ភ្នំពេញ៖ ក្នុងកិច្ចប្រជុំដកពិសោធន៍ ការអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានបន្តណែនាំ ក៏ដូចជាបញ្ជាឲ្យ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ខណ្ឌទាំងអស់ ឲ្យស្ទូចរថយន្តទាំងឡាយណា ដែលបានចតល្មើសស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ យកមកធ្វើការផាកពិន័យភ្លាមៗ ដោយគ្មានការលើកលែងឡើយ។
ជាមួយគ្នានោះ លោកក៏បានដាក់ចេញនូវបទបញ្ជា ដល់ការរិយាល័យចរាចរណ៍ផ្លូវគោក ការរិយាល័យសណ្តាប់ធ្នាប់ និងអធិការនគរបាលខណ្ឌទាំង១៤ ត្រូវតែចេញកម្លាំង និងរថយន្តស្ទូច ជាប្រចាំ ដើម្បីចុះរៀបចំសណ្តាប់ធ្នាប់ តាមគ្រប់គោលដៅទាំងអស់ ដើម្បីកាត់បន្ថយការកកស្ទះ និងរៀបចំទីក្រុង ឲ្យមានសោភ័ណ្ឌភាពល្អផងដែរ៕ ដោយ៖ធី លីថូ