ភ្នំពេញ ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអះអាងថា រហូតមកដល់ពេលនេះ ខេត្តបាន ដោះស្រាយបញ្ចប់វិវាទដីធ្លី ជូនប្រជាពលរដ្ឋចំនួន២៧ករណី លើពាក្យបណ្ដឹងសរុបចំនួន ៥៧ករណី។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពនិងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក វ៉ី សំណាងបានថ្លែងថា ការដោះស្រាយវិវាទដីធ្លី និងសម្រុះសម្រួលទំនាស់ ដោយគិតត្រឹមឆ្នាំ២០១៩ រដ្ឋបាលខេត្ត បានទទួលពាក្យ បណ្តឹង ឬ លិខិតចំនួន ៨០ករណី។ ដោយលិខិតពីថ្នាក់ជាតិ ពាក់ព័ន្ធនឹងបញ្ហាដីធ្លីចំនួន ២៣ករណី។
លោកបន្តថា “ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ៥៧ករណី បានដោះស្រាយបញ្ចប់ដោយរដ្ឋបាលខេត្ត ចំនួន ២៧ ករណី , កំពុងបន្តដោះស្រាយ ចំនួន ៣១ ករណី , មិនទាន់បានដោះស្រាយ ចំនួន ៦ករណី បាន បញ្ជូនទៅរដ្ឋបាលក្រុង-ស្រុកនិងមន្ទីរ អង្គភាពពាក់ព័ន្ធចំនួន ១៦ករណី”។
លោកឲ្យដឹងទៀតថា ដោយឡែការដោះស្រាយវិវាទដីធ្លី តាមរយៈគណៈកម្មការសូរិយោដីខេត្ត សរុបចាប់ពីថ្ងៃដំណើរការ មានចំនួន ៣៣០ករណី ស្មើនឹង ១.៦៤៦គ្រួសារ នៃផ្ទៃដីទំហំ ១២៩ហិកតា ,ដែលបាន ដោះស្រាយបញ្ចប់ ចំនួន១៥១ករណី, កំពុងដោះស្រាយចំនួន ២៨ករណី បានច្រានចោលពាក្យបណ្ដឹង ចំនួន១៥០ករណី ដកពាក្យបណ្តឹង ចំនួន១ករណី។
លោកបញ្ជាក់ថា ឆ្នាំ២០១៩ គណៈកម្មការសុរិយោដីខេត្ត មានពាក្យបណ្ដឹងចំនួន ៧២ករណី ដោយបាន ដោះស្រាយបញ្ចប់ចំនួន ២៥ករណី កំពុងដោះស្រាយបន្តចំនួន២៦ករណី បានច្រានចោលបណ្ដឹង សរុបចំនួន២១ករណី ។
ទាក់ទងការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ លោកបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៩ បានចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ បានចំនួន ៥១៥ ភូមិ ក្នុង ៣២ ឃុំ-សង្កាត់ នៃក្រុង ស្រុកទាំង ៨។ ចំណែកការចុះបញ្ជីដី មានលក្ខណៈដាច់ដោយដុំ សម្រេចបានចំនួន ៣៤ប័ណ្ណ ស្មើនឹង ១៦៨ហិកតា (គិតពីពេលចាប់ផ្តើម រហូតដល់ខែធ្នូ ឆ្នាំ២០១៩ សម្រេចបានចំនួន ៣១.៥៣៤ ប័ណ្ណ)។
លោកបន្ថែមថា ដោយឡែកការចុះបញ្ជីដីរដ្ឋ គិតចាប់ពីថ្ងៃចាប់ផ្តើម រហូតដល់ខែធ្នូ ឆ្នាំ២០១៩ សម្រេចបាន ចំនួន១៥២ប័ណ្ណ ស្មើនឹង៥២.៣០៦ហិកតា។ ការចុះបញ្ជីសិទិ្ធជួលអចិន្រៃ្តយ៍ គិតចាប់ពីថ្ងៃចាប់ផ្តើម រហូតដល់ខែធ្នូ ឆ្នាំ២០១៩ បានចំនួន ១៩ប័ណ្ណ ស្មើនឹង ២១២ហិក តា។ ការចុះបញ្ជី សិទិ្ធសម្បទានដីសេដ្ឋកិច្ច គិតចាប់ពីថ្ងៃចាប់ផ្តើម រហូតដល់ខែធ្នូ ឆ្នាំ២០១៩ សម្រេចបានចំនួន ១៥៣ប័ណ្ណ ស្មើនឹង ៤០.៤៧១ហិកតា។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បញ្ជាក់បន្ថែមថា ទាក់ទងការចេញលិខិតអនុញ្ញាត ឲ្យសាងសង់សម្រាប់ឆ្នាំ២០១៩ កន្លងទៅ ខេត្តបានចេញលិខិត អនុញ្ញាតចំនួន ១៨៨ គម្រោង ដែលមានក្រឡាផ្ទៃសំណង់សរុបទំហំ ៧០២.៦១៥,០៥ម៉ែត្រការ៉េ ដោយមានទុនវិនិយោគ ប្រមាណ២១០.៧១៦.១១៦,៩ ដុល្លារ។ ក្នុងនោះសមត្ថកិច្ច ចេញដោយក្រសួងចំនួន ២៩គម្រោង ចេញដោយរដ្ឋបាលខេត្ត ចំនួន២៩ គម្រោង ចេញដោយរដ្ឋបាលក្រុង-ស្រុក ចំនួន១២៥ គម្រោងផងដែរ។
ទាក់ទងវិស័យកសិកម្មវិញ លោកបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ផែនការស្រូវរដូវវស្សា មានចំនួន ១១៣.៦០០ ហិកតា ក្នុងនោះអនុវត្តបានចំនួន ១១៤.៩៩៦ ហិកតា ស្មើនឹង ១០១,២៣% នៃផែនការប្រចាំឆ្នាំ ខ្ពស់ជាងឆ្នាំ២០១៨ ចំនួន១.១៤៨ ហិកតា។
ចំពោះការប្រមូលផលស្រូវ រដូវវស្សាបញ្ចប់វគ្គ លោក បញ្ជាក់បន្ថែមថា គិតត្រឹមថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះ សម្រេចបានចំនួន ១១១.៨២៩ ហិកតា ស្មើ ៩៧,២៤% នៃផ្ទៃដីអនុវត្តបាន សរុបជាទិន្នផលមធ្យម ៣,០៣៥តោន ក្នុង១មួយហិកតា បរិមាណផលសរុបចំនួន ៣៣៩.៤២០តោន។
ចំណែកផែនការផលិតស្រូវ នៅរដូវប្រាំង ឆ្នាំ២០២០វិញ លោកបញ្ជាក់ថា មានផ្ទៃដីសម្រាប់ធ្វើស្រូវប្រាំង សរុបចំនួន ៤៥០ហិកតា។ ដោយគិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ប្រមូលផលសរុបបាននួន១០០ % នៃផែនការ ដែលមានទិន្នផលមធ្យម ៣,៣៥០តោនក្នុងមួយហិកតា បរិមាណផលសរុបចំនួន ១.៥០៨តោន។
ទាក់ទងវិស័យទេសចរណ៍វិញ លោកបញ្ជាក់ថា ឆ្នាំ២០១៩ ខេត្ត ទទួលបានភ្ញៀវទេសចរសរុបចំនួន៣១៧.៥៩១ នាក់ បើប្រៀបធៀប រយៈពេលដូចគ្នាឆ្នាំ២០១៨ មានការកើនឡើង១៤%។ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៣០១.៧៦៤នាក់បើ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ កើនឡើង១៤,៧ %, និងភ្ញៀវអន្តរជាតិមាន ចំនួន ១៥.៨២៧ នាក់ បើ ប្រៀបធៀប រយៈពេលដូចគ្នាឆ្នាំ២០១៨ កើនឡើង ៦%ផងដែរ៕ ដោយ៖ ធី លីថូ