ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន(គ ប ម) ស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ បញ្ជូនក្រុមបច្ចេកទេស ទៅវាយតម្លៃផលប៉ះពាល់ សង្គមនិងបរិស្ថាន ជាបន្ទាន់ ចំពោះការលុបបឹងទំពុនខាងជើង ។ នេះបើតាមការផ្សព្វផ្សាយ ហ្វេសប៊ុករបស់គ ប ម នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។
ការស្នើទៅសាលារាជធានីភ្នំពេញ ដើម្បីជួយការពារផលប្រយោជន៍ សាធារណៈនិងប្រជាពលរដ្ឋ រស់នៅតំបន់នេះ។
បឹងទំពុនខាងជើង មានទំហំប្រហែល ជិត៦០ហិកតា ខ័ណ្ឌដោយប្រលាយទឹកស្អុយ (ខាងលិចតូច ជាងខាងកើត)។
បច្ចុប្បន្នបឹងទំពុនខាងជើងនេះ កំពុងតែត្រូវបានវាំងរបងលុបជាបណ្តើរៗ ដោយពុំមានការបង្ហាញពីគំរោងអភិវឌ្ឍន៍ ច្បាស់លាស់ ជូនប្រជាជន ដែលរស់នៅជុំវិញ បឹងនៅឡើយទេ។ នេះបើតាម គ ប ម។
ប្រភពបន្តថា បច្ចុប្បន្នប្រជាជន រាប់រយគ្រួសារក្នុង សង្កាត់បឹងទំពុន១ និងបឹងទំពុន២ ដែលរស់នៅជុំវិញបឹង កំពុងមានការ បារម្ភជាខ្លាំង ដោយការលុបបឹងនេះ ខាងក្រុមហ៊ុន ចាក់ ដីវាំងរបងជុំវិញ ដោយមិនទាន់ឃើញមាន សាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង ដែលធ្លាប់ហូរចូលបឹងនៅឡើយ។
ប្រជាជនដែលរស់ជុំវិញបឹងបារម្ភថា ក្នុងពេលខាងនេះ ភ្លៀងធំអាចនឹងបង្អុលគ្រប់ពេល ហើយផ្ទះ ទ្រព្យសម្បត្តិរបស់ពួកគាត់នឹងត្រូវលិចលង់ និងខូចខាតក្នុងទឹកស្អុយមិនខាន។
សូមបញ្ជាក់ថា បឹងទំពុនខាងជើងនេះ ជាកន្លែងស្តុកទឹក ដ៏ធំមួយសំរាប់ដោះទឹក ពេលមានជំនន់ទឹកភ្លៀងម្តងៗ ហើយក៏ជាបឹងដែលប្រជាជន ធ្លាប់អាស្រ័យផលផងដែរ ដូចជា ដាំត្រួកួន កញ្ឆែត ជី ភ្លៅកង្កែប ៕