ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជួបសំណេះសំណាលជាមួយសិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យជំនាន់ទី២ បំពេញក្របខ័ណ្ឌឲ្យសាលាពលទាហានចំណុះយោធភូមិភាគ ឆ្នាំ២០២០ (មូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែន ភ្នំធំម្រះព្រៅ ខេត្តកំពង់ស្ពឺ, ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០)។
លោកមេបញ្ជាការ បានលើកឡើងថា ប្រទេសជាតិរឹងមាំគឺផ្អែកទៅលើវិស័យការពារជាតិខ្លាំង ហើយវិស័យការពារជាតិខ្លាំង គឺដោយសារកងទ័ពយើងខ្លាំង។ នាយទាហានជំនាន់មុនបានបន្សល់ទុកនូវស្នាដៃការពារជាតិ ដើម្បីបុព្វហេតុជាតិ មកដល់យើងសព្វថ្ងៃនេះ ដូច្នេះយើងត្រូវបន្តថែរក្សានូវកេរមរតកនេះទៅមុខទៀត ដោយឈរលើមូលដ្ឋានៃស្មារតីឆន្ទៈ បទពិសោធន៍ ហើយបូកផ្សំជាមួយនឹងសមត្ថភាពជាក់ស្តែង។
លោក បន្ថែមថា ការហ្វឹកហ្វឺនពលទាហានឱ្យមានមូលដ្ឋានគ្រឹះច្បាស់លាស់ គឺជាកត្តាសំខាន់បំផុតដែលធ្វើឱ្យកងទ័ពរបស់យើងខ្លាំងហើយអាចការពារជាតិមាតុភូមិរបស់យើងបានយូរអង្វែងទៅមុខទៀត។ ការហ្វឹកហ្វឺនត្រូវផ្អែកលើកត្តាពីរ ទីមួយគឺស្មារតីស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងទីពីរគឺកត្តាសមត្ថភាពដោយមានភាពម្ចាស់ការលើខ្លួនឯង។ នេះហើយជាស្មារតីជាតិនិយម ដើម្បីបង្កើននូវភាពជឿទុកចិត្តលើខ្លួនឯងនៅក្នុងការធានាម្ចាស់ការលើអនាគតរបស់យើង។
លោកប្រមុខកងទ័ពជើងគោក បាមបន្ថែមថា យោធាចារ្យមានតួនាទីសំខាន់ណាស់។ អាជីពជាយោធាចារ្យ មានលក្ខណៈពិសេសពីរ។ ទីមួយគឺយើងបានចូលរួមដោយផ្ទាល់ក្នុងការបម្រើជាតិតាមរយៈការបង្រៀនពលទាហានរបស់យើងឱ្យមានមូលដ្ឋានក្នុងការការពារខ្លួន ក៏ដូចជាការពារអង្គភាព ធានាបាននូវជោគជ័យក្នុងការបំពេញភារកិច្ច ដែលជាមោទភាពក្នុងការចូលរួមចំណែកការពារជាតិតាមរយៈការបណ្តុះបណ្តាលនូវវីរជនឆ្នើមៗ។ ទីពីរគឺយោធាចារ្យទទួលបាននូវកិត្តិយសមហាសាលដែលដក់ជាប់ក្នុងក្រអៅបេះដូងរបស់សិស្សគ្រប់រូប ក្នុងនាមជាអ្នកមានគុណដែលបានផ្តល់នូវចំណេះដឹងដល់ពួកគេ។
លោក បន្តថា សូមសិក្ខាកាមយោធាចារ្យយើងយល់អំពីតម្លៃនៃអាជីពមួយនេះ ហើយយកចិត្តទុកដាក់ខ្ពស់ក្នុងការហ្វឹកហ្វឺន និងចេញទៅបំពេញភារកិច្ចបង្រៀននៅតាមបណ្តាសាលា ប្រកបដោយឆន្ទៈ និងមនសិកាខ្ពស់ចេញពីបេះដូង។ ជាមួយគ្នានេះ សូមយល់ផងដែរអំពីអត្ថប្រយោជន៍នៃអាជីពមួយនេះ តាមរយៈការចោទសួរថា តើយើងបានបន្សល់ទុកអ្វីខ្លះជូនកងទ័ពយើងបន្ទាប់ពីការចូលនិវត្តន៍ទៅ គឺយោធាចារ្យម្នាក់អាចបន្សល់ទុកនូវយោធិនរាប់ពាន់នាក់ដែលយើងបានចូលរួមបណ្តុះបណ្តាល រួមទាំងការបន្សល់ទុកនូវប្រព័ន្ធហ្វឹកហ្វឺនបណ្តុះបណ្តាលអប់រំកងទ័ព បន្តទុកឱ្យកូនចៅយើងជំនាន់ក្រោយៗទៀត។ ដូច្នេះហើយឱកាសជាយោធាចារ្យនេះ គឺជាឱកាសពិសេសមួយដែលសិក្ខាកាមយើងអាចចូលរួមក្នុងការកសាងសមិទ្ធិផលសម្រាប់កងទ័ពតាមរយៈការកសាងបណ្តុះបណ្តាលធនធានមនុស្ស។
មិនតែប៉ុណ្ណោះ លោក ក៏សូមអរគុណថ្នាក់ដឹកនាំកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ, អង្គភាព-ស្ថាប័នពាក់ព័ន្ធ, គណៈគ្រប់គ្រងវគ្គ, យោធាចារ្យ ក៏ដូចជានាយទាហាន, នាយទាហានរង និងពលទាហានទាំងអស់នៃកងពលតូចលេខ៧០ ដែលបានដែលបានសហការជួយរៀបចំ និងបង្កលក្ខណៈឱ្យការហ្វឹកហ្វឺននេះដំណើរការបានល្អប្រសើរ និងសូមអរគុណដល់បេក្ខជនយោធាចារ្យទាំងអស់ដែលបានស្ម័គ្រចិត្ត និងសកម្មយកចិត្តទុកដាក់ចូលរួមនៅក្នុងការហ្វឹកហ្វឺននេះ។







