កំពង់ចាម ៖ នៅក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ប្រចាំឆមាសទី ១ និងលើកទិសដៅឆមាសទី ២ នាព្រឹកថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២០ លោកអ៊ុន ចាន់ដា ប្រធានសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានប្រាប់ឲ្យមន្ត្រី ខិតខំបន្តធ្វើការងារ អោយបានល្អប្រសើរ ក្នុងការចុះជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលជួបប្រទះនូវការខ្វះខាត ។
ប្រធានសាខាកាកបាទក្រហម ខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់គណៈកម្មការសាខាកាកបាទ ក្រហមខេត្តទាំងអស់ ដែលកន្លងមកបានរួមសហការគ្នា ធ្វើកិច្ចការបានល្អប្រសើរ ក្នុងអាណត្តិរបស់ខ្លួន លើការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ។
ទន្ទឹមនឹងនេះផងដែរ លោកប្រធានសាខា បានសំណូមពរឲ្យថ្នាក់ដឹកនាំ នៃអង្គភាពសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមទាំងអស់ បន្តរួមសហការគ្នា ធ្វើកិច្ចការ មនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋ ឲ្យបានជោគជ័យបន្ថែមទៀត នៅពេលបន្តបន្ទាប់ខាងមុខ ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីចប់កិច្ចប្រជុំនៅស្នាក់ការ សាខាកាកបាទក្រហមខេត្ត លោកអ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ ចុះពិនិត្យមើល គុណភាពការស្ថាបនា សួនច្បារមាត់ទន្លេ ដើម្បីបង្កើនសោភ័ណភាព ឲ្យកាន់តែស្រស់បំព្រង សម្រាប់ភ្ញៀវទេសចរជិត ឆ្ងាយមកលំហែកាយ នៅតាមតំបន់ដងទន្លេ ក្នុងក្រុងកំពង់ចាមនេះផងដែរ ៕