ភ្នំពេញ៖ កម្ពុជា នាំចេញអង្ករដែលបានឆ្លងកាត់ ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២០ សម្រេចបាន ៤២៦.០៧៣ តោន កើនឡើងប្រមាណ ១១៨.០៦០តោន ស្មើនឹង ៣៨,៣៣% ដែលធៀបទៅនឹងរយៈ ៧ខែដើមឆ្នាំ២០១៩ មានចំនួន ៣០៨ ០១៣ តោន ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃ៣១ កក្កដា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ដោយឡែក សម្រាប់ខែកក្កដា ឆ្នាំ២០២០ នេះ សម្រេចការនាំចេញអង្ករបាន ចំនួន ២៨ ៤១៣ តោន កើនឡើងចំនួន ១ ៩៣៨ តោន ស្មើនឹង ៧,៣២% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៨ ៥២៣ តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៩ ២០៨ តោន, អង្ករចំហ៊ុយមានចំនួន ៦៨២ តោន និងអង្ករក្រហមមានចំនួន ២៨,៤១ តោន ។
លោកបន្តថា ប្រទេសដែលបានបញ្ជាទិញអង្ករ ពីកម្ពុជាក្នុងរយៈពេល ៧ខែនេះ មានចំនួន ៥៧ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៦ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៧០ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។
លោកបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៧ខែដើមឆ្នាំដូចគ្នា ប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់ គោលដៅនាំចេញទាំងអស់៖ សហភាពអ៊ឺរ៉ុបកើនចំនួន ៣៧,៧០%, ប្រទេសចិនកើនចំនួន ២៥,៩១%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៤,០៣%, និងគោលដៅដ៏ទៃទៀត បានកើនឡើងចំនួន ៧២,៤០% ។
លោកបន្ថែមថា ដោយឡែកការនាំចេញស្រូវ នៅតាមច្រកតាមបណ្តាខេត្ត ជាប់ព្រំដែននៃប្រទេសវៀតណាម ក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២០ មានចំនួនជាង ១,១១៥ លានតោន ៕





