចជាស្រ្តីនិងកម្មករចំណាកស្រុក។ កម្ចីនេះជាផែនការចូលរួមរយៈពេលវែងរបស់ ADB ដែលផ្តោតទៅលើការ គាំទ្រការស្ទុះងើបឡើងវិញ នៃ សេដ្ឋកិច្ច និងនិរន្តរភាពហិរញ្ញវត្ថុសាធារណៈរបស់ កម្ពុជា”។

កម្ពុជាងាយរងគ្រោះខ្លាំង ពីផលប៉ះពាល់អវិជ្ជមាននៃ COVID-19 ដោយសារសេដ្ឋកិច្ច បើកចំហមូល ដ្ឋានសេដ្ឋកិច្ចចង្អៀត និងប្រជាពលរដ្ឋចល័តច្រើន។ ADB រំពឹងថា សេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះក្នុងរង្វង់ ៥,៥% ក្នុងឆ្នាំ២០២០ ដោយសារការថយចុះ នៃវិស័យទេសចរណ៍ ការនាំចេញសំលៀក បំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរតិចជាងមុន និងការចុះថយនៃសកម្មភាពសំណង់។

ហានិភ័យនៃការធ្លាក់ចុះនេះ អាចនឹងនាំឲ្យប្រជាពលរដ្ឋប្រមាណ ១,៣លាននាក់ ទៀតធ្លាក់ក្នុងភាពក្រីក្រ។

កាលពីខែមីនា កម្ពុជាប្រកាសដំណើរការ ការឆ្លើយតបស៊ីជម្រៅទៅនឹង COVID-19 ជាមួយនឹងកញ្ចប់ថវិកាវិធានការដំបូងសរុប ៨១៥,៧លានដុល្លារ ដែលស្មើនឹង ៣,២% នៃផលិតផលក្នុងស្រុកសរុប រំពឹងទុក សម្រាប់ឆ្នាំ២០២០។ ទាំងនេះរួមបញ្ចូលនូវការគាំទ្រទៅលើប្រព័ន្ធសុខាភិបាល ដើម្បីត្រៀមបង្ការ ការ កើនឡើងនៃករណីCOVID-19 ហើយសម្រាប់កម្មករ និងសហគ្រាសដែលរួមមានការ ចាក់បញ្ចូលដើមទុន ១៥០លានដុល្លារ ដើម្បីគាំទ្រធនាគារដែលផ្តល់កម្ចី ដល់អាជីវកម្មខ្នាតតូចនិងមធ្យម។

កញ្ចប់ថវិកា គាំទ្រនេះ រួមមាន ៣០០លានដុល្លារ សម្រាប់ការផ្តល់ជំនួយជា សាច់ប្រាក់ដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ ដែលមានក្នុងបញ្ជីទិន្នន័យ របស់រាជរដ្ឋាភិបាល៕

ដោយ ខា ដា

To Top