ភ្នំពេញ៖ សម្រាប់រយៈពេល ២សប្ដាហ៍ ខែកក្កដា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរផ្ទៃក្នុង បានសម្រុកទៅកម្សាន្ត តាមរមណីយដ្ឋានានា នៅទូទាំងប្រទេសសរុប ប្រមាណជាង៣១៣,៣០០នាក់ កើនឡើង ១.៦៧% បើធៀបនឹងរយៈពេល ២សប្តាហ៍ចុងខែមិថុនា។
តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោកថោង ខុន បានថ្លែងថា ក្នុងនោះភ្ញៀវជាតិមាន ចំនួន ៣០៧,៨០៩នាក់ កើនឡើង ២.៥៤% និងភ្ញៀវបរទេស មានចំនួន ៥,៤៩១នាក់ ថយចុះ ៣០.៨៩%។
តាមរយៈបម្រែបម្រួល ភ្ញៀវទេសចរតាមសប្តាហ៍ លោកសង្កេតឃើញថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុង ហាក់ស្ថិតក្នុងចំណុចថេរមួយ ហើយចំនួនភ្ញៀវទេសចរ សរុបក៏ស្ថិតក្នុងរង្វង់ ៦០-៦៥ម៉ឺននាក់ ក្នុងមួយខែ ថយចុះ ៣៥-៤០% បើប្រៀបធៀបនឹងមុនវិបត្តិកូវីដ១៩។ លោកថា ស្ថិរភាពនៃចំនួនខាងលើ អាចបណ្តាលមកពីរដូវនេះ ជារដូវវស្សា។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ទេសចរដែលជាយុវជន ចូលចិត្តធ្វើដំណើរកម្សាន្ត តាមបែបផ្សងព្រេង ទៅកាន់តំបន់អេកូទេសចរណ៍។
លើសពីនេះទៀត លោកបញ្ជាក់ថា ខេត្តសៀមរាប ដែលធ្លាប់តែជាគោលដៅ ទេសចរណ៍សំខាន់ នៅមិនទាន់ អាចទាក់ទាញភ្ញៀវទេសចរ ដូចមុនកូវីដបាននៅឡើយ ព្រោះកម្ពុជា នៅមិនទាន់អនុញ្ញាត ឱ្យមានការៀបចំ ព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បីជួយទាក់ទាញភ្ញៀវ ក្រៅពីទស្សនាប្រាសាទ ហើយសេវាកម្សាន្តមួយចំនួន ពិសេសនៅ Pub Street មិនទាន់មានការអនុញ្ញាត ឲ្យមានដំណើរការឡើងវិញ ខណៈគោលដៅខេត្តសៀមរាប ជាគោលដៅដែលភ្ញៀវ ត្រូវតែសម្រាកមួយយប់យ៉ាងតិច ខុសពីខេត្តគោលដៅមួយចំនួនទៀត ដែលភ្ញៀវអាចទៅមកវិលល្ងាចបាន។
លោកបញ្ជាក់បន្ថែមទៀតថា ក្នុងករណីខេត្តសៀមរាបងើបឡើង ប្រហាក់ប្រហែលនឹងខេត្តផ្សេងនោះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង អាចនឹងហក់ឡើងដល់ចំណុច ៨០-៨៥% ថយចុះ ២០-២៥% ប៉ុណ្ណោះ បើប្រៀបធៀប នៅមុនពេលមាន កូវីដ១៩។
លោកសង្ឃឹមថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុងនេះ នឹងហក់ឡើងខ្ពស់មកវិញនៅខែសីហា ដោយសាររាជរដ្ឋាភិបាល សម្រេចឲ្យមានថ្ងៃឈប់សម្រាក រយៈពេលយូរ និងនៅខែកញ្ញា ក៏ដល់រដូវបុណ្យភ្ជុំបិណ្ឌ ចំណែកឯខែបន្តបន្ទាប់ទៀត ក៏សម្បូរថ្ងៃឈប់សម្រាក ហើយស្ថានភាពកូវីដ១៩ ក៏អាចនឹងកាន់តែធូរស្រាលជាងនេះ។
ឆ្លើយតបជាមួយបញ្ហានេះ លោកក៏បានអំពាវនាវដល់ បុគ្គលិកបម្រើការសេវាទេសចរណ៍ និងអ្នកគ្រប់គ្រង ត្រូវយកចិត្តទុកដាក់ អនុវត្តិវិធានសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ឲ្យបានល្អប្រសើរជានិច្ច ដើម្បីបង្ការទុបស្កាត់ ការរីករាលដាលកូវីដ១៩៕ ដោយ៖ធី លីថូ