ភ្នំពេញ៖លោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្ពុជាអាចប្រែក្លាយវិបត្តិកូវីដ១៩ ទៅជាកាលានុវត្តភាពក្នុង ការបង្កើតការអប់រំឌីជីថល ដើម្បីរក្សាគុណភាព អប់រំ ពេញមួយជីវិត ជូនដល់សិស្សានុសិស្ស។
ការអប់រំឌីជីថល (Digital Education) គឺជាការប្រើប្រាស់ប្រកបដោយនវានុវត្តនៃឧបករណ៍ និង បច្ចេកវិទ្យាឌីជីថល ក្នុងការបង្រៀននិងការរៀន ក៏ ដូចជា ការគ្រប់គ្រងលើការបង្រៀននិងការរៀន។
តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ ស្ដីពីការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ App “ការអប់រំពីចម្ងាយ”នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោកហង់ ជួន ណារ៉ុន បានថ្លែងថា ដើម្បីឱ្យមានសេដ្ឋកិច្ចបែបឌីជីថល លុះត្រាតែមានការអប់រំបែបឌីជីថល។
លោកបន្តថា “កម្ពុជាអាចប្រែក្លាយវិបត្តិកូវីដ១៩ ទៅជាកាលានុវត្តភាពក្នុង ការបង្កើតការអប់រំឌីជីថល ដើម្បីរក្សាគុណភាព សមធម៌ បរិយាប័ន្ន និងការអប់រំ ពេញមួយជីវិតជូនដល់សិស្សានុសិស្ស”។
លោកសង្កត់ធ្ងន់ថា កម្ពុជានឹងបានដើរលឿន១០ឆ្នាំទៅមុខទៀត នៅក្នុងការ អនុវត្តការអប់រំឌីជីថល ក្នុងវិស័យអប់រំនៅកម្ពុជានេះ។
លោកបន្ថែមថា ការអប់រំឌីជីថលក្នុងបរិបទឧស្សាហកម្ម៤.០ មានសារសំខាន់ សម្រាប់កម្ពុជា ក្នុងការបោះជំហានឱ្យ ក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថលព្រោះ ផ្នែកទាំងអស់នេះត្រូវការអ្នកជំនាញជាច្រើន ដើម្បីបំពេញការងារ និងគ្រប់គ្រងប្រព័ន្ធឆ្លាតវៃទាំងអស់។
លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្នុងដំណើរកំណែទម្រង់វិស័យអប់រំ ស្របតាមចក្ខុវិស័យនេះ ក្រសួងអប់រំ បាននិងកំពុងរៀបចំ មូលដ្ឋានគ្រឹះ សម្រាប់ការអប់រំ ឌីជីថល ដោយឆ្លើយតបជាមួយយុគសម័យបច្ចេកវិទ្យា ដោយការធ្វើកំណែទម្រង់ គ្រឹះស្ថានអប់រំ និង ភាគីពាក់ព័ន្ធទាំងអស់មាន កំណែទម្រង់ការបណ្តុះបណ្តាលគ្រូ ដោយធ្វើយ៉ាងណាឱ្យ មានសមត្ថភាពខ្ពស់ ផ្នែកបច្ចេកវិទ្យា មុននឹងចែករំលែកបន្តទៅដល់សិស្សានុសិស្សដែលជាធនធានមនុស្សជំនាន់ថ្មី៕ដោយ៖ធី លីថូ