ព័ត៌មានជាតិ

សម្ដេចតេជោ ពន្យល់អំពីការផ្អាកជើង ហោះហើរពី ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានពន្យល់ថា នាពេលថ្មីៗនេះកម្ពុជាមាន អ្នកជំងឺកូវីដ-១៩ចំនួនច្រើន គឺជាអ្នកដំណើរមកពីប្រទេស ម៉ាឡេស៊ី-ឥណ្ឌូនេស៊ី ទើបធ្វើឲ្យកម្ពុជា សម្រេចផ្អាកជើងហោះហើរមកពីប្រទេសទាំងពីរជាបណ្ដោះអាសន្ន។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ថា «ថ្មីៗនេះយើងបានឃើញចំនួនអ្នកមានមេរោគកូវីដ-១៩ ចំនួនច្រើន គឺជាអ្នកធ្វើដំណើរ តាមជើងយន្តហោះមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដូច្នេះហើយពេលនេះកម្ពុជាយើង បានសម្រេចផ្អាកជើងហោះហើរមកពីប្រទេសទាំងពីរនេះ ជាបណ្តោះអាសន្នសិន»។

សម្ដេចតេជោ អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ឲ្យសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាល នៅឡើយទេ។ 

សម្ដេចតេជោបន្ដថា អ្វីដែលពលរដ្ឋទាំងអស់គ្នាអាចធ្វើបានងាយៗគឺ ឧស្សាហ៍ដុសលាងសម្អាត ដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសឲ្យបានជាប្រចាំ។ គ្រប់ទីកន្លែងទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានដាច់ខាត។ 

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៦ កក្កដា នេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិភពលោក ក្នុង២១៦ប្រទេស គឺបានកើនឡើងដល់ ចំនួន១៥,៥៨១,០០៩នាក់ ហើយចំនួនអ្នកស្លាប់គឺកើនដល់ ចំនួន៦៣៥,១៧៣នាក់។

រីឯប្រទេសកម្ពុជាវិញអ្នកឆ្លងមេរោគកូវីដ-១៩ គឺបានកើនដល់ ចំនួន២២៥នាក់ អ្នកព្យាបាល ជាមាន ចំនួន១៤៣នាក់ ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ៨២ នាក់។ ខណៈកម្ពុជា គ្មានអ្នកស្លាប់ទេ ហើយជំងឺកូវីដ-១៩ នេះគឺមិនកើតក្នុងប្រទេសដែរ គឺឆ្លងតាមអ្នកដំណើរមកពីក្រៅប្រទេស៕

To Top