បច្ចុប្បន្នភាព
ប្រទេសជាច្រើន នៅលើពិភពលោក ជាពិសេស គឺប្រទេស ដែលមានប្រព័ន្ធសុខាភិបាលទំនើប មានវិទ្យាសាស្ត្រជឿនលឿន និងមានបច្ចេកវិទ្យា ទាន់សម័យ កំពុងប្រឹងប្រែងប្រកួតប្រជែងគ្នា យ៉ាងខ្លាំង ក្នុងការស្រាវជ្រាវ រកវ៉ាក់សាំង សម្រាប់ការពារវីរុសCovid-19 ។
វីរុសCovid-19 បានផ្ទុះឡើងនៅទីក្រុង អ៊ូនហាន នៃខេត្ត ហ៊ូប៉ី ប្រទេសចិន និងត្រូវបានប្រកាសជាផ្លូវការ ដោយអាជ្ញាធរសុខាភិបាលចិន កាលពីថ្ងៃទី៣១ ខែធ្នូ ចុងឆ្នាំ២០១៩កន្លងទៅ មុនពេលដែលវីរុសនេះ បានឆ្លងរាលដាលនៅជុំវិញពិភពលោក ។
វ៉ាក់សាំងបង្ការវីរុស Covid-19 គឺជាក្តីសង្ឃឹមតែមួយគត់ របស់ពិភពលោក ក្នុងការកំចាត់វីរុសមួយនេះ អោយអស់ពីភពផែនដី ដូច្នេះហើយបានជាប្រទេសចិន សហរដ្ឋអាមេរិក ប្រទេសបារាំង និងប្រទេសមួយចំនួនទៀត កំពុងប្រឹងប្រែងស្រាវជ្រាវ រកវ៉ាក់សាំងនេះ ។
អង្គការសុខភាពពិភពលោក បានអោយដឹងថា រហូតមកដល់បច្ចុប្បន្ននេះ មានវ៉ាក់សាំងបង្ការវីរុសCovid-19ប្រមាណជាង២០០ប្រភេទ (Over 200 candidates) ត្រូវបានផលិតឡើង ប៉ុន្តែមានវ៉ាក់សាំង តែជាង២០ប្រភេទប៉ុណ្ណោះ ដែលកំពុងសាកល្បងលើមនុស្ស ។
ក្នុងចំណោមវ៉ាក់សាំង ទាំងជាង២០ប្រភេទនេះ គេកត់សម្គាល់ឃើញវ៉ាក់សាំង ដែលផលិតឡើងដោយអ្នកវិទ្យាសាស្ត្រ របស់ប្រទេសចិន និងអ្នកវិទ្យាសាស្ត្ររបស់ប្រទេសអង់គ្លេស ដែលជាក្តីសង្ឃឹមឈានមុខគេ ក្នុងដំណើរការសាកល្បងលើមនុស្ស ។
វ៉ាក់សាំងបង្ការវីរុសCovid-19មួយ ជាគម្រោងស្រាវជ្រាវរបស់សាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេសរួមសហការ ជាមួយមន្ទីរពិសោធន៍ AstraZeneca ដែលកំពុងដំណើរការសាកល្បង លើមនុស្សក្នុងដំណាក់ទី៣ និងមានប្រសិទ្ធភាពខ្ពស់ជាងគេ ។
វ៉ាក់សាំងបង្ការវីរុសCovid-19មួយទៀត ជាគម្រោងស្រាវជ្រាវ របស់អ្នកវិទ្យាសាស្ត្រប្រទេសចិន នៅទីក្រុង អ៊ូហាន រួមសហការឧបត្ថម្ភ ដោយក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ ដ៏ល្បីល្បាញនៅនៅទីក្រុងហុងកុង ។
គម្រោងផលិតវ៉ាក់សាំង បង្ការវីរុស Covid-19ទាំងពីរនេះ បានឈានដល់ដំណាក់កាល សាកល្បងលើមនុស្សដំណាក់កាលទី៣ ហើយ ដោយក្រុមអ្នកស្រាវជ្រាវ បានសាកចាក់លើមនុស្ស ប្រមាណពី៤០០ទៅ៥០០នាក់ ជាជំហានដំបូងនៃការសាកល្បង ។
ជាលទ្ធផល អ្នកវិទ្យាសាស្ត្រសង្កេតឃើញថា សរីរាង្គមនុស្សព្រមទទួលបង្ការ ហើយអាចឆ្លើយតបបានទៅនឹងភាពស៊ាំនៃមេរោគផង និងអាចបង្កើតជាអង់ទីគ័រការពាររាងកាយផង ដែលអាចដឹកនាំបញ្ចេញ សកម្មភាពប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី ។
វ៉ាក់សាំងថ្មីនេះ អាបង្កើតគោលិកាឈាមស T ដែលអាចមកវាយប្រហារលើកោសិកា ឱ្យធ្លាក់បាន ហើយម្យ៉ាងទៀត អ្នកស្រាវជ្រាវមិនបានសម្គាល់ ឃើញមានផលរំខានធ្ងន់ធ្ងរ បង្កឡើងដោយថ្នាំបង្ការទាំងពីរប្រភេទនេះទេ ក្នុងដំណើរការនៃការសាកល្បងនេះ ។
សូមបញ្ជាក់ជូនថា វ៉ាក់សាំងបង្ការវីរុស Covid-19 ដែលកំពុងសាកល្បងទាំងពីរប្រភេទនេះ កំពុងនៅក្នុងដំណើរការសាកល្បង និងសិក្សាពីការវិវឌ្ឍន៍នៅឡើយ ដែលអ្នកស្រាវជ្រាវ ត្រូវការពេលវេលាច្រើនទៀត ដើម្បីតាមដានពីប្រសិទ្ធភាពរបស់វា ។
ទស្សនាវដ្តីវិទ្យាសាស្ត្រ The Lancet បានបង្ហាញថា ការសិក្សាក្នុងការផលិតវាក់សាំងបង្ការវីរុសCovid-19នេះ ត្រូវធ្វើការសាកល្បងទ្រង់ទ្រាយធំច្រើនទៀត ទើបអាចវាយតម្លៃអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងបង្ការទាំងពីរថ្មីនេះបាន ។
ទស្សនាវដ្តីវិទ្យាសាស្ត្រដដែលនេះ បានចុះផ្សាយថា វ៉ាក់សាំងបង្ការនេះ នឹងពុំមែនជាវ៉ាក់សាំង ដែលមានប្រសិទ្ធភាពខ្លាំងជាងគេបំផុតឡើយ ប្រសិនបើវ៉ាក់សាំងនេះ អាចចេញធ្វើចរាចរណ៍លើទីផ្សារបាននៅពេលខាងមុខ ។
ដើមចមនាំអោយកើតរឿង
ដើមចមនាំអោយកើតរឿង គឺដោយសារវីរុសCovid-19 បានឆ្លងរាលដាលពាសពេញពិភពលោកនៅពេលបច្ចុប្បន្ននេះ ដែលចំនួនអ្នកឆ្លងសរុបបានហក់ឡើងដល់ជាង១៥លាន ១១ម៉ឺន ៦ពាន់ននាក់ហើយ គិតត្រឹមថ្ងៃពុធ ទី២២ ខែកក្កដានេះ ។
ចំណែកអ្នកស្លាប់សរុបដោយវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ជាង៦២ម៉ឺននាក់ដែរ ខណៈដែលអ្នកជាសះស្បើយដោយសារវីរុសនេះ ក៏បានកើនឡើងដល់ជាង៩លាន ១៣ម៉ឺន ៤ពាន់នាក់ នៅជុំវិញពិភពលោក ។
កំណើននៃការឆ្លងរាលដាលវីរុសCovid-19 និងការបាត់បង់ជីវិតមនុស្សដោយសារវីរុសនេះ នៅតែបន្តកើនឡើងខ្ពស់ដោយមិនអាចទប់ស្កាត់បានទេ ហើយក្តីសង្ឃឹមរបស់ពិភពលោក គឺមានតែវ៉ាក់សាំងបង្ការវីរុសនេះតែប៉ុណ្ណោះ ដែលអាចទប់ស្កាត់បាន ។
សន្និដ្ឋាន៖ ចុះបើវ៉ាក់សាំងមិនទាន់ផលិតបាន តើពិភពលោកនឹងទៅជាយ៉ាងណា?
ក្នុងអំឡុងពេលដែលវ៉ាក់សាំងបង្ការវីរុសCovid-19មិនទាន់ផលិតបាន ពិភពលោកនឹងនៅតែរងគ្រោះ ដោយសារវីរុស ផ្លូវដង្ហើមមួយនេះ ដោយមនុស្សឆ្លងថ្មី ប្រចាំថ្ងៃមានប្រមាណ ពី២០ទៅ២៣ម៉ឺននាក់ និងមនុស្សស្លាប់ប្រចាំថ្ងៃ មានប្រមាណពី ៣ទៅ៥ពាន់នាក់ ។
អ្នកជុំនាញផ្នែកជំងឺឆ្លង របស់អង្គការសុខភាពពិភពលោក បានក្រើនរំលឹកដល់មេដឹកនាំ និងប្រជាពលរដ្ឋនៅជុំវិញពិភពលោកថា មានតែវិធីការពារខ្លួនដោយរក្សា គម្លាតសុវត្ថិភាពសង្គមទេ ដែលអាចជួយមនុស្ស បានពីការឆ្លងវីរុសCovid-19 មុនពេលមានវ៉ាក់សាំង ។
ផលប៉ះពាល់
ផលប៉ះពាល់នៅពេលខាងមុខ ដែលកើតចេញពីវីរុសCovid-19នេះ មាន៣ចំណុចសំខាន់ គឺទី១ ប៉ះពាល់ផ្នែកសេដ្ឋកិច្ច នៅប្រទេសនានា និងសេដ្ឋកិច្ចពិភពលោកទាំងមូល ដោយសារការបិទប្រទេស ឬបិទសកម្មភាពសេដ្ឋកិច្ច ។ ទី២ ការបិទប្រទេស ឬបិទសកម្មភាពសេដ្ឋកិច្ចក្នុងវិធានការ ទប់ស្កាត់ការឆ្លងរាលដាលវីរុស Covid-19 កំពុងធ្វើអោយប៉ះពាល់ដល់សតិ អារម្មណ៍ របស់ប្រជាពលរដ្ឋ នៅជុំវិញពិភពលោក ដោយសារតែសម្ងំ នៅក្នុងផ្ទះរយៈពេលយូរពេក ។ និងទី៣ ប៉ះពាល់ដល់ទំនាក់ទំនង អន្តរជាតិ ពីប្រទេសមួយទៅប្រទេសមួយ ពីសហគមន៍មួយទៅសហគមន៍មួយទៀត ដោយសារតែការបិទព្រំដែន ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស រវាងប្រទេសនិងប្រទេស តំបន់និងតំបន់ ៕
ដោយ ៖ អ៊ី ជិន