ព័ត៌មានជាតិ

កូរ៉េគាំទ្រកម្ពុជា ផលិតពងទា និងសាច់ទា សរីរាង្គតាមបច្ចេកទេស ពីប្រទេសខ្លួន

ភ្នំពេញ៖ លោក គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុន «ផាំងផាំង» របស់កូរ៉េខាងត្បូងជាក្រុមហ៊ុនឯកទេស កសិកម្មពហុវិស័យបានគាំទ្រ ដល់អតីតយុទ្ធជនកម្ពុជា ក្នុងការផលិតពងទា និងសាច់ទាសរីរាង្គ តាមបច្ចេកទេស មកពីកូរ៉េដែលធានា បាននូវគុណភាពត្រឹមត្រូវ ដែលប្រើប្រាស់ប្រភេទ រុក្ខជាតិមកពីកូរ៉េពិតៗ។

ក្នុងពិធីចុះកិច្ចព្រមព្រៀង លើគម្រោងលើកកម្ពស់ជីវភាព អតីតយុទ្ធជន តាមរយៈការគាំពារ និងគាំទ្រទៅ លើផលិតផលកសិកម្ម ដែលផលិតដោយអតីតយុទ្ធជន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី គន់ គីមបានថ្លែងថា “ក្រុមហ៊ុន ផាំងផាំង របស់កូរ៉េ ជាក្រុមហ៊ុនឯកទេស កសិកម្មពហុវិស័យ តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុននឹងជួយគាំទ្រដល់អតីត យុទ្ធជនក្នុងការផលិតពងទា និងសាច់ទាសរីរាង្គ តាមបច្ចេកទេសពីប្រទេសកូរ៉េ ដែលធានានូវគុណភាពត្រឹមត្រូវ ដោយការប្រើប្រាស់ប្រភេទរុក្ខជាតិ មកពីកូរ៉េជាគ្រឿងផ្សំមួយក្នុងចំណីទា” ។

លោកក៏បានកោតសរសើរ ចំពោះក្រុមហ៊ុនផាំងផាំង ដែលបានចូលរួមសម្រេចយុទ្ធសាស្រ្ត លើកកម្ពស់ជីវភាព របស់អតីតយុទ្ធជនកម្ពុជា។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យក្រមហ៊ុនបន្តសហការស្វែង រកដៃគូបន្ថែម និងពង្រីកកិច្ចការកសិកម្មផ្សេងៗទៀតលើផលិតផលពងទា និងសាច់ទាសរីរាង្គ។

លោកក៏បានជំរុញក្រុមហ៊ុន ជួយបង្រៀន និងបង្កើតជាកសិដ្ឋានកម្រិតគ្រួសារ ជូនដល់គ្រួសារអតីតយុទ្ធជន ដោយត្រូវគិតពីការដាំដុះបន្លែសរីរាង្គផងដែរ។

លើសពីនេះទៀត លោកក៏បានស្នើដល់ក្រុមហ៊ុន ឲ្យទទួលយកសមាជិកគ្រួសារអតីតយុទ្ធជន ជាកម្លាំងពលកម្មនៅកសិដ្ឋាន និងបានរៀនសូត្រ ពីបច្ចេកទេសសំខាន់ទាំងនេះ ដើម្បីអាចត្រលប់ទៅវិញពង្រីកការងារ នៅតាមមូលដ្ឋានរបស់ពួកគេរៀងៗខ្លួនផងដែរ ៕ ដោយ៖ធី លីថូ

To Top