ព័ត៌មានជាតិ

ធនាគាពិភពលោក អនុម័តផ្តល់ឥណទាន ១០០លានដុល្លារ សម្រាប់គម្រោងកែលម្អផ្លូវនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគាពិភពលោក នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានអនុម័តផ្តល់ឥណទាន ១០០លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ជួយគាំទ្រ គម្រោងកែលម្អ បណ្តាញផ្លូវគមនាគមន៍ នៅប្រទេសកម្ពុជា ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ធនាគារពិភពលោក នៅថ្ងៃទី១៧ កក្កដា បានឲ្យដឹងថា គម្រោងនេះ នឹងពង្រីកលទ្ធភាព សម្រាប់សហគមន៍ជនបទ ឲ្យទទួលបានសេវាចាំបាច់នានា ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សាលារៀន និងទីផ្សារតាមរយៈ ការកែលម្អផ្លូវជនបទ ឱ្យកាន់តែមានភាពធន់ ទៅនឹងកត្តាប្រែប្រួលរបស់អាកាសធាតុ ។ ការកែលម្អនឹងត្រូវធ្វើទៅលើផ្នែកជាច្រើន នៃតាមផ្លូវជាតិ និងផ្លូវខេត្ត ដែលជាលទ្ធផល ជួយកាត់បន្ថយថ្លៃ ចំណាយលើការដឹកជញ្ជូន និងហានិភ័យគ្រោះថ្នាក់ដោយសារតែផ្លូវខូច និងជួយសម្រួលដល់ខ្សែ ចង្វាក់ផ្គត់ផ្គង់ក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍវិស័យ ទេសចរណ៍ផងដែរ។

ការចំណាយលើការដឹកជញ្ជូន នៅប្រទេសកម្ពុជា នៅតែមានកម្រិតខ្ពស់នៅឡើយ ទោះបីជាមានភាពប្រសើរច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះហើយក្តី។ ផ្លូវថ្នល់គឺជាមធ្យោបាយ ដឹកជញ្ជូននាំមុខគេ នៅក្នុងប្រទេសហើយចាំបាច់ត្រូវ មានការវិនិយោគច្រើន ជាពិសេសនៅតាមតំបន់ជនបទ។ ផ្លូវជនបទមានជាង៧៥ភាគរយ នៃបណ្តាញផ្លូវសរុបទូទាំងប្រទេស ប៉ុន្តែមានតែ ៥ភាគរយប៉ុណ្ណោះដែលជាផ្លូវក្រាលកៅស៊ូ។

ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យមានភ្លៀងនិងទឹកជំនន់ធំៗបង្កហានិភ័យខូចខាតកាន់តែខ្លាំងដល់ប្រព័ន្ធផ្លូវនៅជនបទ។ការវិភាគអំពីស្ថានភាពប្រើប្រាស់របស់ផ្លូវជនបទ ដែលត្រូវបានធ្វើឡើងជាផ្នែកមួយ នៃការរៀបចំគម្រោងនេះ បង្ហាញថាក្នុងរដូវទឹកជំនន់ ជាង២៦ភាគរយ នៃប្រជាជនរស់នៅ ក្នុងតំបន់របស់គម្រោងប្រឈម នឹងហានិភ័យគ្មានផ្លូវប្រើ សម្រាប់ទៅរកសេវាបន្ទាន់ ផ្នែកសុខភិបាល និងសាលារៀន ។ ក្រៅពីនោះ ១៨ភាគរយ ទៀតត្រូវចំណាយ ពេល ៣០នាទី ឬច្រើនជាងនេះ សម្រាប់ធ្វើដំណើរទម្រាំ ទៅដល់មន្ទីរពេទ្យ ដែលជាស្ថានប្រឈម នឹងភាពស្លាប់រស់មួយ ។ ការជ្រើសរើសផ្លូវ សម្រាប់ការវិនិយោគ នៃគម្រោងនេះ ផ្តល់អាទិភាព ដល់ផ្លូវទាំងឡាយណា ដែលតភ្ជាប់ផ្ទះអ្នកស្រុកជាមួយមន្ទីរពេទ្យ សាលារៀន និងទីផ្សារ។តំបន់គោលដៅរបស់គម្រោងនេះមាន ផ្លូវនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដែលគ្របដណ្តប់លើប្រជាជន ជាង២លាននាក់ ក្នុងនោះ ៨០ភាគរយ រស់នៅតាមទីជនបទដាច់ស្រយាល ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា «កង្វះលទ្ធភាពសម្រាប់ ទទួលបានសេវាមន្ទីរពេទ្យ សាលារៀន និងសម្រាប់ដឹកទំនិញ ទៅកាន់ទីផ្សារ ជាពិសេសក្នុងរដូវវស្សានៅតែចោទជាបញ្ហាប្រឈមធំមួយសម្រាប់ ប្រជាជនកម្ពុជានៅតាមតំបន់ ជនបទ ។ គម្រោងថ្មីនេះគឺជាការបន្តការប្តេជ្ញាចិត្ត របស់យើង ក្នុងការជួយដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវរបស់កម្ពុជា ។ វានឹងតភ្ជាប់កាន់តែប្រសើរជាងមុន ដោយបានភ្ជាប់ប្រជាជនទៅនឹងការ ទទួលបានសេវា កាត់បន្ថយការដាច់ផ្លូវ និងបង្កើតការងារសម្រាប់សហគមន៍មូលដ្ឋាន ក្នុងពេលសាងសង់ផ្លូវ ដែលរួមចំណែកធ្វើឱ្យសេដ្ឋកិច្ច ងើបឡើងវិញទៀតផង» ។

លោកស្រីបន្ដថា គម្រោងនេះក៏នឹង ជួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ (ដែលក្រសួងទាំងពីរនេះជាភ្នាក់ងារអនុវត្តគម្រោង) ក្នុងការអភិវឌ្ឍផ្នែកស្ថាប័នផងដែរ ។
ក្នុងនោះមានការរៀបចំ យុទ្ធសាស្ត្រហិរញ្ញប្បទានផ្លូវធន់ នឹងអាកាសធាតុការជួយដល់ក្រសួង ទាំងពីរក្នុងការអនុវត្តផែនការសកម្មភាព បញ្ជ្រាបយេនឌ័ររបស់ក្រសួងទាំងពីរ និងការគ្រប់គ្រង កិច្ចសន្យាផ្អែកលើលទ្ធផលការ ងារសម្រាប់ការថែទាំផ្លូវ ធ្វើឱ្យហេដ្ឋារចនាសម្ព័ន កាន់តែមានចីរភាពល្អប្រសើរ ៕

To Top