ភ្នំពេញ ៖ លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្ដអំពាវនាវ ឲ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមរក្សាសន្ដិភាព និងសុវត្ថិភាពក្នុងសង្គម ព្រោះសន្ដិភាពមានសារសំខាន់ណាស់ ដើម្បីកសាង ប្រទេសជាតិ ឲ្យមានការរីកចម្រើនទៅមុខទៀត។
ក្នុងប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០របស់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួង លោក ឡាំ ជា មានប្រសាសន៍ថា «យើងត្រូវចូលរួមទាំងអស់គ្នា ថែរក្សាសន្ដិសុខ សន្ដិភាព សុវត្ថិភាពសង្គម ព្រោះថា យើងទាំងអស់គ្នាដឹងថា បើសិនជាគ្មានសន្ដិភាពទេ យើងទាំងអស់គ្នាក៏បានមិនអាចអង្គួយនៅទីបាន ក៏មិនអាចទទួលភារកិច្ច និង តំណែងដែលរាជរដ្ឋាភិបាលប្រគល់ជូនដែរ»។
លោករំលឹកថា រាជរដ្ឋាភិបាលកម្ពុជា តែតែងណែនាំឲ្យមន្ដ្រីទាំងអស់ ធ្វើយ៉ាងណាឲ្យប្រទេសជាតិ មានសុខសន្ដិភាពជាមុនសិន ទើបអាចបន្ដធ្វើកិច្ចការងារអ្វីៗបាន។ជាពិសេស ត្រូវចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។
ឆ្លៀតឱកាសនោះដែរ លោករដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លើកឡើងថា ចំពោះលទ្ធផលការងារបូកសរុបរបស់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលបានបំពេញ ការងារនាពេលកន្លងមក ជាពិសេស អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក៏ទទួលបានលទ្ធផលល្អគួរឲ្យកត់ សម្គាល់ផងដែរ។ ជាការពិតណាស់ ទោះបីជាយ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក៏នៅមានចំណុចខ្វះខាតខ្លះៗ ដែលត្រូវពង្រឹង និងប្រកាន់ភ្ជាប់ គោលដៅចំបងៗ ដែលមានកំណត់ នៅក្នុងគោលការណ៍ច្បាប់៕ ដោយ៖ អេង ប៊ូឆេង