ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម អនុម័តជាផ្លូវការ នូវយុទ្ធសាស្ត្រពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងអនុម័ត នូវយុទ្ធសាស្ត្រពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce Strategy) ដោយមានការចូលរួម ពីតំណាងក្រសួងពាក់ព័ន្ធនានា ព្រមទាំងបានប្រកាសអនុម័តជាផ្លូវការ លើយុទ្ធសាស្ត្រ ដ៏មានសារសំខាន់នេះ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានជម្រាបជូនថា ក្នុងបរិបទបដិវដ្តន៍ឧស្សាហកម្ម៤.០ បច្ចេកវិទ្យាឌីជីថល គឺជាគន្លឹះដ៏សំខាន់ ក្នុងការជំរុញភាពប្រកួតប្រជែង របស់សហគ្រាសពាណិជ្ជកម្ម និងដំណើរការអាជីវកម្ម ដែលរួមចំណែកដល់ការ លើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ដោយមើលឃើញ ពីចក្ខុវិស័យវែងឆ្ងាយ ក្នុងការចាប់យកកាលានុវត្តភាព ពីបដិវដ្តន៍ឧស្សាហកកម្ម៤.០ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានរំលេចអំពី “ការរៀបចំខ្លួន សម្រាប់ការរីកចម្រើន នៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវដ្តន៍ឧស្សាហកម្ម៤.០” ក្នុងមុំទី៣ ចតុកោណទី២ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក៏ជាការឆ្លើយតប ទៅនឹងគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់សមត្ថភាព របស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ឲ្យផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកលលោកផងដែរ។

ដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយ ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្ម បានរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជាផែនទីបង្ហាញផ្លូវ ដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលជាវិស័យថ្មីមួយ ប្រកបដោយសក្តានុពលខ្ពស់ ក្នុងការបង្កើតប្រភពកំណើនថ្មី សម្រាប់សេដ្ឋកិច្ចកម្ពុជា។

យុទ្ធសាស្រ្តពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានរៀបចំឡើង ដោយមានលក្ខណៈប្រទាក់ក្រឡា និងឆ្លើយតបទៅនឹងអនុសាសន៍ ដែលមានកំណត់ ក្នុងឯកសារយុទ្ធសាស្ត្រ ទាក់ទងនឹងវិស័យពាណិជ្ជកម្មផ្សេងៗទៀត រួមមានឯកសារយុទ្ធសាស្រ្ត សមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៩-២០២៣ ក៏ដូចជាយុទ្ធសាស្ត្រ និងឯកសារគោលនយោបាយ និងយុទ្ធសាស្រ្ត តាមវិស័យរបស់ ក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។

លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានឱ្យដឹងដែរថា យុទ្ធសាស្រ្តពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានរៀបចំឡើង ក្នុងពេលវេលាដ៏ត្រឹមត្រូវ ស្របពេលដែលកម្ពុជាមានច្បាប់ ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលត្រូវបានប្រកាស ឱ្យប្រើប្រាស់កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។

ច្បាប់ស្តីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក នឹងបម្រើជាមូលដ្ឋានគតិយុត្ត ដ៏មានសារសំខាន់ ដល់ការអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេស ក្នុងការការពារផលប្រយោជន៍ និងកសាងទំនុកចិត្តខ្ពស់ដល់អតិថិជន ក្នុងការប្រើប្រាស់ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាទាក់ទាញវិយោគិន ទាំងក្នុងនិងក្រៅប្រទេស ដើម្បីវិនិយោគក្នុងវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិកត្រូនិកនៅកម្ពុជា។

ម្យ៉ាងវិញទៀត ការរាតត្បាតនៃជំងឺកូវីដ១៩ បានបង្ខំឲ្យសហគ្រាស និងអាជីវកម្មជាច្រើន ឲ្យងាកមកប្រើប្រាស់បច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីរក្សាបានដំណើរការ អាជីវកម្មរបស់ខ្លួន ហើយទំនោរនេះ ប្រាកដជាមិនសាបរលាបទៅវិញទេ ហើយថែមទាំងមានកំណើន រឹតតែខ្លាំងឡើងនាពេលអនាគត ទោះបីជាការរាតត្បាត មានភាពស្រាកស្រាន្តក៏ដោយ។

ដូច្នេះការអនុវត្ត ប្រកបដោយប្រសិទ្ធភាព នៃយុទ្ធសាស្រ្តពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក នឹងពង្រឹងរឹតតែខ្លាំងឡើង នូវការអភិវឌ្ឍវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ដោយហេតុថា ឯកសារយុទ្ធសាស្រ្តនេះ បានផ្តល់គំរូអាជីវកម្មថ្មីមួយ ប្រកបដោយប្រសិទ្ធិភាព និងភាពប្រកួតប្រជែងខ្ពស់ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលមានលក្ខណៈសមស្រប ទៅនឹងបរិបទសេដ្ឋកិច្ចឌីជីថល និងលក្ខខណ្ឌតម្រូវការទីផ្សារ ក្នុងស្ថានភាពជំងឺកូវីដ១៩ និងក្រោយជំងឺកូវីដ១៩ ផង។

សូមជម្រាបជូនថា យុទ្ធសាស្ត្រពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក បានរៀបចំឡើង ដោយក្រសួងពាណិជ្ជកម្ម ក្រោមការឧបត្ថម្ភហិរញ្ញប្បទាន ពីអង្គការក្របខណ្ឌ ពង្រឹងសមាហរណកម្ម (Enhanced Integrated Framework – EIF) តាមរយៈការពិភាក្សាយ៉ាងទូលំទូលាយ ជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍៕

To Top