ភ្នំពេញ ៖ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជសកម្មភាព គាំពារការសិក្សា ស្រាវជ្រាវ និងការលើកស្ទួយប្រវត្តិសាស្ត្រវប្បធម៌ ព្រមទាំងសិល្បៈសហសម័យ នៃប្រទេស កម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ព្រះវររាជមាតាទ្រង់បានសព្វព្រះហឫទ័យ រាជានុញ្ញាតឲ្យប្រើប្រាស់ “បណ្ណាល័យឈ្មោះសម្តេចម៉ែ” នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ។ នេះបើតាមហ្វេសប៊ុកព្រះនរបតី ស្រីលោកធម្មិករាជ បរមបពិត្រ។
មហាក្សត្រីរាជាអនុញ្ញាតនេះ បន្ទាប់ពីនៅថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២០ លោក ឆាំង យុ នាយកមជ្ឈ មណ្ឌលឯកសារកម្ពុជា បានក្រាបបង្គំចូលគាល់ព្រះវររាជមាតា និងរាជវង្សានុវង្ស ដើម្បីប្រកាស ថ្វាយឈ្មោះនេះជាផ្លូវការ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។
ការបង្កើតឲ្យមាន«បណ្ណាល័យសម្ដេចម៉ែ» គឺជាព្រឹត្តិការណ៍មួយ ដ៏មានសារសំខាន់ចំពោះជាតិ។ ការបង្កើតជា «បណ្ណា ល័យសម្ដេចម៉ែ» គឺមិនត្រឹមតែបង្ហាញ អំពីការចាប់ផ្ដើមកកើតធនធានថ្មី សម្រាប់ការអប់រំ ការ សិក្សាស្រាវជ្រាវ និងការលើកស្ទួយសិល្បៈ សហ សម័យតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការទទួល ស្គាល់ចំពោះការលះបង់ របស់ព្រះវររាជមាតា ជូនដល់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងការពុះពារ របស់ព្រះវររាជមាតាដ៏ខ្ពង់ខ្ពស់ ចំពោះប្រជាជនកម្ពុជា៕







