ព័ត៌មានជាតិ

រដ្ឋមន្ដ្រីយុត្តិធម៌ បន្ដផ្ដាំផ្ញើ ចៅក្រម-ព្រះរាជអាជ្ញា-មន្ដ្រី តុលាការ ត្រូវ​មានឆន្ទ: ទទួលខុសត្រូវ និងមិនពុករលួយ

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្ដផ្តាំផ្ញើទៅ ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីតុលាការ ត្រូវចូលរួមប្រកបដោយឆន្ទៈទទួលខុសត្រូវ ក្នុងការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង តាមសាលាដំបូង រាជធានី-ខេត្ត ឲ្យបានម៉ឺងម៉ាត់តាមអភិក្រម «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករ លួយ»។នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងយុត្តិធម៌។

ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាពេលថ្មីៗ នេះ លោក កើត រិទ្ធ បានឲ្យដឹងថា ដើម្បីលើកកម្ពស់គុណភាពនៃការកាត់ក្តីឲ្យបានត្រឹមត្រូវ និងយុតិ្តធម៌ ក៏ដូចជាលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ឲ្យមានភាពងាយស្រួល ឆាប់រហ័ស និងស្អាតស្អំ លោក កើត រិទ្ធ បានណែនាំលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជា នៅតាមសាលាជម្រះក្តីផ្សេងទៀត នៅទូទាំងប្រទេស ដូចជា៖

ទី១-ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីធ្វើជា គោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ក៏ដូចជាក្នុងការដឹកនាំអង្គភាពសាលាជម្រះក្តី។

ទី២-ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីផ្តល់ការកាត់ក្តីមួយប្រកបដោយអនាគតិ ក្នុងការធានាឲ្យ បាននូវភាព យុតិ្តធម៌ ត្រឹមត្រូវ ជូនប្រជាពលរដ្ឋ ជាពិសេសគឺការវៀរចាកនូវអគិតធម៌ទាំង៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ ដូចដែលចៅក្រម ព្រះរាជអាជ្ញាទាំងអស់បានធ្វើសច្ចាប្រណិធាន នៅមុនពេលខ្លួនចូលកាន់តំណែង។

ទី៣-ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់ឲ្យបានម៉ឺងម៉ាត់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម និងព្រះរាជអាជ្ញា ទាំងក្នុងពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ទី៤-ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវចូលរួមប្រកបដោយឆន្ទៈ និងស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលា ដំបូងរាជធានី-ខេត្ត ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៨ ខែឧសភា ដោយអនុវត្ត ឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមអភិក្រម «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។ 

និងទី៥-ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការ និងមន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុក ដាក់ក្នុង ការបំពេញការងារ ដោយត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងកិច្ចសហប្រតិបតិ្តការ ល្អជាមួយអាជ្ញា ធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានានូវដំណើរការល្អនៃស្ថាប័នតុលាការ ក៏ដូចជាប្រសិទ្ធភាពនៃការបម្រើ សេវាយុតិ្តធម៌ឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម នឹងបន្តពង្រឹងវិធានការវិន័យ ក្រមសីលធម៌ និងភាពស្អាតស្អំរបស់អង្គចៅក្រម ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត៕

ដោយ ៖  អេង ប៊ូឆេង

To Top