ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែល សន្យាដោះលែងអ្នកជាប់ឃុំខ្លួន ចំនួន១០០០០នាក់តាមការទាមទារបស់អង្គការលើកលែងទោស អន្ដរជាតិ និងសម្ព័ន្ធខ្មែរជំរឿន និងអង្គការការពារសិទ្ធិមនុស្ស លីកាដូនោះឡេីយ។
យោងតាមសេចក្ដីថ្លែងការណ៍រួមរបស់ អង្គការលើកលែងទោសអន្ដរជាតិ និងសម្ព័ន្ធខ្មែរជំរឿន និងអង្គការការពារសិទ្ធិមនុស្ស លីកាដូ ចេញផ្សាយនាពេលថ្មីៗនេះ បានសម្ដែងក្ដីសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជានឹងដោះលែងអ្នកជាប់ឃុំចំនួន១០០០០នាក់ ក្នុងនោះមានអ្នកដែលប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងវីរុសកូវីដ-១៩ និងអ្នកជាប់ឃុំដទៃទៀតដែល បានប្រព្រឹត្តបទល្មើសស្រាល ក៏ជាស្ដ្រីជាប់ឃុំដែលមានកូនតូចនៅជាមួយ ព្រមទាំងអ្នកជាប់ឃុំជាអនីតិ ជនផងដែរ។
ក្រុមអង្គការដដែល លើកឡើងទៀតថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសន្យាថា អ្នកជាប់ឃុំរហូតដល់១០០០០នាក់ នឹងត្រូវដោះលែងនៅទូទាំងប្រទេស ដោយលើកឡើងពីហានិភ័យនៃការឆ្លងរីករាលដាលវីរុសកូវីដ-១៩ និងការព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្សនៅក្នុងពន្ធនាគារកម្ពុជា។
ជុំវិញបញ្ហាទាំងនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានសរសេរបកស្រាយនៅលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ដោយបានណែនាំឲ្យអង្គការលើកលែងទោស អន្ដរជាតិ និងសម្ព័ន្ធខ្មែរជំរឿន និងអង្គការការពារសិទ្ធិមនុស្ស លីកាដូ ត្រួតពិនិត្យឡើងវិញនូវសុក្រឹត្យភាព និងវិជ្ជាជីវៈរបស់ខ្លួន ក្នុងការចេញសេចក្តីថ្លែងការណ៍ ដែលគ្មានមូលដ្ឋាន និងខុសពីការពិតនេះ ដោយហេតុថា៖
ទី១-រដ្ឋាភិបាលមិនដែលបានសន្យាដោះលែងអ្នកជាប់ឃុំ១០០០០នាក់ តាមការទាមទារបស់អង្គការទាំងពីរនេះទេ នាពេលកន្លងមក។
ទី២-ការយោងទៅលើប្រសាសន៍ សម្តេចក្រឡាហោម ស ខេង គឺជាការដកស្រង់ដោយខុសពីការពិត និងខ្លឹមសារដើមទាំងស្រុង ដែលអាចបង្កប់នូវចេតនាទុច្ចរិត និងនាំឱ្យសាធារណជនមានការភ័ន្តច្រឡំ។
ទី៣-យុទ្ធនាការរបស់ក្រសួងយុត្តិធម៌ មិនមែនជាយុទ្ធនាការដោះលែងអ្នកទោសតាមការទាមទានិងចង់បានរបស់អង្គការទាំងពីរនេះ ដោយគ្មានមូលដ្ឋានច្បាប់និងការគិតគូអំពីសន្តិសុខនិងសុវត្ថភាពសង្គមនោះទេ។
និងទី៤-យុទ្ធនាការរបស់ក្រសួងយុត្តិធម៌ ជាយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការ ដោយផ្អែកលើមូលដ្ឋាននិងនីតិវិធីច្បាប់ដែលមានជាធរមាន និងប្រកាន់ភ្ជាប់នូវអភិក្រមលឿន ឆាប់រហ័ស យុត្តិធម៌ ត្រឹមត្រូវ និងមិនពុករលួយ ហើយមានគោលដៅ យុទ្ធសាស្រ្ត ផែនការ និងកម្មវិធីអនុវត្តយ៉ាងច្បាស់លាស់។
សូមរំលឹកថា អ្នកជាប់ឃុំ ក្នុងពន្ធនាគារនៅកម្ពុជា បានកើនឡើងពីចំនួន ២១៩០០នាក់ នៅចុងឆ្នាំ២០១៦ ដល់ចំនួន ៣៨៩៩០នាក់ គិតត្រឹមខែមីនា ឆ្នាំ២០២០ ទោះបីជា ពន្ធនាគារនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណថា អាចផ្ទុក មនុស្សបានត្រឹមតែ ២៦៥៩៣នាក់ក៏ដោយ ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ កម្ពុជាមានអ្នកជាប់ឃុំនៅទូទាំងប្រទេស សរុបចំនួន ៣៨.៩៩០ នាក់ ដែលក្នុងនោះមានទណ្ឌិតចំនួន ១០.១២០ នាក់។ ក្នុងចំណោមអ្នកជាប់ឃុំជិត ៤ ម៉ឺននាក់នោះ មានអ្នកជាប់ឃុំពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ប្រមាណ ២២.០០០ នាក់ គឺស្មើប្រមាណ ៧៥ ភាគរយនៃចំនួនអ្នកជាប់ឃុំទាំងអស់៕
ដោយ ៖ អេង ប៊ូឆេង