ព័ត៌មានជាតិ

កម្មការិនី ជាស្ត្រីសម្រាលកូន ៣នាក់ នៅខេត្តមណ្ឌលគិរី ទទួលប្រាក់ឧបត្ថម្ភ បន្ថែម ពីរាជរដ្ឋាភិបាល

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តមណ្ឌលគិរី បានប្រគល់សេចក្ដីសម្រេច ផ្ដល់តាវកាលិកថែទាំសុខភាព ជូនដល់កម្មករនិយោជិត ជាស្ត្រីពេលសម្រាលកូន និងជូនដល់អ្នកតំណាង ឱ្យស្រ្តីសម្រាលកូន ដោយផ្ទាល់ ដែលបានសម្រាក លំហែមាតុភាព រយៈពេល ៩០ថ្ងៃ ចំនួន ៣នាក់ ។

សូមបញ្ជាក់ផងដែរថា៖ សម្រាប់កម្មការិនីមានផ្ទៃពោះ ជាសមាជិក ប.ស.ស ដែលកំពុងបម្រើការងារ នៅក្នុងសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជី និងបង់ភាគទាន មកកាន់ ប.ស.ស អាចទទួលបាន៖

១-ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល។ ដើម្បីទទួលបាន ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល គឺត្រូវអនុវត្តតាមការណែនាំ ដូចខាងក្រោម៖
-កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញ បែបបទនៅទីស្នាក់ការ ប.ស.ស ក្នុងរាជធានី ខេត្ត ក្នុងកំលុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។
-សាមីខ្លួនត្រូវភ្ជាប់ មកជាមួយនូវ លិខិតពិនិត្យផ្ទៃពោះ ដែលបានបញ្ជាក់កាលបរិច្ឆេទ ត្រូវសម្រាល(អេកូ) ប័ណ្ណសមាជិក ប.ស.ស ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់ របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។
-ករណីសាមីខ្លួន មិនបានមកបំពេញបែបបទ នៅ ប.ស.ស ក្នុងកំលុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។
-សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស តាមលេខទូរស័ព្ទ ទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាក ក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស ។

២-សម្រាប់ប្រាក់បំណាច់ ៧០% នៃប្រាក់ឈ្នូលមធ្យម ប្រចាំថ្ងៃរយៈពេល ៩០ថ្ងៃ នៃការឈប់សមា្រក លំហែមាតុភាព ក្រោយពេលសម្រាលកូនរួច សាម៉ីខ្លួនត្រូវភ្ជាប់ឯកសារមក ប.ស.ស រួមមានដូចខាងក្រោម ៖
-សំបុត្រចេញពីមន្ទីរពេទ្យ ឬសំបុត្របញ្ជាក់ សំបុត្រកំណើត ឬបញ្ជាក់ថា បានសម្រាលកូន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ បានច្បាស់លាស់។
-ច្បាប់ឈប់សម្រាក ៩០ថ្ងៃ ដែលចេញដោយក្រុមហ៊ុន ឬរោងចក្រ
-ទម្រង់បំពេញទាមទារ ប្រាក់បំណាច់ប្រចាំថ្ងៃ
-លិខិតផ្ទេរសិទ្ធិ ប្រសិនអនុញ្ញាតិឱ្យប្តី ឬសាច់ញាតិរបស់ខ្លួន ត្រូវភ្ជាប់ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ របស់ប្តី ឬសាច់ញាតិរបស់ខ្លួន ។
-ប្រសិនបើការសម្រាលកូនធ្វើឡើង នៅមន្ទីរពេទ្យ ដែលមិនមែនជាដៃគូជាមួយ ប.ស.ស សាម៉ីខ្លួន ដែលជាអ្នកសម្រាល ត្រូវតាមដានសុខភាព ក្រោយសម្រាល នៅមន្ទីរពេទ្យ ដែលជាដៃគូជាមួយ ប.ស.ស៕

To Top