បច្ចុប្បន្នភាព
លោក រ៉ាច់ណាត ស៊ីង (Rajnath Sing) រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសឥណ្ឌា បានឆក់យកឱកាសនៃការទទួលបាន យន្តហោះចម្បាំងប្រភេទ រ៉ាហ្វាល់ (Rafale) ចំនួន៥គ្រឿងពីប្រទេសបារាំង កាលពីថ្ងៃពុធ ទី២៩ ខែកក្កដានេះ និយាយឌឺដងពាក្យសម្តីបង្កប់ដោយការ ព្រមានប្រទេសចិន និងប៉ាគិស្ថាន ពាក់ព័ន្ធជម្លោះនៅតាម ព្រំដែន ។
លោក រ៉ាច់ណាត ស៊ីង បាននិយាយថា ការមកដល់នៃយន្តហោះចម្បាំង រ៉ាហ្វាល់ ៥គ្រឿងពីប្រទេសបារាំងនេះ គឺជាការដៅចំណុចផ្តើមនៃយុគសម័យថ្មីមួយនៅ ក្នុងប្រវត្តិសាស្ត្រយោធារបស់ប្រទេសឥណ្ឌា ហើយយន្ដហោះចម្បាំងនេះនឹងធ្វើឲ្យកងទ័ព អាកាសឥណ្ឌាកាន់តែខ្លាំងរឹងមាំដើម្បីទប់ទល់ទៅ នឹងការគំរាមកំហែងណាមួយមកលើប្រទេសឥណ្ឌា ។
ក្នុងសេចក្តីថ្លែងការណ៍ស្វាគមន៍យន្តហោះចម្បាំងថ្មីនោះ លោក រ៉ាច់ណាត ស៊ីង មិនបានលើកឈ្មោះអោយចំលើប្រទេសណានោះទេ ប៉ុន្តែគេអាចយល់បានថា រដ្ឋមន្ត្រីការពារជាតិរូបនេះ ទំនឹងជានិយាយឌឺដងលាយឡំនឹងពាក្យព្រមានដល់ប្រទេសចិន និងប៉ាគិស្ថាន ដែលមានជម្លោះតាមព្រំដែនជា មួយឥណ្ឌានាពេលថ្មីៗកន្លងមកនេះ ។
សូមបញ្ជាក់ជូនថា យន្តហោះចម្បាំងប្រភេទ Rafale ចំនួន៥គ្រឿង ក្នុងចំណោមយន្តហោះចម្បាំងសរុបចំនួន៣៦គ្រឿង ដែលប្រទេសឥណ្ឌាបានចុះកិច្ចព្រមព្រៀងទិញពីប្រទេសបារាំង បានចុះចតដោយសុវត្ថិភាព នៅមូលដ្ឋានទ័ពអាកាស Ambala របស់ប្រទេសឥណ្ឌា កាលពីថ្ងៃពុធ ទី២៩ ខែកក្កដានេះ ។
លោក រ៉ាច់ណាត ស៊ីង បានបញ្ជាក់ថា បារាំងនឹងប្រគល់យន្តហោះចម្បាំង Rafale សរុបចំនួន៣៦គ្រឿងអោយប្រទេសឥណ្ឌាជាបន្តបន្ទាប់រហូតដល់ដល់អស់នៅឆ្នាំ២០២២ ខាងមុខ ទៅតាមកិច្ចព្រមព្រៀងទិញលក់ដែល មេដឹកនាំរបស់ប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ២០១៦កន្លងទៅ ។
រដ្ឋមន្ត្រីការពារជាតិឥណ្ឌាដដែលបានបន្តថា ឥណ្ឌាបានចុះកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងសរុបចំនួន ៣៦គ្រឿង ពីបារាំងក្នុងតម្លៃទឹកប្រាក់ ៩.៤ពាន់លានដុល្លារអាមេរិក ក្នុងគោលដៅ ពង្រឹងសមត្ថភាព កងកម្លាំងទ័ពអាកាសរបស់ខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែងពីប្រទេសនានា នៅជុំវិញពិភពលោក ជាពិសេសគឺប្រទេសជិតខាង ៕
មន្ត្រីការពារជាតិឥណ្ឌា បានទទួលស្គាល់ថា ខ្លួនពិតជានៅពីក្រោយប្រទេសចិននិងប្រទេសខ្លះៗទៀតទាំងក្រៅ និងក្នុងតំបន់ផ្នែកយោធា និងគ្រឿងយុទ្ធោបករណ៍ ហើយការទិញយន្ដហោះចម្បាំងរ៉ាហ្វាល់ ពីប្រទេសបារាំង គឺជាផ្នែកមួយនៃគោលនយោបាយបង្កើនសមត្ថភាពកងទ័ពឥណ្ឌា ដែលបច្ចុប្បន្នមានចំនួនប្រមាណ ១លាន ៤ សែននាក់ ។
ប្រទេសឥណ្ឌា ពិតជាមានបំណងចង់ធ្វើទំនើបកម្មយន្តហោះចម្បាំងចាស់ៗរបស់ខ្លួនអោយមានសមត្ថភាពខ្ពស់ថែមទៀតដោយបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ពីព្រោះតែមានភាពតានតឹងជាមួយប្រទេសជិតខាងដែលសុទ្ធសឹងតែជាប្រទេសមហាអំណាចនុយក្លេអ៊ែរដូចគ្នា ដូចជាប្រទេសចិននិងប៉ាគីស្ថាន ។
លោក សាមេអេ ប៉ាទីល (Sameer Patil) អ្នកជំនាញសិក្សាអំពីសន្តិសុខអន្តរជាតិរបស់ឥណ្ឌាបាននិយាយថា យន្ដហោះចម្បាំងគឺជាសព្វាវុធដ៏ចាំបាច់បំផុតមួយរបស់ឥណ្ឌា សម្រាប់បង្កើនសមត្ថភាពយោធា ដោយសារយន្តហោះចម្បាំងទាំងនោះនឹងអាចជួយឥណ្ឌាក្នុងការប្រឈមទៅនឹងការ គំរាមកំហែងរបស់ចិនដែលកំពុងបន្តកើនឡើង ។
ក្នុងកិច្ចសន្យាទិញយន្តហោះចម្បាំង រ៉ាហ្វាល (Rafale) ពីប្រទេសបារាំងនេះ គឺរដ្ឋាភិបា លឥណ្ឌាបានសម្រេចអោយក្រុមហ៊ុន រ៉ាឡាយអិន ដែលជាក្រុមហ៊ុនឯកជនថ្មី និងគ្មានបទពិសោធន៍ក្នុងវិស័យឧស្សាហកម្មយន្តហោះ ឲ្យវិនិយោគជាមួយក្រុមហ៊ុនបារាំង ។
ជាការឆ្លើយតបទៅនឹងការទាមទាររបស់គណបក្សប្រឆាំង លោក ណារិនដ្រា ម៉ូឌី បានប្តេជ្ញាគោរពកិច្ចសន្យាទិញយន្តហោះចម្បាំង រ៉ាហ្វាល ពីប្រទេសបារាំង ទៅតាមកិច្ចសន្យាទិញលក់ រវាងភាគីឥណ្ឌា បារាំង កាលពីឆ្នាំ២០១៦កន្លងទៅ ។
លោក ម៉ូឌី បានបញ្ជាក់ថា ក្នុងកិច្ចសន្យានេះ គឺតម្រូវឱ្យគ្រប់ក្រុមហ៊ុនបរទេស ដែលចុះកិច្ចសន្យាលើវិស័យការពារជាតិជាមួយឥណ្ឌា ត្រូវធ្វើវិនិយោគជាមួយឥណ្ឌាក្នុងទំហំទឹកប្រាក់យ៉ាង ហោចណាស់៣០ភាគរយនៃតម្លៃកិច្ចសន្យាសរុប ។
ឥណ្ឌាត្រូវតែរក្សា និងគោរពតាមអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀងទិញយន្តហោះចម្បាង រ៉ាហ្វាល់ពីបារាំង ហើយយន្តហោះចម្បាំងដំបូង ដែលបារាំងនឹងដឹកមកប្រគល់មកឱ្យឥណ្ឌា គឺចាប់ពីដើមឆ្នាំ២០១៩ទៅ ។
ការទិញយន្តហោះចម្បាំង រ៉ាហ្វាល់ ពីបារាំងនេះ នឹងអាចពង្រីកសមត្ថភាពប្រតិបត្តិការយោធាផ្លូវអាកាសរបស់ឥណ្ឌាអោយប្រសើរឡើង ដែលនេះជាប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងហរិញ្ញវត្ថុឥណ្ឌា ដែលបានលើកឡើងសំដៅគាំទ្រប្រមុខដឹកនាំរដ្ឋាភិបាល ។
ប្រមុខដឹកនាំរដ្ឋាភិបាលឥណ្ឌាមុនៗ បានចំណាយពេលអស់ជាច្រើនឆ្នាំ ក្នុងការចរចាស្វែងរកទិញយន្តហោះចម្បាំងជាង ១០០គ្រឿងពីបរទេស ដើមយកទៅធ្វើទំនើបកម្មលើវិស័យការពារជាតិរបស់ខ្លួនអោយបានប្រសើរឡើង ប៉ុន្តែមិនអាចធ្វើបាន ។
គ្រាន់តែ លោក ណារិនដ្រា ម៉ូឌី បានឡើងកាន់អំណាច លោកបានសម្រេចកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង រ៉ាហ្វាល់ ពីបារាំងចំនួន៣៦គ្រឿង ក្នុងតម្លៃទឹកប្រាក់៨.៧ពាន់លានដុល្លារអាមេរិក ជាថ្នូរនឹងការនាំទឹកប្រាក់៤ពាន់លានដុល្លារទៅវិនិយោគនៅឥណ្ឌាវិញ ។
សូមបញ្ជាក់ជូនថា យន្តហោះចម្បាំង រ៉ាហ្វាល់ មួយគ្រឿង អាចលក់តម្លៃជាង ២ពាន់លានដុល្លារអាមេរិក ហើយប្រទេសម៉ាឡេស៊ី ក៏កំពុងចង់ទិញយន្តហោះចម្បាំង១៨គ្រឿង ទៅប្រើ ដើម្បីជំនួសយន្តហោះចម្បាំងរុស្ស៊ី ចាស់ៗ ប្រភេទMig-29 ។
កាលពីឆ្នាំ២០១៥កន្លងទៅ ប្រទេសបារាំង ក៏បានត្រូវប៉ាន់ខ្លាំងណាស់ដែរពីការលក់យន្តហោះចម្បាំង រ៉ាហ្វាល់ (Rafale) ទៅអោយប្រទេសនានានៅតំបន់ អាស៊ីនិងតំបន់ផ្សេងទៀតនៅជុំវិញពិភពលោក ។
ប្រទេសកាតា បានចុះកិច្ចព្រមព្រៀងទិញយន្តហោះ រ៉ាហ្វាល់ ពីបារាំងចំនួន១១គ្រឿង, ប្រទេសអេហ្ស៊ីបទិញយន្តហោះប្រភេទនេះចំនួន ២៤គ្រឿង និងប្រទេសអារ៉ាប់រួម ក៏បានចុះកិច្ចសន្យាទិញយន្តហោះចម្បាំង រ៉ាហ្វាល់ ពីបារាំងចំនួន៦០គ្រឿងផងដែរ ៕ អ៊ី ជិន