ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បើកវគ្គបណ្ដុះបណ្ដាល ភាពជាអ្នក ដឹកនាំ សម្រាប់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបើកវគ្គ បណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលមានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់៣១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ ក្រោមអធិបតីភាព លោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ហើយសាលាជាតិរដ្ឋបាលមូលដ្ឋាន បានសហការជាមួយលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) ដើម្បីរៀបចំឡើងនូវ វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ។

នាឱកាសនោះលោក កុល វីរក្ស ក៏បានកោតសរសើរ ចំពោះកិច្ចសហការ និងកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គ.ជ.អ.ប ក៏ដូចជាថ្នាក់ដឹកនាំសាលាជាតិ រដ្ឋបាលមូលដ្ឋាន និងក្រុមការងារ នៃនាយកដ្ឋានបណ្ដុះបណ្ដាល និងអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលភាព ជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំ នៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ។

លោក បានគូសបញ្ជាក់ឡើងវិញ ជូនថ្នាក់ដឹកនាំ រដ្ឋបាល ក្រុង ស្រុក ខណ្ឌ អំពីសមត្ថភាពសំខាន់មួយ ចំនួន ក៏ដូចជា ឆន្ទះនយោបាយ និងចក្ខុវិស័យរយៈ ពេលវែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ ឬហៅថា កំណែទម្រង់តាមបែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ៕

To Top