ភ្នំពេញ ៖ អ្នកស្រាវជ្រាវមួយ ក្រុមមកពីមជ្ឈមណ្ឌលស្រាវជ្រាវ សុខភាពប្រជាជនអង្គការខាណា (KHANACenter for Population Health Research) មានជោគជ័យទទួលរង្វាន់មូលនិធិ សម្រាប់យកទៅដាក់ឲ្យប្រតិបត្តិការ នូវបណ្តាញឈែតលើអាប់ WhatsApp មួយសម្រាប់ត្រៀម ឆ្លើយតបពេញមួយថ្ងៃ២៤ម៉ោង ទៅនឹងអំពើហិង្សាខាងយេនឌ័រ និងជួយដល់និយោជិកនារី ដែលធ្វើការនៅតាមឧស្សាហកម្មកម្សាន្ត។
យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា រង្វាន់របស់កម្មវិធីដែលមានឈ្មោះថា ទីផ្សារអភិវឌ្ឍន៍ឆ្នាំ២០២០ នវានុវត្តភាព សម្រាប់ឆ្លើយតបអំពើហិង្សា ទាក់ទងយេនឌ័រ នឹងជួយបង្កលទ្ធភាពឲ្យអ្នកស្រាវជ្រាវនៅ អង្គការខាណាធ្វើតេស្តបណ្តាញ ឈែតមួយឈ្មោះថា SMARTgirl Chatline ដែលផ្តល់សេវា គាំទ្រ ២៤ម៉ោងតាមរយៈអាប់ WhatsApp ដល់ស្ត្រីធ្វើការនៅតាមឧស្សាហកម្មកម្សាន្ត ដែលប្រឈមនឹងហានិភ័យ ឬដែលរស់រានឆ្លងផុត ពីអំពើហិង្សាទាក់ទងយេនឌ័រ។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា «សមភាពយេនឌ័រគឺជាអាទិភាពខ្ពស់ មួយសម្រាប់ ធនាគារពិភព លោកប្រចាំនៅកម្ពុជា ហើយវាត្រូវបានឆ្លុះបញ្ចាំង ជាប្រធានបទរឹងមាំមួយនៅក្នុងក្របខណ្ឌភាពជាដៃគូ ប្រចាំប្រទេសរបស់យើង ។ គម្រោងរបស់អង្គការ ខាណា គឺជាកិច្ចខិតខំដ៏មានសារៈ សំខាន់មួយសម្រាប់រក មធ្យោបាយជួយឱ្យនារីនិយោជិកទាំងនោះមានសុវត្ថិភាព ជាពិសេសអ្នកទាំងឡាយ ដែលប្រឈមនឹងហានិភ័យខ្ពស់មែនទែន»។
ចំណែក លោកស្រី ការ៉ិន ហ្គ្រោន នាយកផ្នែកយេនឌ័រសាកលលោក នៃក្រុមធនាគារពិភព លោក បានថ្លែងថា «ផលប៉ះទង្គិចរបស់អពើហិង្សាខាងយេនឌ័រ មិនមែនមានត្រឹមតែពេល មានការវាយដំទៅលើជនរងគ្រោះភ្លាមៗនោះទេ តែវានៅដិតដាម ជាមួយពួកគេយូរតទៅទៀត ក្នុងនោះមានការប៉ះទង្គិចផ្នែកសុខភាព ការអវត្តមានញឹកញាប់ ការបាត់បង់ផលិតភាពនៅកន្លែងធ្វើការ ការបាត់បង់ចំណូល សម្រាប់គ្រួសារ និង ឥទ្ធិពលមិនល្អវែងឆ្ងាយទៀត ទៅលើមនុស្សជំនាន់ក្រោយ»។
លោកស្រីបន្ដថា តាមរយៈរង្វាន់នៃកម្មវិធី Development Marketplace នេះ អ្នកស្រាវជ្រាវ ច្រើននាក់នៅជុំវិញពិភពលោក បាននិងកំពុងជួយបង្កើនល្បឿននៃការខិតខំទប់ស្កាត់ និងឆ្លើយតប ទៅនឹងអំពើហិង្សាខាងយេនឌ័រ ឲ្យកាន់តែ មានប្រសិទ្ធភាពថែមទៀត៕