ព័ត៌មានជាតិ

អង្គការជាតិ និងអន្តរជាតិ សង្ឃឹមថា នឹងមានការ ដោះលែងអ្នកទោស១០០០នាក់

ភ្នំពេញ៖ អង្គការលើកលែងទោសអន្តរជាតិ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជារក្សាការសន្យាថា នឹងដោះលែង អ្នកជាប់ឃុំចំនួន ១០០០០នាក់ ក្នុងនោះ មានអ្នកដែល ប្រឈមនឹងហានិភ័យខ្ពស់ នៃការឆ្លងរីរុសកូវីដ១៩ និង អ្នកជាប់ឃុំដទៃទៀតដែលបានប្រព្រឹត្តបទល្មើស ស្រាល ក៏ដូចជា ស្ត្រីជាប់ឃុំដែលមានកូនតូចនៅជាមួយ ព្រមទាំង អ្នកជាប់ឃុំ ជាអនីតិជន ផងដែរ ។ នេះបើតាមសេចក្តីថ្លែងការណ៍រួម។

កាលពី ខែឧសភា រដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌ លោកកើត រិទ្ធ បានប្រកាសអំពីការកែទម្រង់ជាច្រើន នៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ។ កំណែទម្រង់ដែលបាន សន្យាទាំងនេះ ធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាកកស្ទះសំណុំរឿងជាច្រើនដែលមិនទាន់ បានជំនុំជម្រះនៅតាមតុលាការនានា និងដោះស្រាយ បញ្ហាចង្អៀតណែនខ្លាំងនៅក្នុងពន្ធនាគារ តាមរយៈ ការពង្រីក មធ្យោបាយផ្សេងទៀត ក្រៅពីការឃុំឃាំង ដូចជា ការដោះលែងឲ្យនៅក្រៅឃុំ និងការព្យួរទោស ជាដើម។

នៅក្នុងការប្រកាសដាច់ដោយឡែកមួយ កាលពីខែឧសភា រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សម្តេច ស ខេង បានសន្យាថា អ្នកជាប់ឃុំរហូតដល់ ១០០០០នាក់ នឹងត្រូវដោះលែងនៅទូទាំងប្រទេស ។ ដោយលើកឡើង ពីហានិភ័យ នៃការឆ្លងរីករាលដាលវីរុសកូវីដ១៩ និង ការព្រួយបារម្ភ ពីបញ្ហាសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ ប្រទេសកម្ពុជា ។

ប៉ុន្តែទោះបីជាមានការប្រកាស ក្នុងខែកក្កដានេះថា សំណុំរឿង ជាង៣៥០០ករណី (តិចជាង១០ភាគរយ នៃសំណុំរឿង មិនទាន់ជំនុំជម្រះទាំងអស់ដែល អាជ្ញាធរ បានគ្រោងនឹងអនុវត្តឲ្យបានក្នុងយុទ្ធនាការ ៦ខែ) ត្រូវបានជំនុំជម្រះរួចរាល់ក្ដី ក៏រាជរដ្ឋាភិបាល កម្ពុជាមិនបានបង្ហាញថា តើមាន អ្នកជាប់ឃុំប៉ុន្មាននាក់ ត្រូវបានដោះលែងពីពន្ធនាគារដែលមានភាពចង្អៀតណែនខ្លាំងនេះទេ ។

ប្រភពបន្តថា “អង្គការលើកលែងទោស អន្តរជាតិ និង អង្គការលីកាដូ សង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជា នឹងអាច ផ្សព្វផ្សាយ ជាសាធារណៈ នូវចំនួន អ្នកជាប់ឃុំ ដែលត្រូវបានដោះលែងក្នុងយុទ្ធនាការនេះ ក៏ដូចជា យន្តការ ផ្លូវច្បាប់ ដែលត្រូវបានប្រើប្រាស់ ក្នុងការដោះលែង អ្នកជាប់ឃុំទាំងនោះ ។ យើងខ្ញុំ ក៏សង្ឃឹមដែរថា អាជ្ញាធរ នឹងអាចចាត់វិធានការជាបន្ទាន់ដូចដែល បានសន្យា ក្នុងការអនុវត្តកំណែទម្រង់ទ្រង់ទ្រាយធំដើម្បី ធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រព័ន្ធយុត្តិធម៌ និងពន្ធនាគារ”។

លោក Ming Yu Hah នាយករងប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិច នៃអង្គការលើកលែងទោសអន្តរជាតិ បានមានប្រសាសន៍ថា “លក្ខខណ្ឌលំបាកខ្លាំង ដែលអ្នក ជាប់ឃុំ ត្រូវបាន បង្ខំឲ្យស៊ូទ្រាំអត់ធ្មត់ នៅក្នុង ប្រទេសកម្ពុជា គឺមិនអាចប្រកែកបានទេ ។ អាជ្ញាធរ គួរតែ អនុវត្ត តាមការប្ដេជ្ញាចិត្ត របស់ពួកគាត់ ដើម្បី ដោះស្រាយវិបត្តិនេះ ដោយគ្មាន ការពន្យារពេល” ។

អ្នកជាប់ឃុំ ក្នុងពន្ធនាគារនៅកម្ពុជាបានកើនឡើង ពីចំនួន ២១៩០០នាក់ នៅចុងឆ្នាំ២០១៦ ដល់ចំនួន ៣៨៩៩០នាក់ គិតត្រឹមខែមីនា ឆ្នាំ២០២០ ទោះបីជា ពន្ធនាគារនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណថា អាចផ្ទុក មនុស្សបានត្រឹមតែ ២៦៥៩៣នាក់ក៏ដោយ ។ ការកើនឡើងច្រើនហួសហេតុនៃការឃុំខ្លួនបណ្ដោះ អាសន្នរង់ចាំសវនាការដែលគួរតែអនុវត្តជាជម្រើស ចុងក្រោយ ផ្អែកតាមច្បាប់អន្តរជាតិ បាន បង្កើតឲ្យមាន ប្រព័ន្ធនៃការឃុំខ្លួនធំសម្បើមដែលជិត ៧៥% នៃអ្នក ជាប់ឃុំទាំងនេះ មិនទាន់ទទួលបានការជំនុំជម្រះនៅឡើយទេ ៕

To Top