ព័ត៌មានជាតិ

ទឹកប្រាក់៥ម៉ឺនដុល្លារ និង២០ លានរៀល របស់សម្តេចតេជោ ត្រូវបានប្រគល់ឲ្យគ្រួសារសព ឧត្តមសេនីយ៍ទោ ស សាវី

ភ្នំពេញ ៖ ទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ និង២០លានរៀល របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ជូនគ្រួសារសព លោកឧត្តមសេនីយ៍ទោ ស សាវី ។ នេះបើតាមការផ្សាយ របស់ព័ត៌មានកងកម្លាំងរក្សាសន្តិភាព។

ការប្រគល់ជូនថវិកានេះ តាមរយៈលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈ កម្មាធិការជាតិ ក្នុងលោកបានដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ ស សាវី នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

ពិធីគោរពវិញ្ញាណក្ខន្ធ ប្រារព្ធជាផ្លូវការនៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាល កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ពិធីបុណ្យសព និងពិធីគោរពវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ ស សាវី ទាំងនៅក្នុងប្រទេស និងនៅម៉ាលី គឺមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព រាប់រងចាត់ចែងទាំងស្រុង ដែលគិតជាថវិកាអស់ប្រមាណ២ម៉ឺនដុល្លារ។

សូមបញ្ជាក់ថា ឧត្តមសេនីយ៍ទោ ស សាវី អាយុ៦៣ឆ្នាំ បានបាត់បង់ជីវិត កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីឆ្លងជំងឺកូវីដ-១៩ នៅប្រទេសម៉ាលី ។ លោក ឧត្តមសេនីយ៍ទោ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ៕

To Top