ព័ត៌មានជាតិ

វិភាគ ៖ ចិន ចូលជាប្រទេស ហត្ថលេខី ក្នុងសន្ធិសញ្ញាពាណិជ្ជកម្ម អាវុធជាផ្លូវការ ខណៈអាមេរិក ដកខ្លួនចេញ

បច្ចុប្បន្នភាព

លោក Zhang Jun អគ្គរដ្ឋទូត របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានចុះហត្ថលេខា លើសន្ធិសញ្ញាគ្រប់គ្រង ពាណិជ្ជកម្មអាវុធ (Arm Commercial Treaty) ដែលហៅកាត់ថា ACT ជាស្ថាពរហើយ កាលពីថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ដែលធ្វើអោយចិន ក្លាយជាប្រទេសទី១០៧ ក្នុងសន្ធិសញ្ញានេះ ។

ក្នុងពេលដែលចុះហត្ថលេខា លើសន្ធិសញ្ញា ACT លោក Zhang Jun បាននិយាយបន្ទោសថា មានប្រទេសមួយនៅលើពិភពលោកនេះ ដែលកំសាក និងបានដកខ្លួនចេញ ពីកិច្ចសន្យាអន្តរជាតិ សឹងតែគ្រប់វិស័យ ហើយប្រទេសនោះ កំពុងតែធ្វើសកម្មភាពក្អេងក្អាង អត្តនោម័តតែម្នាក់ឯង និងគំរាមសំឡុត គេឯងឯទៀត ។

ការនិយាយបន្ទោស របស់លោក Zhang Jun មិនបានចង្អុលចំឈ្មោះ ប្រទេសណានោះទេ ប៉ុន្តែលោក Zhang Jun ពិតជានិយាយសំដៅ ទៅលើសហរដ្ឋអាមេរិក ជាពិសេសគឺប្រទេស មហាអំណាចមួយនេះ ស្ថិតក្រោមការគ្រប់គ្រង របស់លោក ដូណាល់ ត្រាំ ។

សូមរំលឹកជូនថា កាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ដដែលនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានប្រកាសថា គណៈកម្មការអចិន្ត្រៃយ៍ នៃសភាប្រជាមានិតចិន បានអនុម័តរួចហើយក្នុងការដាក់បញ្ចូល ប្រទេសនេះ ទៅក្នុងសន្ធិសញ្ញា ACT របស់អង្គការសហប្រជាជាតិ ។
សន្ធិសញ្ញាពាណិជ្ជកម្ម សព្វាវុធ ACT ត្រូវបានអនុម័ត ដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣ និងបានចូលជាធរមាន កាលពីឆ្នាំ២០១៤កន្លងទៅ ដោយគិតមកទល់នឹងឆ្នាំ២០១៩ មានប្រទេសចំនួន១០៥ ប្រទេស បានផ្តល់សច្ចាប័ន ក្នុងចំណោមប្រទេសហត្ថលេខី ជាង១៣០ប្រទេស ។

ខ្លឹមសារគោល នៃសន្ធិសញ្ញាស្តីពីការធ្វើពាណិជ្ជកម្មសព្វាវុធនេះ ប្រទេសហត្ថលេខីទាំងអស់ នៅលើពិភពលោក មានកាតព្វកិច្ចត្រូវផ្ទៀងផ្ទាត់ និងធានាថាពាណិជ្ជកម្មសព្វាវុធរបស់ខ្លួន គ្មានហានិភ័យជាប់ពាក់ព័ន្ធ នឹងការពង្វាងទណ្ឌកម្មអន្តរជាតិ ឬការពង្វាងលក់ទៅឱ្យពួកឧក្រិដ្ឋជន ឬក្រុមប្រព្រឹត្តអំពើហិង្សា រំលោភសិទ្ធិមនុស្ស ។

គ្រឿងសព្វាវុធ ដែលអាចធ្វើពាណិជ្ជកម្មបាន ដែលមានចែងក្នុងសន្ធិសញ្ញានេះ មានរាប់តាំងពីប្រភេទ កាំភ្លើងខ្លីធម្មតា រហូតដល់យន្តហោះ និងនាវាចម្បាំង កាំភ្លើងធុនធ្ងន់ ព្រមទាំងអាវុធមីស៊ីលទៀតផង ហើយសហរដ្ឋអាមេរិក គឺជាប្រទេសជាប់លេខ១នៅលើពិភពលោក ដែលលក់អាវុធច្រើនជាងគេ បន្ទាប់មកប្រទេសចិនជាប់លំដាប់ថ្នាក់លេខ២ និងប្រទេសរុស្ស៊ីជាប់លំដាប់ថ្នាក់លេខ៣ ដែលលក់អាវុធច្រើនជាងគេ ។

ក្នុងចំណោមប្រទេសនាំអាវុធ ចេញច្រើនជាងគេ ចិនជាប្រទេសលំដាប់ទី៥ ដែលសហរដ្ឋអាមេរិក ស្ថិតនៅលំដាប់ទី១ រុស្ស៊ីទី២ បារាំងទី៣ និងអាល្លឺម៉ង់ទី៤ ដែលនេះបើផ្អែកតាមទិន្នន័យ ចុងក្រោយ របស់វិទ្យាស្ថាន ដើម្បីសន្តិភាពអន្តរជាតិ នៅទីក្រុងស្តុកខូម (SIPRI) ។

ចំណែកសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសផលិត និងនាំចេញអាវុធច្រើនជាងគេ នៅលើពិភពលោក អតីតប្រធានាធិបតីរបស់ប្រទេសនេះ លោក បារ៉ាក់ អូបាម៉ា បានចុះហត្ថលេខាលើ សន្ធិសញ្ញានេះ ក៏ប៉ុន្តែសមាគម National Rifle Association (NRA) ដែលជាក្រុមឡប់ប៊ីអាវុធដ៏មានឥទ្ធិពល បានប្រឆាំងនឹងសន្ធិសញ្ញានេះ និងបានប្រើឥទ្ធិពលលើព្រឹទ្ធសភា អោយបដិសេធ មិនផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ ។

កាលពីឆ្នាំ២០១៩កន្លងទៅ លោក ដូណាល់ ត្រាំ ដែលជាមិត្តស្និទស្នាល ជាមួយក្រុម National Rifle Association បានប្រកាសថា លោកនឹងដកសហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញានេះនៅពេលខាងមុខ ខណៈដែលព្រឹទ្ធសភា មិនទាន់ផ្តល់សច្ចាប័ន ។

ដើមចមនាំអោយកើតរឿង

ដើមចមសំខាន់ ដែលនាំអោយប្រទេសចិនចូលរួមជាប្រទេសហត្ថលេខី នៃសន្ធិសញ្ញាពាណិជ្ជកម្មអាវុធនេះ គឺដោយសារសហរដ្ឋអាមេរិក ក្រោមការដឹកនាំ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀង និងសន្ធិសញ្ញាជាច្រើន ដែលជាប្រយោជន៍រួមនៅលើពិភពលោក ហើយចិនជាអ្នកជំនួសអាមេរិក ។

ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកបានសម្រេចដកខ្លួនចេញ ពីសន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិជាច្រើន មានជាអាទិ៍ កិច្ចព្រមព្រៀងបម្រែបម្រួល អាកាសធាតុទីក្រុងប៉ារីស កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ចាកចេញពីអង្គការយូណេស្កូ និងចុងក្រោយនេះ គឺចាកចេញពីសមាជិក ភាពរបស់អង្គការ សុខភាពពិភពលោក ។

សន្និដ្ឋាន៖ តើចិនទួលបានប្រយោជន៍អ្វីពីការចូលជាសមាជិក ACT?

ផលប្រយោជន៍របស់ប្រទេសចិន ដែលបានមកពីការចូលជាសមាជិក នៃសន្ធិសញ្ញាពាណិជ្ជកម្ម អាវុធនេះ គឺចិនមានលទ្ធភាព ក្នុងការប្រមូលសម្លេង ពីប្រទេសជាមាជិកផ្សេងទៀត របស់សន្ធិសញ្ញានេះ ក្នុងដាក់សម្ពាធលើសហរដ្ឋអាមេរិក ឬប្រទេសផ្សេងទៀតពាក់ព័ន្ធ នឹងការជួញដូរអាវុធ នៅលើទីផ្សារអន្តរជាតិ ។

ចិនដែលអាចនឹងដាក់សម្ពាធ លើការជួញដូរអាវុធបាន គឺដោយផ្អែកលើខ្លឹមសារគោល នៃសន្ធិសញ្ញាស្តីពីការធ្វើពាណិជ្ជកម្ម សព្វាវុធនេះ ដែលប្រទេសហត្ថលេខីទាំងអស់ នៅលើពិភពលោក មានកាតព្វកិច្ចត្រូវផ្ទៀងផ្ទាត់ និងធានាថាពាណិជ្ជកម្មសព្វាវុធរបស់ខ្លួន គ្មានហានិភ័យជាប់ពាក់ព័ន្ធ នឹងការពង្វាងទណ្ឌកម្មអន្តរជាតិ ឬការពង្វាងលក់ទៅឱ្យពួកឧក្រិដ្ឋជន ឬក្រុមប្រព្រឹត្តអំពើហិង្សារំលោភសិទ្ធិមនុស្ស ។

ផលប៉ះពាល់

ផលប៉ះពាល់ដែលកើតចេញ ពីសន្ធិសញ្ញាពាណិជ្ជកម្មអាវុធនេះ គឺប៉ះពាល់ភាគច្រើនទៅលើតែប្រទេសលក់អាវុធច្រើនជាងគេ ដូចជាសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង និងអាល្លឺម៉ង់ ដោយប្រទេសផ្សេងទៀត មិនមានផលប៉ះពាល់ទេ ប៉ុន្តែអាចចូលរួមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ប្រភេទអាវុធដែលត្រូវបានជួញដូរអាវុធបាន ៕

ដោយ៖ អ៊ិន ជិន

To Top