ព័ត៌មានជាតិ

ផ្សារទំនើប AEON នឹងផ្អាកផ្គត់ផ្គង់ ក្រដាសប្រាក់ដុល្លារ អាមេរិក ប្រភេទ ១$ ២$ និង ៥$ ចាប់ពីដើមខែសីហាតទៅ

ភ្នំពេញ ៖ ផ្សារទំនើប AEON បានប្រកាសផ្អាកផ្គត់ផ្គង់ ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ចាប់ពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០២០តទៅ ប៉ុន្តែនៅបន្តទទួល ក្រដាសប្រាក់ដុល្លារ ពីអតិថិជន សម្រាប់ការជាវទំនិញ រហូតដល់មានការជូនដំណឹងជាថ្មី ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាកាលពីថ្ងៃទី២៩ខែឧសភា បានចេញមកប្រកាសថា ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតា ក្នុងប្រទេសកម្ពុជា ។

យោងតាមសេចក្ដីជូនដំណឹង របស់ផ្សារទំនើបអ៊ីអន បានឲ្យដឹងបន្តថា ផ្សារទំនើបAEON នឹងអាប់ត្រឡប់ទៅវិញ រាល់ប្រាក់អាប់ នឹងប្រើប្រាស់ប្រាក់រៀល(៛)វិញ ។
ផ្សារទំនើបអ៊ីអន ក៏បានបញ្ជាក់ថា នៅតែបន្តទទួលក្រដាសប្រាក់ដុល្លារ ពីអតិថិជនសម្រាប់ការជាវទំនិញ រហូតដល់មានការ ជូនដំណឹងជាថ្មី ។

សេចក្ដីជូនដំណឹងបញ្ជាក់ថា” ផ្សារទំនើបយើងខ្ញុំ នៅតែន្តទទួលក្រដាសប្រាក់ដុល្លារ ពីអតិថិជនសម្រាប់ការជាវទំនិញ រហូតដល់មានការជូនដំណឹងជាថ្មី”។

ពាក់ព័ន្ធបញ្ហានេះ លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេស នៃធនាគារជាតិ បានលើកឡើងថា ចំពោះការប្រកាស របស់ផ្សារទំនើបអ៊ីអន គាត់នៅតែទទួលក្រដាសប្រាក់ ដុល្លារអាមេរិកប្រភេទតូច ប៉ុន្តែប្រសិនបើគាត់មិនមានក្រដាសដុល្លារទាំងនេះ សម្រាប់អាប់ក៏យើងមិនអាចបង្ខំ គាត់អោយអាប់នូវក្រដាសទាំងនោះបានដែរ ។ សំខាន់ គាត់អាចអាប់ក្រដាសប្រាក់ណា ដែលគាត់មាន ។ យើងទាំងអស់គ្នា គួរបន្តគាំទ្រការប្រើប្រាស់រៀល ឱ្យបានទូលំទូលាយ” ។

សូមបញ្ជាក់ថា នៅក្នុងមាត្រា៦៤ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃធនាគារជាតិ នៃកម្ពុជា ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ចែងថា “ជនណាពុំព្រមទូទាត់រូបិយវត្ថុ ដែលមានតម្លៃនិត្យានុកូល និងមានតេជានុភាពធ្វើសេរីកា លើដែនដី នៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ ដង នៃទឹកប្រាក់ដែលពុំទូទាត់នោះ ។”

ជាទូទៅជប៉ុន គាត់តែងតែគាំទ្រប្រាក់រៀល តាមរយៈ ការជួយសិក្សាស្រាវជ្រាវពីការប្រើប្រាស់ ប្រាក់រៀលនៅកម្ពុជា តាមរយៈ JICA ការទទួលយកតែប្រាក់រៀល សម្រាប់ទូទាត់ ទិដ្ឋាការ នៅស្ថានទូតជប៉ុន ការចេញមុនគេ ឧបករណ៍ទូទាត់ តែប្រាក់រៀលតែ១គត់ របស់ធនាគារឯកទេស Aeon និងសូម្បីតែការដាក់តម្លៃ ជាប្រាក់រៀលក្នុងផ្សារទំនើបមុនគេ ក្នុងចំណោមផ្សារទំនើប ទាំងអស់នៅកម្ពុជា ៕

To Top