ព័ត៌មានជាតិ

អគ្គនាយក ARDB ចូលរួមធ្វើបទបង្ហាញ ស្តីពី លទ្ធភាព​ ផ្តល់ឥណទាន ចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងសិប្បកម្ម​ ដល់ប្រជាកសិករ ខេត្តស្វាយរៀង

ភ្នំពេញ​​៖ លោក កៅ ថាច អគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ​បានអញ្ជើញ ចូលរួមជាវាគ្មិន​​ ក្នុងកម្មវិធីធ្វើបទបង្ហាញ ស្តីពីលទ្ធភាពផ្តល់ឥណទាន ដល់កសិករ ចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃ ផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរកសិកម្ម ប្រមាណ ជិត២០០នាក់ ក្រោមការសម្របសម្រួល​ ពីរដ្ឋបាលខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួម ជាអធិបតីភាពពីសំណាក់ លោក សេង សីលា អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមានការចូលរួមផងដែរ ពីតំណាងក្រសួង កសិកម្មរុក្ខាប្រមាញ និងនេសាទ ព្រមទាំងមានការចូលរួម​ ពីតំណាងមន្ទីរ និងអាជ្ញាធរស្រុកជុំវិញ ខេត្តផងដែរ។

ក្នុងឱកាសនោះ លោក កៅ ថាច បានជម្រាបជូន​​ ដល់បងប្អូនទាំងអស់ ដែលបានអញ្ជើញចូលរួមថា ដោយទទួលបានការគាំទ្រ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាននឹងកំពុងអនុវត្តតួនាទី ជាអន្តរការីទទួល នូវកិច្ចការគ្រប់គ្រង និង អនុវត្តកម្មវិធី ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់ រហូតដល់ ៥០លានដុល្លារអាមេរិក ដើម្បីផ្តល់ឥណទាន ដែលមានអត្រាការប្រាក់ទាប ជូនដល់បងប្អូន ប្រជាកសិករ របរចញ្ចឹមត្រី មាន់ ទា ដាំបន្លែ និង សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃ​ ផ​លិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីឱ្យបងប្អូន មានលទ្ធភាព ពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើង នូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើត ការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិត ក្នុងស្រុក សម្រាប់ជំរុញ ទាំងការនាំចេញ និងកាត់បន្ថយការនាំចូល នៅក្នុងដំណាក់កាល ដែលសេដ្ឋកិច្ចកម្ពុជា ជួបប្រទះបញ្ហាប្រឈម មួយចំនួន កើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA។

លោក កៅ ថាច បានបន្ថែមទៀតថា ជាគោលការណ៍ កម្មវិធីហិរញ្ញប្បទានពិសេសនេះ នឹងផ្តល់ឥណទាន ពីចំនួន ៥០០០ ដុល្លារអាមេរិក រហូតដល់ ៣០០,០០០ ដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ទាប ចំនួន៥ភាគរយប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លីចំនួន២ឆ្នាំ) និងសម្រាប់ទុនវិនិយោគ (រយៈពេលវែងចំនួន៧ឆ្នាំ) ក្នុងអត្រាការប្រាក់ចំនួន ៥.៥ភាគរយក្នុងមួយឆ្នាំ។

ជាមួយគ្នានេះ​ ពាក់ព័ន្ធនឹងទ្រព្យធានាឥណទាន ក្រោមកម្មវិធីពិសេសនេះ លោក កៅ ថាច បានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចផ្តល់ជូនរហូត ដល់៨០ភាគរយ​ នៃតម្លៃទ្រព្យធានាបំណុល ដែលជាអចលទ្រព្យ ហើយការទទួលយក ទ្រព្យធានាបំណុល ក៏មានភាពបត់បែនច្រើន ដោយទទួលយក៖ ឧបករណ៍-គ្រឿងម៉ាស៊ីន, សន្និធិ, លិខិតធានាសងបំណុល ពីភាគីអ្នកទិញ ឬលិខិតធានាផ្សេង, វិញ្ញាបនបត្រប្រាក់បញ្ញើ ក្រៅពីអចលនទ្រព្យ ជាដើម។

លោកអគ្គនាយក បានបន្ថែមទៀតថា លើការអនុវត្តនូវកម្មវិធី ហិរញ្ញប្បទានពិសេស​ របស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់ រហូតដល់ ៥០ លានដុល្លារអាមេរិកនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏មានផលិតផលឥណទានផ្សេងទៀត ដែលមានអត្រាការប្រាក់ អនុគ្រោះដល់បងប្អូនប្រជាកសិករផងដែរ ។

លោកក៏បានលើកទឹកចិត្ត​ ដល់បងប្អូនកសិករ ក្នុងករណីប្រសិនបើបងប្អូន មិនអាចបំពេញបានតាមលក្ខខណ្ឌ តម្រូវរបស់កម្មវិធី ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល បងប្អូនអាចធ្វើការពិចារណា ធ្វើកម្ចីពីកញ្ចប់ឥណទាន ផ្សេងទៀតរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផងដែរ។

លោក កៅ ថាច អគ្គនាយក​ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការស្នើសុំ និងសំណូមពរ ដល់បងប្អូនកសិករចញ្ចឹមត្រី ចញ្ចឹមសត្វ ដាំដុះបន្លែ អោយរៀបចំផែនការដាំដុះ ផែនការចញ្ចឹម ឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ ក្នុងទីផ្សារអោយបាន តាមតម្រូវការ និងមាននិរន្តរភាព ដើម្បីចូលរួមកាត់បន្ថយ ការនាំចូលពីប្រទេសជិតខាង៕

To Top