ព័ត៌មានជាតិ

ស្ដ្រីខ្មែរម្នាក់ សញ្ជាតិអាមេរិក លួចរត់ចេញពីកន្លែង ធ្វើចត្តាឡីស័ក គឺជាទង្វើមិនគោរព តាមវិធាន ចត្តាឡីស័ក

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានថ្លែងថា ស្ដ្រី ខ្មែរម្នាក់សញ្ជាតិអាមេរិក លួចរត់ចេញពីកន្លែង ធ្វើចត្តាឡីស័ក គឺជាទង្វើលួចចេញដោយមិនគោរពតាម វិធានការចត្តាឡីស័ក សម្រាប់គ្រប់គ្រងប្រទេស ក្នុងគ្រាមានការរាតត្បាតជំងឺឆ្លង ជាអន្តរជាតិ។

កាលពីថ្ងៃទី១៨ កក្កដា មានអ្នកដំណើរស្ដ្រីខ្មែរម្នាក់ សញ្ជាតិអាមេរិក បានលួចរត់ចេញពី កន្លែងធ្វើចត្តា ឡីស័ក នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ហើយបច្ចុប្បន្ននេះ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ចាម បាន ធ្វើការឃាត់ខ្លួនស្ដ្រីរូបនោះផងដែរ។

លោកស្រី ឱ វណ្ណឌីន បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងគ្រុបតេឡេក្រាម នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ថា ស្ត្រីរូបនោះត្រូវបានដាក់ធ្វើចត្តាឡីស័កនៅខេត្តកំពង់ចាម ចំនួន១៤ថ្ងៃ នៅក្នុងសណ្ឋាគារមួយ ដែលបានរៀបចំឡើងដោយអាជ្ញាធរខេត្ត។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា «នេះជាករណីដែលបានចាក ចេញពីកន្លែងធ្វើចត្តាឡីស័ក ដោយ មិនបានស្នើសុំត្រឹមត្រូវ ដែលជាទង្វើលួចចេញ ដោយមិនគោរពតាមវិធានការ ចត្តាឡីស័ក សម្រាប់គ្រប់ គ្រងប្រទេស ក្នុងគ្រាមានការរាតត្បាតជំងឺឆ្លង ជាអន្តរជាតិនេះ។ ករណីនេះ ទាមទារពេលវេលាបន្តិចសិន ដើម្បីក្រុមការងារ ថ្នាក់ក្រោមជាតិ ដែលមានអាជ្ញាធរខេត្តដឹកនាំ កំពុងធ្វើការងារបន្តទៀតសិន»។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល រំលឹកថា នាពេលកន្លងមក ក៏មានការគេចវេសក្នុងការ ធ្វើ តេស្តរកវីរុស កូវីដ-១៩ ក្នុងចំនួន តិចតួចណាស់ តែមិនមានការគេចវេសធ្វើចត្តាឡីស័ក បែបដូច ករណី ស្ត្រីខ្មែរ-អាមេរិកនេះទេ ។ ហើយក្រសួងក៏បានអប់រំណែនាំពួកគាត់ ដើម្បីព្រមព្រៀងធ្វើតេស្ត និងតាមដាន សុខភាពបន្ត។

ជាងនេះទៅទៀត អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានអរគុណ ប្រជាពលរដ្ឋ បានអនុវត្តវិធានការ សុខាភិបាល និងការការពារការចម្លងវីរុសកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួន កុំភ្លិចខ្លួនឲ្យសោះថា កូវីដ-១៩ កំពុងតែនៅចរាចររាតត្បាតពាសពេញសាកលលោកយ៉ាខ្លាំងក្លានៅឡើយ។

សូមបញ្ជាក់ថា នៅកម្ពុជាមកទល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ចំនួន១៧១នាក់ ព្យាបាលបានជាសះស្បើយ ១៣៦នាក់ និងចំនួនអ្នកឆ្លងជំងឺ កូវីដ-១៩ ដែលកំពុង ព្យាបាលពេលនេះគឺមាន៣៥នាក់ (២នាក់ជាមន្ត្រីស្ថាតទូតអាមេរិក)៕

To Top