ព័ត៌មានជាតិ

អភិបាល ខេត្តមណ្ឌលគិរី ដកហូតដីព្រៃខុសច្បាប់ ជិត២ពាន់ហិកតា

ភ្នំពេញ ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា រហូតមកដល់ពេលនេះ អាជ្ញាធរមានសមត្ថកិច្ច បានដកហូតដីព្រៃខុសច្បាប់ ចំនួនជិត២ពាន់ហិកតា។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាល ខេត្ដមណ្ឌលគីរី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោក ស្វាយ សំអ៊ាង បានថ្លែងថា “ក្នុងនាមអាជ្ញាខេត្ត រដ្ឋបាលខេត្តទាំងមូល មានភារកិច្ចការពារដីព្រៃ ដែនដីតំបន់ដើម្បីការពារទុក និងអភិរក្សធនធានធម្មជាតិរបស់យើង។ អីចឹងរាល់ការចាប់រំលោភបំពានខុសច្បាប់យើងត្រូវចាត់ការ ។ ហើយ មកដល់ ពេលនេះ អាជ្ញាធរខេត្តក៏បានដកហូត ឬក៏លុបចោល នូវការកាន់កាប់ដីខុសច្បាប់ មួយចំនួនដែល យើងដកហូតប្រមាណ ជិត២ពាន់ហិកតា”។

លោកបញ្ជាក់ថា រដ្ឋបាលខេត្តដកហូតដី ជិត២ពាន់ហិក តា គឺជាដីខុសច្បាប់ទូទៅ មិនមែនជាបុគ្គលណាមួយឡើយ ។ លោកថា ប្រជាពលរដ្ឋកាន់កាប់ដី ត្រូវតែ មាន ច្បាប់ ព្រោះជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយអ្វីដែលកាន់កាប់ដី ខុសច្បាប់ក៏ជា វិធានការ។

ទាក់ទងការលើកឡើង របស់សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីពេលថី្មៗថា នៅខេត្តមណ្ឌលគិរី កំពុងមានទំនាស់រឿងដីធ្លី ដែលភាគច្រើនសុទ្ធតែពាក់ព័ន្ធជាមួយ អ្នកមានបុណ្យស័ក្តធំៗ កំពុងប្រជែងគ្នា ទៅចាប់យកដីនៅទីនោះ លោកអភិបាល ខេត្តអះអាងថា មិនមានទេ គឺគ្រាន់ជាការលើកឡើង របស់សម្ដេចតែប៉ុណ្ណោះ។

លោកបន្ថែមថា “ប្រសាសន៍សម្ដេចក្រឡាហោម ដែលបានលើកថា មានអ្នកធំទៅចាប់ដី ចាប់អី នេះគ្រាន់ជាការលើកឡើងរបស់លោកមួយ”។

លោកអភិបាលខេត្តសង្កត់ធ្ងន់ថា ប្រសិនបើមានការ ចាប់រំលោភបំពានណាមួយ ដោយខុសច្បាប់ ទៅលើ ដីព្រៃ និងដីរដ្ឋ ខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ ហើយនាពេលកន្លងមកខេត្តក៏បានណែនាំប្រជាពលរដ្ឋ ចំពោះការកាន់កាប់ដីព្រៃដោយខុសច្បាប់។

ពាក់ព័ន្ធ រឿងឧកញ៉ា៣នាក់ដែលអាជ្ញាធរ បានចេញដីការ តាមចាប់ខ្លួន ទាក់ទងបទល្មើសព្រៃឈើ នោះលោកបញ្ជាក់ថា រឿងក្ដីនេះកំពុងស្ថិតនៅក្នុងដែន សមត្ថកិច្ចរបស់តុលាការ ដែលកំពុងធ្វើការតាមនីតិវិធី ។

ក្នុងឱកាសនោះពាក់ព័ន្ធ នឹងការធ្វើព្រលានយន្តហោះថ្មីវិញ លោកបញ្ជាក់ថា ខេត្តកំពុងសិក្សាគម្រោងថ្មី ដើម្បីធ្វើព្រលានយន្តហោះ ខណៈគម្រោងចាស់ ត្រូវប្ដូរមកធ្វើជាសួនច្បារវិញ។

លោកបន្ថែមថា កាលពីមុនខេត្តមានព្រលានយន្តហោះ មួយនៅសម័យឆ្នាំ១៩៧៩ ប៉ុន្តែព្រលានយន្តហោះ នៅដំណាក់កាលនោះ ពិតជាសាកសមទៅនឹងស្ថានភាពប្រជាពលរដ្ឋ អត់មាននៅក្នុងទីប្រជុំជនក្រុង តែឥឡូវនេះ នៅក្នុងទីប្រជុំក្រុង មានប្រជាពលរដ្ឋេរស់នៅច្រើន ហើយទីធ្លា នៃព្រលាននោះក៏វាតូចចង្អៀត ដោយជាក់ស្ដែងអាជ្ញាធរខេត្ត បានចុះធ្វើការវាស់វែងជាក់ស្ដែងដីនៅសល់ប្រហែលជា៩ហិកតា តែប៉ុណ្ណោះ ដូច្នេះមិនអាចឲ្យយន្តហោះចុះចតបានឡើយ។

លោកថា “ចឹងគួបផ្សំនិងកត្តា ប្រជាពលរដ្ឋរស់នៅជុំវិញ យើងបានបញ្ឈប់នូវការហោះហើរព្រលាននោះ តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់របស់សម្ដេចតេជោហ៊ុនសែន គឺយើងទុកទីតាំងព្រលានចាស់នោះធ្វើ ជាសួនច្បារ ហើយយើងរកទីតាំងថ្មីដើម្បីធ្វើព្រលានយន្តហោះ”។

លោកបញ្ជាក់ថា សម្រាប់ការបង្កើតទីតាំងព្រលាន យន្តហោះថ្មីនេះ មានផ្ទៃដីសរុបទាំងអស់ ចំនួនប្រមាណជា៦០០ហិកតា មានប្រវែងឆ្ងាយពីក្រុងសែនមនោរម្យ ២២គីឡូម៉ែត្រតែប៉ុណ្ណោះ ៕ ដោយ៖ធី លីថូ

To Top